© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សម្រាប់អ្នកនិយមតាមដាន ការផ្សាយរឿងភាគហុងកុងរបស់ PNN នាពេលកន្លងមក ហើយបន្តទស្សនារឿងភាគ « ទីក្រុងស្តេចល្បែង » ទើបចាក់បញ្ចាំងនាពេលថ្មីៗនេះ ប្រហែលគ្មានអ្នកណា នឹកភ្នកសម្គាល់ពីជំនួប ដ៏កម្ររបស់តួសម្តែងល្បីៗរបស់ TVB ឡើយ។ មូលហេតុ ព្រោះអំឡុងពេលច្រើនឆ្នាំកន្លងមកនេះ តារាប្រចាំប៉ុស្ត៍ទូរទស្សន៍ TVB តែងឆ្លាស់វេនគ្នាតាមលេខរៀង បង្ហាញសមត្ថភាពសម្តែងរឿងភាគ ជាបន្តបន្ទាប់ពុំដែលអាក់ខាន ហើយទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកទស្សនាតាមរយៈទេពកោសល្យសម្ដែងបានគ្រប់តួអង្ គដែលអ្នកដឹកនាំរឿងតម្រូវឱ្យ។ តែចំពោះរឿង « ទីក្រុងស្តេចល្បែង » គឺជាករណីពិសេស ព្រោះតួអង្គសម្តែងសំខាន់ៗ សុទ្ធជាតារាឯករាជ្យ មានបទពិសោធសម្តែងយូរឆ្នាំ ផ្តើមពី ២០ រហូតជាង ៦០ឆ្នាំ ហើយក៏ធ្លាប់ជាតារាប្រចាំនៅ TVB ពីមុនមកដែរ។
( កញ្ញា សៀវតុង (Charmaine Sheh )
បើគិតរហូតមកដល់បច្ចុប្បន្ននេះ កញ្ញា សៀវតុង ដែលមានឈ្មោះពិត Charmaine Sheh បានចូលប្រលូក ក្នុងវិស័យសិល្បៈប្រមាណជាង ២០ឆ្នាំហើយ។ ត្បិតពេលនេះ នាងមានវ័យប្រមាណ ៤៤ឆ្នាំទៅហើយក្តី តែអ្នកសម្ដែងរូបនេះ នៅតែអាចរក្សាជំហរ ធ្វើជាតារាដ៏មានប្រជាប្រិយភាព របស់ហុងកុងបានដដែល។ Charmaine Sheh បានផ្តើមសម្តែងរឿង លើកដំបូងនាឆ្នាំ ១៩៩៨ ក្រោយខ្លួនបានប្រលងជាប់ ក្លាយជាបវរកញ្ញាហុងកុងចំណាត់ថ្នាក់លេខបីបានមួយឆ្នាំរួចមក។ ឯរឿងដែលទទួលបានការចាប់អារម្មណ៍ ច្រើនពីសំណាក់អ្នកទស្សនាតាមរយៈការផ្សាយរបស់ PNN កន្លងមក ក៏មានមិនតិចរឿងដែរ ដូចជារឿង « ល្បិចក្នុងរាជវាំងវគ្គមួយ » និងរឿង « ព្រះនាងឆ្នាស់ឆ្នើម » ជាដើម។
( លោកOK(Kenneth )
ឯតួឯកប្រុសក្នុងរឿង « តាក់ស៊ីចាប់ខ្មោច » មានឈ្មោះថា OK ក្នុងសាច់រឿងភាគថ្មីនេះ ក៏មានបទពិសោធក្នុងវិស័យភាពយន្ត តមិនចាញ់តួឯកស្រីខាងលើប៉ុន្មានដែរ រហូតបច្ចុប្បន្នលោកមានបទពិសោធ ក្នុងអាជីពរបស់ខ្លួនប្រមាណ ២០ឆ្នាំហើយ។ នាឆ្នាំ ២០១៩នេះ លោកមានវ័យប្រមាណ ៤៥ ឆ្នាំ តែអ្នកសម្តែងរូបនេះ បានចូលប្រលូកក្នុងវិស័យសិល្បៈ តាំងតែពីខ្លួនមានវ័យត្រឹម ២៥ឆ្នាំ។ អំឡុងឆ្នាំ១៩៩៩ Kenneth បានផ្តើមថតរឿងដំបូង របស់ខ្លួនមានឈ្មោះថា « At the Threshold of An Era »។
( បងធម្មតា (Chan, Natalis )
ឯ បងធម្មតា តួអង្គគ្រូបង្រៀនវិជ្ជាលេងល្បែង ក្នុងរឿងភាគថ្មីនេះវិញ ក៏មានបទពិសោធ ក្រាស់ក្រែលក្នុងការងារជាតារាសម្តែងដែរ មិនមែនធម្មតាដូចឈ្មោះរបស់គាត់នោះឡើយ។ អំឡុងពេលប្រមាណ ៣៧ឆ្នាំ ដែលលោកប្រលូកក្នុងវិស័យសិល្បៈ លោកបានបំពេញការងារ ជាច្រើនប្រភេទចម្រុះជំនាញគ្នា គឺធ្វើជាតារាចម្រៀងហុងកុង ពិធីករ និងតារាសម្តែង ក្នុងពេលដំណាលគ្នាតែម្តង។ តារារូបនេះបានផ្តើមថតរឿងទីមួយ របស់ខ្លួនមានចំណងជើងថា « Modern Master » នាឆ្នាំ ១៩៨២ តែបច្ចុប្បន្ន Chan, Natalis ជាតារាជើងចាស់មួយរូបដែលមានវ័យ ៦៩ ឆ្នាំទៅហើយ។
( លោក ស៊ាង អ៊ូមីង(Patrick Tse )
ដោយឡែកលោកគ្រូតា ស៊ាង អ៊ូមីង វិញ គឺកាន់តែអស្ចារ្យ ជាងតារាប្រុសស្រីខាងលើទៅទៀត ព្រោះលោកជាតារាសម្តែង ជើងចាស់មានសញ្ជាតិពីរ ទាំងចិន និង កាណាដា។ ទោះសព្វថ្ងៃ មានវ័យប្រមាណ ៨៣ ឆ្នាំទៅហើយក្តី តែលោកនៅតែប្រកបរបរ ជាតារាសម្តែងដដែល។ គិតមកទល់បច្ចុប្បន្ន តារាជើងចាស់រូបនេះ មានបទពិសោធ ការងារក្នុងវិស័យសិល្បៈអំឡុង ៦៥ ឆ្នាំ ដោយផ្តើមកិច្ចការរបស់ខ្លួន ដំបូងនាឆ្នាំ ១៩៥៣ ។ Patrick Tse បានសម្តែងភាពយន្តលើកទីមួយ នាឆ្នាំ ១៩៥៤ មានឈ្មោះថា « Taps Off, Downstairs » ក្រោយចូលធ្វើការហ្វឹកហាត់ ការងារបានមួយឆ្នាំរួចមក។
តើជំនួបដ៏កម្ររបស់តារាជើងចាស់ទាំងអស់ សម្តែងរួមគ្នាក្នុងរឿង « ទីក្រុងស្តេចល្បែង » អាចជួយជម្រុញរឿងភាគមួយនេះ ក្លាយជារឿងដ៏ល្អកម្របានទស្សនា ពីមុនមកដែររឺទេ? ចង់ជ្រាបច្បាស់ សូមកុំភ្លេចទស្សនា ការផ្សាយរៀងរាល់សប្តាហ៍ នាវេលាម៉ោង ១១ រហូត ១២ថ្ងៃត្រង់ ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សុក្រ។
សូមទស្សនាទស្សនាឈុតខ្លី៖
ដោយ៖