ថ្ងៃព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩

រឿងភាគថៃ៖ ដងស្ទឹងស្នេហា

១៦ សីហា ២០១៩

នៅក្នុងគ្រួសារមួយ ដែលកំពុងតែមានសុភមង្គល​ពោរពេញដោយក្តីស្រឡាញ់ជួបជុំគ្នា មានលោកប៉ា អ្នកម៉ាក់ និងកូនប្រុសដ៏ល្អ ស្រាប់តែមកត្រូវជួបរឿងអកុសលមួយ​ប៉ព្រិចភ្នែកទៅវិញ ដូចពាក្យចាស់ពោលថា មានជួប មានបែក ស្រឡាញ់ខ្លាំងពេក ព្រាត់ទៅវិញក៏លឿន។ ព្រឹក បានបាត់បង់ឪពុកដោយសារ​ជួបគ្រោះថ្នាក់ចរាចរណ៍ ចំណែកឯម្តាយរបស់គេធ្លាក់ខ្លួនឈឺ ដោយមានជំងឺ​ដាច់សរសៃឈាមក្នុងខួរក្បាល។ ស្នាមញញឹម បានប្រែក្លាយជាតំណក់ទឹកភ្នែក ធ្លាក់មកលើកូនប្រុស​តែម្នាក់ដែលត្រូវរែកពន់ និងទទួលខុសត្រូវ​ក្នុងនាមជាកូនកតញ្ញូ។ 


ជាមួយនឹងតួនាទីជាសាស្ត្រាចារ្យ ព្រឹកតែងតែបែកចែក​ពេលវេលាទៅបង្រៀនផង និងមើលថែអ្នកម្តាយនៅឯផ្ទះផង។ តាំងពីបាត់បង់ឪពុកមក ហើយម្តាយក៏ឈឺទៀតនោះ ព្រឹកហាក់បីដូចជារស់នៅ​តែក្នុងភាពឯកោ ហើយសូម្បីតែសង្សាររបស់ខ្លួន​ក៏មិនអើពើនឹងសុខទុក្ខលំបាករបស់ព្រឹកដែរ។ ដើម្បីបន្ធូររាល់អារម្មណ៍តានតឹងរបស់គេ ព្រឹកបានទៅរំលឹកអនុស្សាវរីយ៍របស់លោកប៉ា អ្នកម៉ាក់នៅឯមាត់សមុទ្រ ហើយជួនជាពេលនោះ​ខ្យល់និស្ស័យបានរុញច្រានរូបគេ​ឱ្យជួបនឹងគូព្រេងពិតប្រាកដ នោះគឺ កញ្ញា ភីមវីណាត់វីណាត់ ជាសិស្សក្បាលរឹងម្នាក់ មានចរិតឆ្នាស់តែគួរឱ្យស្រឡាញ់ ហើយនាងមានបំណងប្រាថ្នា​ចង់ក្លាយជា CEO ។ នាងក៏ជាកូនកំព្រាម្នាក់​ដែលឪពុកម្តាយស្លាប់ចោលព្រមគ្នា ហើយក្រោយមកវីណាត់​ក៏ត្រូវទទួលខុសត្រូវរកស៊ី​នៅមណ្ឌលចាស់ជរាមានឈ្មោះថា រ៉ូមម៉ៃ កន្លែងដែលឪពុកម្តាយនាងរស់នៅទីនោះ។ 


ក្រោយមកទៀត លោកព្រឹកក៏បានយកម្តាយរបស់ខ្លួន​ទៅរស់នៅមណ្ឌលចាស់ជរានោះ ហើយក៏ជាពេលវេលាមួយ​បណ្តាលឱ្យលោកបានជួបនឹងកញ្ញា ភីមវីណាត់កាន់តែញឹកញាប់ និងចេះតែបន្តទំនាក់ទំនងគ្នា​ទៅវិញទៅមក។ ក្រៅពីការមើលខុសត្រូវមណ្ឌលចាស់ជរា ភីមវីណាត់ បានចាប់ដៃជាមួយនឹងនីតា ត្រូវជាបងប្អូនជីដូនមួយនឹងនាង ដោយបង្កើតជាហាងកាហ្វេ ហើយរាល់ការព្រឹក្សាយោបល់អ្វីផ្សេងៗ នាងតែងតែសាកសួរ លោកព្រឹក ដើម្បីផ្តល់ជាគំនិតបន្ថែម។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ព្រឹក តែងលួចសង្កេតមើល​ពីអត្តចរិតរបស់វីណាត់ ក្នុងការមើលថែម្តាយរបស់ខ្លួន ហើយធ្វើឱ្យគេគិតថា នាងអាចចូលមករស់នៅ​ក្នុងជីវិតរបស់គេបាន ព្រោះតែឃើញពីទឹកចិត្តដ៏ល្អ​ដែលមានចំពោះអ្នកមានគុណ។  ភាពជិតស្និទ្ធអស់ទាំងនេះ បានចងត្របាញ់មិត្តភាព​ពួកគេឱ្យស្រឡាញ់គ្នាបន្តិចម្តងៗ រហូតធ្វើឱ្យ ព្រឹក កាត់ចិត្តពីសង្សារឥតបានការរបស់គេ ហើយងាកមកចាប់អារម្មណ៍ វីណាត់ វិញ។   
កាលបរិច្ឆេទការចាក់ផ្សាយ៖ ថ្ងៃ ចន្ទ ទី ១៩ ខែសីហា ឆ្នាំ ២០១៩


ម៉ោងចាក់ផ្សាយ៖ វេលាម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ០១ រសៀល រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ
 

Copyright © 2017 PNN TV. All Rights Reserved.