ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩

រឿងភាគ TVB «ប៉ូលីសរឿងច្រើន»

១៧ ឧសភា ២០១៩

«ប៉ូលីសរឿងច្រើន» គឺជាកម្រងខ្សែរឿងស៊ើបអង្កេត​ភាគថ្មីល្បីកក្រើក​នៅហុងកុង ឥឡូវនេះត្រូវបាននាំចូលនិងប្រែសម្រួល​ជាភាសាខ្មែរ សម្រាប់ទស្សនិកជន​របស់ភីអិនអិន ធានាថាតាមដាន​ហើយជាប់ចិត្ត ដិតអារម្មណ៍។ ទូរទស្សន៍ ភីអិនអិនបានសម្រេច ទិញសិទ្ធចាក់ផ្សាយរឿងភាគហុងកុងថ្មី «ប៉ូលីសរឿងច្រើន» នាអំឡុងខែមេសា ឆ្នាំ២០១៩នេះ ដោយសម្រិតសម្រាំង​បាននូវសាច់រឿងថ្មីបែប​ស៊ើបអង្កេត បង្កប់នូវល្បិចដោះស្រាយបញ្ហា​បែបស៊ីជម្រៅជាច្រើន ដែលជាការផលិត​ប្រកបដោយគុណភាព​ថ្មីបំផុតមួយ។

«ប៉ូលីសរឿងច្រើន» ជារឿងភាគហុងកុង​ដែលឆ្លុះបញ្ជាំងគ្រប់សកម្មភាព​ការងារ របស់ក្រុមស៊ើបអង្កេត មានឈ្មោះថា Miscellaneous Enquiries ហៅកាត់អង្គភាពMe។

Meជាក្រុមការងារពិសេស ទទួលដោះស្រាយសំណុំក្តីសំខាន់ៗចាក់ស្រែះ ទាក់ទងជ្រាលជ្រៅនឹងបណ្តាញឧក្រិដ្ឋកម្ម ស្មុគស្មាញ ពិបាកៗ ដែលទស្សនិកជន នឹងបានទទួលចំណេះដឹងផ្នែកច្បាប់បន្ថែមពីលើការកម្សាន្តសប្បាយ។
ធម្មតាសំណាញ់ច្បាប់តែងតែញឹក ឧក្រិដ្ឋជនតែងតែសម្បូរកល តើក្រុមMEមានវិធីសាស្ត្រ យុទ្ធសាស្ត្របែបណាខ្លះដើម្បីបេសកកម្មដ៏គ្រោះថ្នាក់របស់ពួកគេ?
នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន អ្នកទស្សនានឹងចូលរួមជាមួយអង្គភាពMEដោយរំភើបភ្ញាក់ផ្អើល។

សមាជិកក្រុមMe ម្នាក់ៗជាបុគ្គលមានលក្ខណៈពិសេសរៀងខ្លួន លោកអធិការ Ding Chi Moh (សម្តែងដោយលោក Ben Wong) គាត់ជាមនុស្សរីករាយនូវអ្វីដែលខ្លួនមាន ហើយចូលចិត្តធ្វើការ​តាមសម្រួលដោយគ្មានសម្ពាធ តែអ្នកនាង Lung Lai Sa ហៅLaser (សម្តែងដោយអ្នកនាងMandy Wong) ជាសមាជិកសំខាន់​ម្នាក់ទៀតក្នុងក្រុមនេះ នាងបែរមានចរិតផ្ទុយ​ពីថ្នាក់ដឹកនាំរបស់ខ្លួនទៅវិញ។ ត្បិតជាស្ត្រីមានផ្ទៃពោះ តែLaser នាងមានភាពហ្មត់ចត់ និងអត់ធ្មត់ក្នុងការងារណាស់ មូលហេតុនេះហើយ​ទើបធ្វើឱ្យបុគ្គលសំខាន់ប្រចាំក្រុមMe ទាំងពីរនាក់ មិនសូវធ្វើការចុះសម្រុងគ្នា​បានល្អឡើយ។ បើថ្នាក់ដឹកនាំ​ខ្វែងគំនិតគ្នា​ឥតល្ហែបែបនេះ តើក្រុមស៊ើបអង្កេតអាច​ដោះស្រាយបញ្ចប់បញ្ហាបាន​ដោយរលូនដែររឺទេ? តើក្រុមអង្គភាពពិសេស​មួយនេះប្រើវិធីសាស្ត្រអ្វីខ្លះ​ដើម្បីស៊ើបអង្កេតរឿងក្តី? ចុះបើសាច់រឿងប្រទាក់ក្រឡាគ្នា​របៀបនេះ តើអ្នកទស្សនា​បានទទួលនូវចំណេះដឹងថ្មី​អ្វីខ្លះសម្រាប់ជីវិត? ចម្លើយមានតែអ្នកធ្លាប់​តាមដានរឿងនេះទេ​ទើបអាចបកស្រាយបាន។

អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.