© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មានបេក្ខភាពប្អូនៗ កុមារជាច្រើនរូប ដែលបានចូលរួមប្រកួតប្រជែងបង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួននៅក្នុងកម្មវិធីកម្សាន្តរបស់ ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន មួយឈ្មោះថា « តូច ខ្លឹម ខ្លាំង »។ ជាច្រើនសប្តាហ៍កន្លងមក កម្មវិធីក៏បានស្វែងរកឃើញអ្នកជាប់ជ័យលាភីជាច្រើនបន្តបន្ទាប់ ដែលសុទ្ធសឹងតែជាជម្រើសកុមារឆ្លាតៗនិងពូកែ។ មិនថា តែជាទេពកោសល្យដែលមានតាំងពីកំណើតនោះទេ លើសពីនេះក៏នៅមានប្អូនៗ មួយចំនួនយកចំណេះដឹងដែលបានរៀនសូត្រពីសាលារៀន មកចែករំលែក និងបង្ហាញទៅដល់ទស្សនិកជនថែមទៀតផងទៅតាមសមត្ថភាពរៀងៗខ្លួន។
ទន្ទឹមនឹងនេះដែរ ក៏មានការភ្ញាក់ផ្អើលជាខ្លាំង ដែលកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះ រកឃើញប្អូនជ័យលាភីដ៏ឆ្នើមមួយរូបទៀតហើយ ដែលអាចដោះស្រាយចំណោទបញ្ហាលើមុខវិជ្ជាគណិតវិទ្យាបានយ៉ាងល្អ ដោយប្អូនមានសមត្ថភាពខួរក្បាលពិសេសមួយ គឺគិតលេខបានរហ័ស។ ទើបប្អូនប្រុស បាន វរ:ជ័យ ត្រូវបានក្លាយជាទីចាប់អារម្មណ៍ និងទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន រួមទាំងគណៈកម្មការក្នុងកម្មវិធីនេះផ្ទាល់តែម្តង ដែលបានឃើញពិតៗ ពីការបង្ហាញសមត្ថភាពគិតលេខយ៉ាងអស្ចារ្យរបស់ប្អូន។ កុមារា អច្ឆរិយៈខួរក្បាលរហ័សមួយរូបនេះ បានគណនាលេខ មានទាំងប្រមាណវិធីបូក ដក គុណជាដើម ហើយច្រើនលេខទៀតផងដោយប្រើខួរក្បាលគិតក្នុងនាទីដ៏ខ្លី។ អ្វីដែលកាន់តែនឹកស្មានមិនដល់ទៀតនោះ ចម្លើយដែលចេញមកគឺត្រឹមត្រូវ រហ័ស ហើយសូម្បីតែគណៈកម្មការគណនាជាមួយម៉ាស៊ីនគិតលេខក៏មិនទាន់ប្អូនប្រុសម្នាក់នេះគិតដែរ។ សមត្ថភាពដ៏កម្រនេះ បានធ្វើឱ្យគណៈកម្មការសម្រេចទទួលយកប្អូន ក្នុងការជាប់ជ័យលាភីមួយរយភាគរយ ឱ្យសាកសមនឹងពាក្យថា តូច ខ្លឹម ខ្លាំង ។
ជាមួយគ្នានេះដែរ បន្ទាប់ពីបានទស្សនាច្បាស់ពីសមត្ថភាព ខួរក្បាលដ៏ពិសេសរបស់ប្អូនប្រុស វរៈជ័យ រួចមក ពីកម្មវិធីបានផ្តល់ជាពាន់រង្វាន់ និងកាដូមួយចំនួនរួមមានដូចជាទឹកដោះគោ ឆុកឆៃហ្វាម ដល់ប្អូនប្រុស ដើម្បីអបអរនិងលើកទឹកចិត្តចំពោះការប្រឹងប្រែងរៀនសូត្រពីសាលា រហូតអាចអភិវឌ្ឍន៍ខួរក្បាលបានយ៉ាងល្អបែបនេះ។ យ៉ាងណាមិញ ក៏នៅមានវត្តមានកុមារជាច្រើននាក់ទៀត ដែលត្រៀមខ្លួនចូលមកបង្ហាញពីទេពកោសល្យ ចំណេះដឹងរបស់ខ្លួនទៅដល់ទស្សនិកជនបានទស្សនាបន្តទៀត។ កម្មវិធី នេះដែរ ក៏មានការផ្សាយជូនរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ០៧ យប់ មានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖