ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩

រឿងភាគថៃ « ស្នេហាព្រះនាងក្រីក្រ »

១៥ កក្កដា ២០១៩

ជានិស្ស័យ រឺចៃដន្យ? ជំនួបគូស្នហ៍លោក ភព និងកញ្ញា ភីម បែរមកជួបគ្នាព្រោះតែស្បែកជើង​ពណ៌ក្រហមមួយចំហៀង ដែលប្រើសម្រាប់ធ្វើជាគំរូ​​​ចូលរួមកម្មវិធីប្រកួតប្រជែង​ជ្រើសរកអ្នករចនាស្បែកជើងដ៏ឆ្នើមទៅវិញ។ ចំណងស្នេហ៍រវាងព្រះនាងក្រីក្រ និងកំលោះរូបល្អ​មកពីត្រកូលគ្រួសារអភិជន គឺផ្តើមចេញពីស្បែកជើងជាដើមចមសំខាន់ ព្រោះ ភីម ជាបុគ្គលិកផ្នែកលក់នៅហាងលក់ស្បែកជើង P. Paul ឯ ភព ក៏ជាអ្នកស្នងមរតករបស់ហាង​ស្បែកជើងយីហោមួយនេះដូចគ្នា។ 
 លោក ភព និងកញ្ញា ភីម
កញ្ញា ភីម ជាក្មេងកំព្រា ហើយនាងមានមិត្ត​ជិតស្និទ្ធពីរនាក់ទៀត គឺកញ្ញា Boot និងកញ្ញា Ritaធ្វើការនៅហាងលក់ស្បែកជើង P. Paul រួមគ្នាតែម្តង។ ក្តីសុបិន្តធំបំផុត​របស់នារីកំសត់ម្នាក់នេះ គឺនាងចង់ក្លាយជាអ្នករចនា​ម៉ូតស្បែកជើងដ៏ពូកែម្នាក់។ តែជាអកុសល ក្រោយជួបបញ្ហាមួយចំនួន​នៅកន្លែងធ្វើការ ពួកនាងទាំងបីនាក់ ក៏ត្រូវគេបញ្ឈប់ពីការងារ មូលហេតុនេះហើយ ទើបពួកគេសម្រេចចិត្ត​​រៀបចំផែនការសម្រាកលម្ហែកាយ​នៅឯខេត្តភូកេតជាមួយគ្នា។
កញ្ញា ភីម រួមនឹងមិត្តជិតស្និទ្ធពីរនាក់របស់នាង
ក្នុងពេលធ្វើដំណើរកម្សាន្ត​រួមគ្នានៅឯខេត្តភូកេត មិត្តល្អទាំងបីនាក់បានផ្តួចផ្តើម​គំនិតបង្កើតកម្មវិធីជប់លៀងមួយដែលប្លែក គឺពួកនាងចង់បន្លំភ្នែក​គេក្លែងខ្លួនធ្វើជាអ្នកមាន។ តែចៃដន្យនៅក្នុងពិធី​ជួបជុំដ៏រីករាយនោះ ពួកនាងក៏បានជួបលោក ភព និងមិត្តរបស់នាយពីរនាក់ទៀត គឺ Wat ហើយនិង Touch ជាក្រុមបុរសមកពី​ត្រកូលគ្រួសារអភិជនពិតៗ បន្ទាប់មកពួកគេក៏ផ្តើម​មានទំនាក់ទំនងរវាងគ្នា។ បញ្ហាប្រទាក់ក្រឡា​ដែលទាញពួកគេទាំងប្រាំមួយនាក់​ឱ្យមកជួបគ្នា ព្រោះក្រុមបុរសជាកូន​អ្នកមានទាំងបីនាក់ ចង់បកស្រោមមុខរបស់នារីក្រីក្រ​ជាមិត្តល្អទាំងបីនាក់នោះបង្ហាញប្រាប់អ្នកផ្សេង ថាពួកនាងជាមនុស្សបោកប្រាស់។
 (ក្រុមមិត្តជិតស្និទ្ធរបស់កញ្ញា ភីម ប៉ះគ្នានឹងក្រុមមិត្តរួមចិត្តរបស់លោក ភព)​​​​​​​
ដើម្បីអាចលាតត្រដាងនូវការពិត​របស់ក្រុមស្រីស្រស់ទាំងបីនាក់បាន លោក ភព និងមិត្តទាំងពីរនាក់ទៀតរបស់គេ បានលាក់បាំងនូវ​សមាសភាពពិតរបស់ខ្លួន ហើយចំណាយពេលរៀបផែនការ​ចូលទៅកៀកខ្លួនរបស់ពួកនាង ​ធ្វើបែបណាឱ្យនារីទាំងនោះ​ស្ម័គ្រចិត្តព្រមនិយាយសារភាពរឿងពិត​ទាំងអស់ចេញមក។ ប៉ុន្តែការចំណាយពេលនៅក្បែរគ្នាកាន់តែច្រើន ទំនាក់ទំនងរវាងពួកគេ​ក៏កាន់តែពិបាកកាត់ផ្តាច់ នៅទីបំផុតលោក ភព និងកញ្ញា ភីមក៏ស្រលាញ់គ្នាពិតមែន។ តែក្រោយសារភាពស្រលាញ់គ្នាហើយ រឿងពិតគ្រប់យ៉ាង​ក៏ត្រូវបើកបង្ហាញទាំងអស់ សូម្បីការពិតដែលលោក ភព មានគូដណ្តឹងរួចហើយ ក៏ត្រូវបានលាតត្រដាងដូចគ្នា៕ តើរឿងរ៉ាវស្នេហារវាងកញ្ញាកំព្រាក្រីក្រ នឹងកំលោះអ្នកស្នងមរតករយលាន​អាចជម្នះឧបសគ្គបានជួបគ្នាដូចបំណងប្រាថ្នារឺទេ? តើគូស្នេហ៍ទាំងបី​អាចដោះស្រាយឧបសគ្គរួមគ្នាបានដោយវិធីណា? សូមកុំភ្លេចរង់ចាំទស្សនា​ការចាក់ផ្សាយតាមរយៈទូរទស្សន៍PNN រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នាវេលាម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង១រសៀល៕


សូមទស្សនាវីដេអូខ្លី៖
https://www.facebook.com/PNNDramaFanClub/videos/602389966917129/
កាលបរិច្ឆេទចាក់ផ្សាយ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩
ម៉ោងចាក់ផ្សាយ៖ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នាវេលាម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង១រសៀល
តួសម្តែង៖ លោក ភព សម្ដែងដោយ Alek Teeradetch Metawarayut
        កញ្ញា ភីម សម្ដែងដោយ Preem Ranida Techasit

អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
 

Copyright © 2017 PNN TV. All Rights Reserved.