ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩

កម្មវិធី «គ្រួសាររីករាយ» ផ្តល់ជូនភាពរីករាយ​ដ៏អស្ចារ្យ​ដល់កុមារ​ចំថ្ងៃទិវាកុមារ​អន្តរជាតិ

៣១ ឧសភា ២០១៩

ខុសប្លែកពីសព្វមួយដងដែល កម្មវិធី «គ្រួសាររីករាយ» របស់ទូរទស្សន៍PNN ផ្តល់ឱកាសឱ្យកុមារឆ្លាតវៃប្រុសស្រី​និងសមាជិកគ្រួសារ​របស់ពួកគេ បានចូលរួមលេងហ្គេម​កម្សាន្តសប្បាយហើយឈ្នះរង្វាន់​យកត្រលប់ទៅផ្ទះវិញនោះ សម្រាប់សប្តាហ៍ពិសេស​ចំទិវាកុមារអន្តរជាតិនេះវិញ អ្នករៀបចំកម្មវិធី​បានសម្រាំងសកម្មភាព​ដ៏អស្ចារ្យមិនធ្លាប់មាន​ពីមុនមក ដោយអញ្ជើញកុមារ​មកពី អង្គការស៊ីសា(SISHA) ឱ្យមកទទួលយកភាពរីករាយ​រហូតសួនសត្វសាហ្វារីតែម្តង។ បន្ថែមលើរង្វាន់ និងវត្ថុអនុស្សាវរីយជាច្រើន ដែលកុមារគ្រប់រូប​មកពីស៊ីសាបានទទួល PNNបានផ្តល់ឱ្យពួកគេនូវជំនួប​ដ៏កម្រជាមួយក្រុមតារា​ប្រចាំស្ថានីយ ព្រមទាំងពេលវេលា​ដ៏អស្ចារ្យបានលេង និងរីករាយជាមួយថ្នាក់ដឹកនាំ​កំពូលរបស់PNNថែមទៀត។

លោកឧកញ៉ា លី ឆូកឆៃ អគ្គនាយករបស់ស្ថានីយទូរទស្សន៍PNN និងក្រុមតារាប្រចាំស្ថានីយ

មានទាំងមានអារម្មណ៍ប្លែក ភ្ញាក់ផ្អើល រំភើប និងរីករាយលាយឡំគ្នា កុមារប្រមាណ៤០នាក់​មកពីអង្គការស៊ីសា​ អាចទទួលបានវេលា​ដ៏អស្ចារ្យនេះរួមគ្នាទ្រង់ទ្រាយធំ​ស្ទើរពេញមួយថ្ងៃតែម្ដង ព្រោះបានលេងសប្បាយរហូត ចាប់តាំងពីច្រកទ្វារចូលសួនសត្វ ហើយបន្តដំណើរទាំងសំណើចមិនចេះដាច់​ពាសពេញបរិវេណកន្លែងកម្សាន្ត​ដ៏ធំប្រចាំប្រទេសកម្ពុជាជាមួយគ្នា លុះកម្មវិធីពិសេសបញ្ចប់។ ការរៀបចំកម្មវិធីពិសេស ចំថ្ងៃទិវាកុមារអន្តរជាតិ២០១៩នេះPNN ពិតជាមិនធ្វើឱ្យអ្នកទស្សនាខកចិត្តទេ ព្រោះគ្រប់សកម្មភាពទាំងអស់​សុទ្ធរៀបចំយ៉ាងល្អិតល្អន់ ដើម្បីញ៉ាំងភាពរីករាយដល់កុមារ។

សម្រាប់កុមារគ្រប់រូប​ជាអ្នកចូលរួមកម្មវិធី​គ្មានទេពាក្យថាធុញ ព្រោះមានទាំងកម្មវិធីលេងហ្គេម​ល្បងប្រាជ្ញាឈ្នះរង្វាន់​ថែមលើវត្ថុអនុស្សាវរីយ​ដែលពួកគេបានទទួលស្រាប់ មានទាំងកម្មវិធី​ឱ្យក្មេងៗសម្តែងបង្ហាញ​សមត្ថភាពពិសេស ហើយអាចកម្សាន្ត​នឹងកម្មវិធីសប្បាយៗ​ផ្សេងទៀតដែលខាងសួនកម្សាន្ត​បានរៀបចំត្រៀមទទួលថែមទៀត។ ទិវាកុមារអន្តរជាតិ រីករាយគ្មានដែនកំណត់ តាមរយៈការទស្សនាកម្មវិធី «គ្រួសាររីករាយ» របស់PNN។

តើ «កម្មវិធីគ្រួសាររីករាយ» ចំថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ​នាឆ្នាំនេះពិសេស ហើយផ្តល់នូវភាពរីករាយខ្លាំង​ដល់កម្រិតណា? សូមរង់ចាំទស្សនា​ការចាក់ផ្សាយកម្មវិធីនេះ តាមរយៈទូរទស្សន៍PNN នាថ្ងែទី០១ មិថុនា វេលាម៉ោង១៩:៣០នាទី រហូត២០:០០យប់៕

អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.