© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងប្រុស មន្តស្នេហ៍វ័យក្មេង ប្រឡែងខ្លួនចូលក្នុងវិស័យសិល្បៈភាពយន្តបានជាច្រើនរឿង លោក អេតវីន នៅរយៈពេលប៉ុន្មានឆ្នាំនេះលោកទទួលបានប្រជាប្រិយភាពទាំងការសម្តែងក្នុងសាច់រឿង ក៏ដូចជាពិធីករកម្សាន្តនានាផងដែរ។ ទន្ទឹមនឹងនេះដែរ សម្រាប់ការមកដល់នៃខ្សែភាពយន្តភាគខ្មែររបស់ភីអិនអិនសម្រាប់ឆ្នាំ ២០១៩នេះ លោកត្រូវបានផលិតករភាពយន្តជ្រើសរើសឱ្យដើរជាតួឯកប្រុសក្នុង រឿងភាគថ្មីមួយរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នោះគឺរឿង« តួគេ ខ្ញុំសម្តែង»។
អេតវីន និងព្រះនាងម្ចាស់ លំអងច័ន្ទ
អេតវីន ( សម្តែងជាតួអង្គល្ខោន ក្នុងរឿងស័ង្ខសិល្ប៍ជ័យ )
ជាមនុស្សតែម្នាក់ ប៉ុន្តែត្រូវដើរជាតួអង្គពីរផ្សេងគ្នា ដែលតម្រូវឱ្យលោកបត់បែនទៅតាមចរិតតួអង្គ និងសាច់រឿងទាំងអស់នោះ ប៉ុន្តែទោះបីជាយ៉ាងណា លោកនៅតែអាចសម្តែងបានយ៉ាងល្អ និងមិនតែប៉ុណ្ណោះគឺលោកមានទេព្យកោសល្យខ្ពស់ ក្នុងការបន្ថែមនូវពាក្យពេចន៌កំប្លុកកំប្លែង រួមនឹងកាយវិការដ៏គួរឱ្យស្រឡាញ់ថែមទៀតផង។ ទន្ទឹមនឹងគ្នានេះដែរ តួឯកប្រុសរូបនេះ អាចសម្តែងក្នុងឈុតឆាកសិល្បៈល្ខោនខ្មែរ បានទាំងទម្រង់ល្ខោនបាសាក់និងយីកេ មិនចាញ់អ្នកអាជីពប៉ុន្មានទេ ដោយក្នុងនោះមានការបញ្ចេញនូវពាក្យពេចន៌ ពំនោលឃ្លោងឃ្លា យ៉ាងណែងណងទៀតផង។ ជាមួយគ្នានេះដែរ មានអ្នកគាំទ្រជាច្រើននាក់ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញអេតវីន ដែលធ្លាប់តែសម្តែងក្នុងឈុតសម័យ ហើយបែរជាមកគ្រងឈុតបុរាណ ក្បូរក្បាច់រចនា និងថែមទាំងបង្ហាញមកជាមួយនឹងកាយវិការរស់រវើកថែមទៀតផង។ ដោយឡែក ចំពោះតួអង្គមួយទៀតនោះ គឺលោកត្រូវផ្លាស់ប្តូរចិរត ទាំងពាក្យសម្តី ទាំងសម្លៀកបំពាក់ពីតួអង្គក្មេងប្រុសកំលោះ មកជាតួព្រះអង្គម្ចាស់យ៉ាងសង្ហាវិញ ដោយមានអង្គរក្សឆ្វេងស្តាំនៅចាំបម្រើ។ សម្រាប់តួអង្គជាខ្សែរាជវង្សនេះដែរ លោកក៏បានបញ្ចាក់ផងដែរថា វាមានការពិបាកបន្តិច ដោយត្រូវរៀននិយាយពាក្យរាជស័ព្ទឱ្យបានល្អ និងមិនតែប៉ុណ្ណោះត្រូវសម្តែងឱ្យឃើញចេញមក ជាមនុស្សកាច ម៉ត់ចត់នឹងការងារ និងឆ្លាតវាងវៃ សាកសមជាខ្សែលោហិតនៃរាជវង្ស។
អេតវីន និងតារាសម្តែងផ្សេងទៀត
អេតវីន និងតួព្រះនាងម្ចាស់
ក្នុងនោះ ក៏មានការទន្ទឹងរង់ចាំពីសំណាក់ទស្សនិកជន ជាច្រើនអំពីសាច់រឿងក្នុងភាពយន្តខ្មែរនេះ ដោយចង់ដឹងថា តើនៅក្នុងឈុតឆាកនៃរឿង មានលក្ខណៈល្អមើលយ៉ាងណា? ហើយថាតើហេតុអ្វីបានជាអ្នកនិពន្ធចងក្រងសាច់រឿងនេះ តម្រូវឱ្យតួអង្គព្រះអង្គម្ចាស់និងអ្នកកំលោះសាមញ្ញម្នាក់នោះ មានមុខមាត់ដូចគ្នានឹងមនុស្សតែមួយ ឬមកពីពួកគេមានអ្វី ដែលជាប់ទាក់ទងនឹងគ្នា?? ដូចនេះ មានតែរង់ចាំទស្សនាការចាក់ផ្សាយរបស់ ភីអិនអិន ដែលនឹងនាំយកមកបម្រើចំណីចក្ខុ ក៏ដូជាកាដូចុងឆ្នាំក្នុងពេលឆាប់ៗនេះ៕
សូមទស្សនាខ្លីប
ដោយ៖