© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបង្កើតនូវភាពសប្បាយរីករាយជួបជុំគ្នា នៅក្នុងកម្មវិធីសប្បុរសធម៌នៅឯមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដែលស្ថិតនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងពិសេសពីថ្នាក់ដឹកនាំ និងក្រុមកាងារស្ថានីយទូរទស្សន៍ភីអិនអិន រួមទាំងអ្នកនិពន្ធជើងចាស់ និងជាផលិតករ អ្នកស្រី ពាន់ ភួងបុប្ផា រួមទាំងតារាៗកិត្តិយសដែលជាតួអង្គសម្តែងផ្ទាល់នៅក្នុងរឿង តួគេ ខ្ញុំសម្តែង ដូចជា កញ្ញា មុនី វិជ្ជរា តួព្រះនាង លំអងច័ន្ទ លោក អេតវីន តួព្រះអង្គម្ចាស់ ហង្សា និងមនោ កញ្ញា ខឹម ឈុនសុធារ៉ា តួព្រះនាងលក្ខលិតា កញ្ញា កែវ សុផានិត តួនាងសារុំា និងតួអង្គផ្សេងទៀត។
ទស្សនិកជនដែលធ្លាប់តែទស្សនាសាច់រឿងនេះ ក៏បានដឹងដែរថា អ្នកនិពន្ធបានបញ្ចូលឈុតឆាកសម្តែងជាកម្មវិធីសប្បុរសធម៌ ប៉ុន្តែនេះមិនមែនជាការសម្តែងនោះទេ ផ្ទុយទៅវិញ គឺធ្វើឡើងដោយពិតៗ ដែលមើលទៅហាក់ដូចជានៅក្នុងសាច់រឿងយ៉ាងដូច្នោះដែរ។ ទន្ទឹមនឹងការបង្កើតឱ្យមានទិដ្ឋភាពដ៏ស្រស់ស្រាយនេះឡើង ក៏មានការនាំយកអំណោយមួយចំនួន ដូចជា យានជំនិះមួយគ្រឿង( រ៉ឺម៉ក់កង់បី ឬហៅថា តុក តុក) សៀវភៅ ប៊ិច សម្ភារៈប្រើប្រាស់ របស់របរផ្សេងទៀតជូនទៅដល់ប្អូនៗដែលជាកុមារកំព្រា និងកុមារពិការតូចៗ ការលេងហ្គេមសប្បាយៗ ការថតរូបជុំគ្នា និងជាពិសេសក៏មានការញ៉ុំាអាហារសាមគ្គី ដែលរឹតតែបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចចបាន និងការផ្តល់ភាពកក់ក្តៅជាមួយប្អូនៗរវាងស្ថានីយទូរទស្សន៍ភីអិនអិន ផលិតករ និងតារាសម្តែងក្នុងរឿងភាគខ្មែរ « តួគេខ្ញុំសម្តែង »។
សូមបញ្ជាក់ដែរថារឿង « តួគេខ្ញុំសម្តែង » កំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង ៧:៣០នាទីយប់ រៀងរាល់ថ្ងៃចន្ទ ពុធ៕
ដោយ៖