ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

រឿងភាគថៃ « គ្រូពេទ្យថងឯក »

២៥ មិថុនា ២០១៩

រឿង « គ្រូពេទ្យថងឯក » គឺជារឿងបែបកំប្លែង លាយឡំនឹងមនោសញ្ចេតនា ពណ៌នាលម្អិតអំពីជីវិតគ្រូពេទ្យកំលោះ មានឈ្មោះថា ថងឯក ដែលមានជីតាឈ្មោះ ថង ធ្លាប់ប្រកបរបរជាគ្រូពេទ្យ តែគាត់ត្រូវបង្ខំចិត្តបោះបង់ចោល​ជំនាញរបស់ខ្លួន ព្រោះបរាជ័យក្នុងការព្យាបាល ក៏បណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់។ រឿងដែលទទួលបាន​ប្រជាប្រិយភាពច្រើនពីអ្នកទស្សនា ព្រោះនាំមកនូវសំណើចគ្រប់នាទីមួយនេះ ជារឿងភាគបុរាណថៃ ដែលបង្ហាញអំពីវប្បធម៌ប្រពៃណី នៃការរស់នៅរបស់ពលរដ្ឋថៃ នាសម័យព្រះបាទ  ចុឡាឡុងកន ជារាមាទី០៥ នៃរាជ្យវង្សចក្រី។


ថ្វីត្បិតលោកតា ថង ជាគ្រូពេទ្យដែលមានឈ្មោះល្បី ធ្លាប់ជួយព្យាបាលមនុស្ស​ជាច្រើនបានជាសះស្បើយពីជំងឺបែបណាក្តី តែពេលជួបបញ្ហា​ក្នុងអាជីពរហូតមានអ្នកជំងឺស្លាប់រួចមក លោកក៏ចេះតែបន្ទោសខ្លួនឯង ហើយឈានទៅកាត់ផ្តាច់​ទំនាក់ទំនងជាមួយសង្គមខាងក្រៅ​ថែមទៀតផង។ ដោយសារតែបែបនេះ ទើបនៅពេលលោក ថងឯក ចង់រៀនព្យាបាលក្លាយជាពេទ្យដូចជីតា ពេទ្យ ថង មិនយល់ព្រមឡើយ ព្រោះមិនចង់ឱ្យចៅដើរតាមគន្លងរបស់ខ្លួន។ តែចុងក្រោយ ថងឯក នៅតែមានះធ្វើតាមក្តីស្រមៃរបស់ខ្លួនដដែល។


រីឯកញ្ញា ឆាបា វិញក្នុងនាមជាកូនស្រី​របស់មន្ត្រីមានមុខមាត់ធំដុំ​ក្នុងតំបន់ម្នាក់ នាងជាស្ត្រីដ៏រឹងមាំ ដែលមិនចេះភិតភ័យនឹងរឿងអ្វី​ដោយងាយឡើយ។ ត្បិតជាកូនស្រីក្នុងគ្រួសារ​មានត្រកូលខ្ពង់ខ្ពស់ពិតមែន តែនាងមិនដែលហ្វឹកហាត់​ការងារជាស្ត្រីមេផ្ទះទេ ព្រោះនាងចូលចិត្តហាត់ក្បាច់គុន រៀនក្បួនប្រយុទ្ធកាប់ដាវ កាន់លំពែង ជាជាងរៀនធ្វើការងារផ្ទះ។ តែក្រោយបានជួបលោកតារបស់ ថងឯក នាងក៏បែរមកចាប់អារម្មណ៍នឹងថ្នាំបុរាណ ហើយចង់ក្លាយជា​គ្រូពេទ្យម្នាក់ដែរ។ គ្រូពេទ្យ ថងឯក ក៏ផ្តើមបង្រៀន ឆាបា បើទោះបី​ពួកគេមិនសូវចុះសម្រុងនឹងគ្នា ​ហើយមានបញ្ហាឈ្លោះប្រកែកជាមួយគ្នា​ជាញឹកញាប់យ៉ាងណាក៏ដោយ។ ផ្តើមពីសត្រូវ ក្លាយទៅជាមិត្ត ចុងក្រោយពួកគេក៏បានស្រលាញ់គ្នា


កាលបរិច្ឆេទចាក់ផ្សាយ៖ ថ្ងែទី០១ ខែកក្កដា ឆ្នាំ២០១៩
ម៉ោងចាក់ផ្សាយ៖ វេលាម៉ោង៩ រហូត១០យប់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ
តួសម្ដែង៖ គ្រូពេទ្យ ថងឯក សម្ដែងដោយ Mario Maurer 
កញ្ញា ឆាបា សម្ដែងដោយ Kimberley Anne Woltemas

អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា

សូមទស្សនាវីដេអូខ្លី៖

Copyright © 2017 PNN TV. All Rights Reserved.