ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

រឿងភាគថៃ៖ ស្នេហ៍កម្មនាងហង្ស

១៦ សីហា ២០១៩

ភីគុន ជាកូនស្រីរបស់លោកចាងហ្វាងក្រុមតន្ត្រីបុរាណម្នាក់ដែលមានរូបសម្បត្តិស្រស់ស្អាត ស្រគត់ស្រគុំ និងមានកាយវិការទន់ភ្លន់សាកសម​ជានារីក្រមុំដែលមានលក្ខណៈសុភាពរាបសារ។  តាមរយៈការបង្ហាត់បង្រៀនតន្ត្រីពីឪពុករបស់នាង ភីគុនត្រូវបានអ្នកគ្រប់គ្នាក្នុងភូមិ កោតសរសើរពីភាពប៉ិនប្រសប់លើការផ្លុំស្រឡៃបានគ្រប់បទ។ និយាយពីកម្លោះសង្ហា​តែចរិតខ្ជិលនិងខិលខូចគឺលោក ហ្លួង ក្រោយពីបានឃើញរូបសម្រស់របស់នាង ភីគុន ក្នុងក្រុមតន្ត្រីពេលឡើងប្រគុំនោះ ក្រសែភ្នែកដ៏មានមន្តស្នេហ៍​រ​បស់នាងបានឆក់យកបេះដូង លោកហ្លួងឱ្យជាប់ចិត្តស្រឡាញ់ដកមិនរួច។

លោក ហ្លួង និង នាង ភីគុន 
មួយថ្ងៃៗ លោកហ្លួង ចេះតែដើរផឹកស្រា ឥតប្រយោជន៍ មិនគិតគូរការងារអ្វីទាំងអស់ ប៉ុន្តែជួនជាពេលដែលបានជួបនឹងភីគុន ទម្លាប់ដែលអាក្រក់ទាំងឡាយរបស់ខ្លួនក៏បានផ្លាស់ប្តូរមកជាល្អ ។ ទោះជាយ៉ាងនេះក្តី ឪពុករបស់ភីគុន ដែលជាមនុស្សកាចម៉ត់ចត់នឹងការងារនោះ បានបង្វែរចិត្តកូនស្រីមិនឱ្យស្រឡាញ់លោកហ្លួង ហើយបង្ខំឱ្យនាងទៅរៀបការជាមួួយនឹង សីន ។ ពេលនោះ ភីគុនហាក់មិនពេញចិត្តនឹងការរៀបចំទុកដាក់របស់ឪពុកនាងឡើយ ។ ឃើញដូចនេះ សីនក៏សម្រេចចិត្តលះបង់ស្នេហារបស់ខ្លួនដែលមានចំពោះភីគុន ហើយនាំនាងទៅ​ជួបលោកហ្លួង ដើម្បីឱ្យពួកគេទាំងពីរបានជួបគ្នាសមបំណង និងថែមទាំងបានលួចរៀបការស្ងាត់ៗទៀតផង។

លោក ហ្លួង នាង សារ៉ាពី និងនាង ភីគុន 
រយៈពេលក្រោយមក លោកហ្លួងបាននាំភីគុនត្រឡប់មករកគ្រួសាររបស់នាងវិញ ក៏ព្រោះតែចង់សុំការលើកលែងកំហុសដែលពួកគេដែលនាំគ្នារត់។ និស្ស័យផលកម្មអ្នកទាំងពីរ បានរុញច្រានឱ្យពួកគេចាប់ផ្តើមជួបនឹងឧបសគ្គស្នេហាត្រីកោណកើតឡើង ដោយពេលនោះមានអ្នកទីបីចូលជ្រៀតជ្រែក។ នាង សារ៉ាពីរ ជាមនុស្សស្រីកាចសាហាវ ឆ្នាស់ឆ្នើម ច្រណែនឈ្នានីស មានចរិតចង់បានអ្វីត្រូវតែយកឱ្យបាន ដោយប្រើគ្រប់​កលល្បិច ដណ្តើមលោកហ្លួងចេញពីភីគុន ។ ដោយសារតែខ្លួនជាកូនអភិជនផងនោះ សារ៉ាពី បានចាប់លោកហ្លួងរៀបការ ក៏ព្រោះតែហេតុ​ផលនយោបាយមួយចំនួន។ អ្វីដែលគួរឱ្យសោកសង្រេងជាពន់ពេកនោះ គឺគ្រួសាររបស់ភីគុនត្រូវបានក្រុមដៃឆៅរបស់នាងសារ៉ាពីសម្លាប់​ចោលគ្មានសល់ ។

នាង ភីគុន និង លោក ហ្លួង

ភីគុន ទទួលរងនូវការឈឺចាប់ជាខ្លាំង ទុក្ខជាន់ទុក្ខ គ្រួសារម្តាយឪពុកក៏ត្រូវបាត់បង់ មនុស្សប្រុសដែលខ្លួនស្រឡាញ់ក៏ត្រូវគេដណ្តើមយកទៅ​រៀបការទៀត។ រូបភាពដ៏ខ្លោចផ្សារមួយនេះ បានធ្វើឱ្យភីគុនចុកឈាម ផ្លុំស្រឡៃដែលនាងធ្លាប់តែផ្លុំក្នុងក្រុមតន្ត្រីនោះរហូតដល់ស្លាប់ខ្លួន។ ចុងក្រោយ លោកហ្លួងបានដើររកសាកសពរបស់ភីគុន ប្រពន្ធសម្លាញ់របស់ខ្លួន ហើយគេបានសារភាពប្រាប់សារ៉ាពីថា រូបគេមិនបានស្រឡាញ់នាងទេ ។ ពេលនោះ សារ៉ាពី ខឹងយ៉ាងខ្លាំងប្រតាយប្រតប់គ្នារហូតដល់ធ្វើឱ្យលោកហ្លួងស្លាប់។ បំណុលស្នេហ៍កម្មមួយនេះ បានធ្វើឱ្យវិញ្ញាណរបស់ភីគុនមិនបានទៅចាប់ជាតិឡើយ ដោយព្រលឹងរបស់នាងនៅតែវិលវល់ ចងគំនុំលោកហ្លួង និងនាងសារ៉ាពីនៅជាតិបន្ទាប់ទៀត។

 លោក ហ្លួង និង លោកពុក អ្នកម៉ែ 
ការចាក់ផ្សាយ៖ ថ្ងៃចន្ទ ទី ១៩ ខែ សីហា  ឆ្នាំ ២០១៩
ម៉ោងចាក់ផ្សាយ៖ វេលាម៉ោង ០៦ ដល់ម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

អត្ថបទ៖ សិរីរដ្ឋ


     

Copyright © 2017 PNN TV. All Rights Reserved.