ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩

ខាត់ វ៉ៃហាំង៖ “ ចិត្តខ្ញុំដូចត្រូវគេសណ្តំ ពេលថតនៅតំបន់ប្រាសាទ អមដោយរបាំបុរាណខ្មែរ ”

១៧ កក្កដា ២០១៩

ការទទួលថតរឿងភាគបែបបុរាណ និងសម័យលាយបញ្ជូលគ្នា​ក្នុងខ្សែរឿងតែមួយដូចជារឿង « និស្ស័យស្នេហ៍នាងមនោរាហ៍ » របស់ស្ថានីយទូរទស្សន៍PNN គឺជាលើកទីមួយ​ហើយសម្រាប់ជីវិតជាអ្នកសិល្បៈ​របស់តារាប្រុសដ៏មានប្រជាប្រិយភាព លោក ខាត់ វ៉ៃហាំង។ លោកបានអះអាងថា ត្បិតកន្លងមកខ្លួនធ្លាប់គ្រងសម្លៀកបំពាក់​សម្តែងជាតួអង្គមួយចំនួន​ក្នុងសាច់រឿងល្ខោនខោល តែនោះជាការងារថតរូប​ដើម្បីជួយផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌​របស់ជាតិ ខុសប្លែកអំពីការងារថតរឿង ដែលត្រូវតុបតែង​ហើយស្លៀកសម្លៀកបំពាក់​បែបបុរាណជាច្រើនដង ក្នុងអំឡុងពេលច្រើនខែទម្រាំការងារបញ្ចប់។ ទោះការស្លៀកសម្លៀកបំពាក់​បែបបុរាណលំបាកបន្តិច តែលោកក៏ចូលចិត្តការស្អិតស្អាងខ្លួនបែបបុរាណ។
លោកខាត់វ៉ៃ ហាំង
រូបភាពដែលធ្វើឱ្យតារាប្រុស​រូបនេះដក់ចិត្តចងចាំខ្លាំងជាងគេ ហើយតែងរីករាយជានិច្ច​​រាល់លើកដែលរំឭកដល់នោះ គឺឆាកសម្តែងនៅក្នុងប្រាសាទតាព្រហ្ម ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ទិដ្ឋភាពគ្រប់យ៉ាងស្រស់ស្អាត​ប្រៀបដូចឋិតក្នុងការយល់សប្តិ ព្រោះពេលនោះថតឆាកប្រជាពលរដ្ឋ​ធ្វើបុណ្យភូមិក្នុងបរិវេណប្រាសាទ ហើយម្នាក់ៗស្លៀកពាក់​សុទ្ធជាសម្លៀកបំពាក់សម័យបុរាណ នាំគ្នាទស្សនាការសម្តែងរបាំបុរាណ​ចម្រុះប្រភេទទាំងយប់ថ្ងៃ ​មានដូចជារបាំក្ងោកពោធិសាត់ របាំអប្សរា និងរបាំជូនពរជាដើម ដូច្នេះមនុស្សចូលរួមក៏ច្រើន ឯរូបភាពវិញក៏កាន់តែអស្ចារ្យខ្លាំងឡើងថែមទៀត។ លោក វ៉ៃហាំង បានរៀបរាប់ថា “ ពេលហ្នឹងខ្ញុំដើរមើលគេ ព្រោះយើងជាមេទ័ព យើងដើរមើលគេអ៊ីចឹង! មានអារម្មណ៍ថាសប្បាយចិត្ត ព្រោះឃើញសិល្បករសិល្បការិនី​តែងខ្លួនជាអ្នករបាំតាមប្រភេទនិមួយៗខុសប្លែកគ្នា ដូច្នេះវាស្រស់ស្អាតខ្លាំង ហើយក៏ដក់ជាប់អារម្មណ៍ខ្លាំងដូចគ្នា ជាពិសេស គឺបានឃើញតួឯកស្រីនៅទីនោះតែម្តង”។
កញ្ញា ស៊ីន យូប៊ីន រាំរបាំជូនពរ
លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ជួបគ្នាក្នុងពិធីបុណ្យភូមិ
ក្រៅពីឆាកសម្តែងដែលរីករាយ ការថតរឿង « និស្ស័យស្នេហ៍នាងមនោរាហ៍ » ក៏ប្រឈមនឹងការលំបាកមួយចំនួនដែរ លោក វ៉ៃហាំង បានរម្លឹកថា ឆាកដែលធ្វើឱ្យលោក រួមនឹងក្រុមការងារលំបាកខ្លាំងជាងគេ គឺថតសកម្មភាពធ្វើសង្គ្រាម ព្រោះមនុស្សច្រើនពិបាកគ្រប់គ្រង ឯអាកាសធាតុថ្ងៃខ្លះក៏ក្តៅខ្លាំង រហូតធ្វើឱ្យរបកស្បែកខ្នងតួសម្តែង​ខ្លះថែមទៀតផង។ ទោះត្រូវឆ្លងកាត់ការលំបាក ហើយអត់ធ្មត់ខ្លាំងយ៉ាងណា​ក៏តួសម្តែងគ្រប់រូបអាចញញឹមបាន ក្រោយបានឃើញលទ្ធផលចុងក្រោយ​ទទួលបានវីដេរឿងប្រកបដោយគុណភាព។

តើភាពប្រែប្រួលនៃស្នេហាក្នុងរឿងភាគថ្មី « និស្ស័យស្នេហ៍នាងមនោរាហ៍ » របស់ទូរទស្សន៍PNN រវាងកំលោះសង្ហាលោក ខាត់ វ៉ៃហាំង និងកញ្ញាសុភាពទន់ភ្លន់ ស៊ីន យូប៊ីន នឹងក្លាយទៅជាយ៉ាងណា? តើតួអង្គឯកប្រុសស្រីមួយគូនេះត្រូវឆ្លងកាត់នូវឧបសគ្គអ្វីខ្លះ? សូមកុំភ្លេចរង់ចាំទស្សនា​ការផ្សាយផ្ទាល់រៀងរាល់សប្តាហ៍នាថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧:៥០នាទី រហូតម៉ោង៩យប់។
សូមទស្សនាវីដេអូខ្លី៖


អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
 

Copyright © 2017 PNN TV. All Rights Reserved.