ថ្ងៃព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩

ឡៅ ចិត្រា វាយតែពីរទឹក​យកបានខ្សែក្រវាត់ប្រាក់​ពីកម្មវិធីអធិរាជគុនខ្មែរ ISI Palm  របស់ PNN

១២ មិថុនា ២០១៩

ចិត្រា សិស្សគុនក្លិបទ័ពពិសេស​ឆ័ត្រយោង​៩១១ បានប្រើសន្ធាប់ជើង​ទាត់ឥតឈប់ មុនផ្ដាច់ដោយកណ្ដាប់ដៃ​នៅដើមទឹកទី២ រហូតធ្វើឲ្យអ្នកលេងឆ្លងដែន​ពីខេត្តបុរីរុំាំមិនអាចងើបរួច ទោះអាជ្ញាកណ្ដាលរាប់ដល់១០។ ដូច្នេះ​ប្អូនប្រុសបង្កើតរបស់ជើងខ្លាំង ឡៅ ចន្ទ្រា រូបនេះក៏បានក្លាយជាម្ចាស់ខ្សែក្រវាត់​ប្រាក់ដំបូងគេ និងអង្គុយចាំជម្រុះ​​ទៅដណ្ដើមខ្សែក្រវាត់មាសថែមទៀត។


ឡៅ ចិត្រា រៀបរាប់ពីចំណាប់អារម្មណ៍​ក្រោយក្ដោបខ្សែក្រវាត់ប្រាក់បែបនេះ៖ ”​បាទបង អារម្មណ៍គឺសប្បាយចិត្តមែនទែន។ សព្វថ្ងៃខ្ញុំប្រើជើងច្រើន ព្រោះហាត់ឥឡូវចូលចិត្តប្រើជើងបង។ ព្រោះធ្លាប់មានបទពិសោធ​ពីកីឡាករថៃ នៅ ONE Championship គឺគេទាត់មួយទឹក​ចូលជិត២០​ទៅ៣០ជើង។ ខ្ញុំផ្ដោតទាំងខ្មែរ ទាំងថៃ បង។ តែកីឡាករខ្មែរក៏ល្អច្រើនបង។ គឺមានទើបឡើង ហើយសាករៗខ្ញុំ មានគេល្អច្រើន កម្លាំងស៊ុសគេខ្លាំង។ អត់ដឹងម៉េចទេ មិនដឹងថា​បានឡើងទៅវគ្គបន្តទៀតអត់ទេ ប៉ុន្តែនឹងខំប្រកួតឲ្យអស់ពីសមត្ថភាព​”។


មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ​ដំណាក់កាលដំបូង​ឈានយកខ្សែក្រវាត់មាស ឡៅ ចិត្រា បានទម្លាក់កីឡាករថៃ ចៈលើនឡាប ខណៈកងស្យាម ឈ្នះសារឿន ច័ន្ទ នៅជុំទី​១។ ទៅមើលលទ្ធផលផ្សេងទៀត វ៉ាន់ វឿន បានបង្ហាញខ្លួនសាជាថ្មី​នៅសង្វៀន PNN ជាមួយនឹងជ័យជម្នះ​យ៉ាងអស្ចារ្យលើកីឡាករថៃ យ៉តចក្រគ្រីត តាំងពីទឹកទី​១ ដោយប្រើផ្លែកែង​លើគូប្រជែងឆ្លងដែនឲ្យសន្លប់​ពីមុខទស្សនិកជនយ៉ាងច្រើនកុះករ​នៅសង្វៀនព្រែកព្នៅ។ សម្រាប់លទ្ធផល​គូថ្នាលវិញ ខាំ កូនខ្លា កូនសិស្សរបស់អតីតជើងខ្លាំង បឺត សំខាន់ និងបឺត ខាំ បានប្រកួតយ៉ាង​ស្វិតស្វាញជាមួយអ្នកលេងគុនថៃ ឆ្នៈឆ័យ ឆ.ឆែមពាន។ ទីបំផុត​យុវជនកម្ពុជាមកពីក្លិប​រាហាប់ស្វាយប៉ាកទទួលជ័យជម្នះដោយពិន្ទុ។ មួយគូទៀត អេលីត ផានិត មកពីក្លិប​ឆ្មាសសែនសុខ ចាយពេលមិនដល់កន្លះទឹកស្រួលបួលផង​ក្នុងទឹកទី១​ដើម្បីផ្ដួល​ភិតណា ឆ.ឆែមពាន៕

Copyright © 2017 PNN TV. All Rights Reserved.