ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

«ឈុតនេះខ្ញុំដក់ជាប់ក្នុងចិត្ត ជាពិសេសបានឃើញតួស្រីនៅទីនោះតែម្តង» អារម្មណ៍ពិតពីខាត់ វ៉ៃហាំងក្នុងរឿង​និស្ស័យស្នេហ៍នាងមនោរាហ៍

០៦ កញ្ញា ២០១៩

តារាសម្តែងប្រុស ដែលទទួលបានប្រជាប្រិយភាព​លើស្រទាប់យុវវ័យនិងភាគច្រើន គេឃើញលោកត្រូវបានផលិតកររឿង​តម្រូវឱ្យចាប់ដៃគូជាមួយកញ្ញា ស៊ីន យូប៊ីន នោះគឺលោក ខាត់ វ៉ៃហាំង ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វ៉ៃហាំង ហាក់ស្ទុះឡើងកូដខ្លាំងបន្ទាប់ពីបានប្រឡូក​ ចូលក្នុងវិស័យខ្សែភាពយន្តកន្លងមក។ ទន្ទឹមនឹងនេះដែរ លោកក៏បានគ្រងតំណែងជាតួឯកប្រុស ក្នុងរឿងភាគបុរាណខ្មែរមួយ​ ដែលកំពុងតែធ្វើការចាក់ផ្សាយ​នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននោះគឺរឿង​ និស្ស័យស្នេហ៍នាងមនោរាហ៍ ។ ជំនួបសម្ភាសន៍ផ្ទាល់ទាក់ទង​នឹងចំណាប់អារម្មណ៍មួយចំនួន​ក្នុងការសម្តែងនៅក្នុងរឿងបុរាណដ៏ល្អមើលមួយនេះ តារាប្រុសវ័យក្មេង សម្បុរសវ៉ៃហាំង ហាក់បញ្ចេញនូវភាពរំភើប​រីករាយយ៉ាងពន់ពេក ។ ក្នុងនោះ លោកបានបញ្ជាក់ប្រាប់ថា នេះជារឿងទីមួយ​ហើយដែលខ្លួនបានស្លៀក​នូវសម្លៀកបំពាក់បែបប្រពៃណីបុរាណរបស់ខ្មែរ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលពីមុនលោកពុំធ្លាប់បាន​សម្តែងក្នុងខ្សែភាពយន្តបុរាណណាឡើយ។
លោកវ៉ៃ ហាំង ជាមេទ័ព
លោកវ៉ៃ ហាំង ( មេទ័ព) និងកញ្ញា យូ ប៊ីន ( នាងមនោរាហ៍) 
ជាក់ស្តែង ដូចជារូបលោកផ្ទាល់​ដែលជាតួអង្គឯកប្រុស ជាមេទ័ពខ្លាំងពូកែម្នាក់ក្នុងរឿង បានដាក់ចិត្តដាក់កាយបញ្ចូលអារម្មណ៍​ទៅក្នុងសាច់រឿងឱ្យដូចជាពិតដូច្នោះដែរ។ ជាមួយនឹងឈុតមេទ័ព​សម័យបុរាណដ៏អង់អាចក្លាហាននេះ ធ្វើឱ្យអារម្មណ៍របស់ វ៉ៃហាំង នៅដិតជាប់ក្នុងចិត្តចងចាំមិនភ្លេចឡើយ  ជាពិសេសឈុតមួយ​ដែលថតនៅប្រាសាទបុរាណមួយ មានទីតាំងស្ថិតក្នុងទឹកដីខេត្តតាកែវ ។ នោះក៏ជាឈុតបង្ហាញពីការ​ប្រារព្ធពិធីបុណ្យក្នុងភូមិមួយ ដែលមានការជួបជុំ​ពីមនុស្សមកពីគ្រប់ទិសទី ហើយមានការបង្ហាញជាមួយ​នឹងរបាំប្រពៃណីជាច្រើនទម្រង់ផងដែរ។ ជាមួយនឹងទឹកមុខញញឹមតិចៗ បែបមានមន្តស្នេហ៍ វ៉ៃហាំង បានរៀបរាប់ថា  « ពេលហ្នឹង ខ្ញុំដើរមើលគេ ព្រោះយើងជាមេទ័ពយើងដើរមើលគេអញ្ចឹង មានអារម្មណ៍ថា សប្បាយចិត្ត សិល្បៈករ សិល្បៈការនី តែងខ្លួនជាអ្នករបាំ ទៅតាមប្រភេទនីមួយៗ ខុសប្លែកពីគ្នា ដូចនេះ វាស្រស់ស្អាតខ្លាំង ហើយក៏ដក់ជាប់អារម្មណ៍ខ្លាំងដូចគ្នា ជាពិសេសបានឃើញតួឯកស្រីនៅទីនោះតែម្តង » ។ ជាមួយគ្នានឹងការបង្ហាញ​ពីឈុតដែលខ្លួនលង់ចិត្តដកមិនរួចនោះ តួឯកប្រុសមេទ័ពម្នាក់នេះ បានបង្ហើបឈុតដែលពិបាកថតជាងគេ​ក្នុងចំណោមឈុតទាំងអស់ក្នុងរឿងនេះ តួយ៉ាងដូចជាឈុតធ្វើសង្គ្រាម ដែលតម្រូវឱ្យមានមនុស្សច្រើន ហើយអ្វីដែលប្រឈមមុខខ្លាំង គឺអាកាសធាតុក្តៅ ហើយមានពេលខ្លះ​ប៉ះពាល់ទៅដល់ស្បែកក៏មាន។ 
កញ្ញា យូប៊ីន ( នាងមនោរាហ៍ ក្នុងឈុតរបាំអប្សារា) 
លោក វ៉ៃ ហាំង ( មេទ័ព) 
ទោះជាយ៉ាងនេះក្តី លោកបានបន្តថា យើងទទួលបានជោគជ័យ​ក្នុងការថតឈុតដ៏លំបាកមួយនេះ ក្រោមទឹកមុខដ៏រីករាយពីក្រុមការងារទាំងអស់គ្នា។ យ៉ាងណាមិញ ដើម្បីឱ្យដឹងកាន់តែច្បាស់ទៀតថា តើការសម្តែងរបស់តារាប្រុស តួឯកមេទ័ពរូបសង្ហានៅក្នុងរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ មានលក្ខណៈដូចម្តេចនឹងល្អមើលយ៉ាងណានោះ សូមទស្សនិកជនរង់ចាំតាមដានទស្សនាចាប់ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសុក្រ  វេលាម៉ោង ០៨ យប់ ដល់ម៉ោង ០៩យប់ និងមានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍​ភីអិនអិន៕ 
សូមទស្សនាវីដេអូខាងក្រោម៖ 

Copyright © 2017 PNN TV. All Rights Reserved.