© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មិនត្រឹមមានឱកាសធ្វើការរួមគ្នានៅក្រោមដំបូលស្ថានីយ៍ទូរទស្សន៍PNNតែមួយទេ ស្ថិតក្នុងខែឧសភានេះ តារាPNN ចំនួន៥រូបក៏មានសំណាងប្រារព្ធកម្មវិធីខួបកំណើតដ៏អស្ចារ្យក្នុងពេលតែមួយជាមួយគ្នាថែមទៀត។ កើតថ្ងៃខុសគ្នាពិតមែន តែខែឧសភា ឆ្នាំ២០១៩នេះទាំង កញ្ញា យិន រ៉ានី កញ្ញា លី គីម លោក ខាត់ វៃហាំង និងលោក យិត មាសឧស្សាហ៍ ហៅ អេដវីន បានផ្លុំទៀន កាត់នំ រំឭកថ្ងៃពិសេសដែលខ្លួនបានកើតក្នុងពេលតែមួយជាមួយគ្នាតែម្តង។ ហាក់ប្លែកពីមិត្តរួមអាជីព៤នាក់ខាងលើទោះ កញ្ញ ស៊ីន យូប៊ីន មិនបានកាត់នំជុំមិត្តក្នុងថ្ងៃតែមួយ តែឆ្នាំនេះកញ្ញាបានរៀបចំកម្មវិធីឆ្លងថ្ងៃពិសេសរបស់ខ្លួន ធំជាងបណ្តាឆ្នាំកន្លងមក ហើយថែមទាំងប្រកាសប្រាប់អ្នកគាំទ្រថា ជាថ្ងៃកំណើតពិតប្រាកដ ដែលខ្លួនមិនធ្លាប់បានរំឮកតាំងពីពេលមុនមកទៀតផង។ ចំណុចសំខាន់មួយទៀតសម្រាប់បុគ្គលមានថ្ងៃពិសេសនានាចំខែឧសភានេះ គឺរហូតឆ្នាំ២០១៩ ខែឧសភាក៏មានអាយុកាលលើលោកនេះ គម្រប់២៧៣២ឆ្នាំហើយដែរ។
រូបភាពFacebook កញ្ញា ស៊ីន យូប៊ីន
ខែឧសភា ដែលភាសាអង់គ្លេសអានថា May មកពីឈ្មោះដើមជាភាសាឡាតាំងថា Maius ជាពាក្យប្រសិទ្ធនាមតាមនាម ទេវតា Maia ក្នុងទេវកថាក្រិក ដែលគេបានស្គាល់ក្នុងទេវកថារ៉ូម៉ាំងថាEra។ ឧសភា មានកំណើតក្នុងប្រតិទិន រ៉ូមូលូសតាំងពី ៧៥៣ឆ្នាំ មុនគ្រិស្តសករាជ ដោយកាលណោះប្រតិទិនមួយនេះ បានកំណត់វេលាមួយឆ្នាំមានត្រឹម១០ខែ ហើយផ្តើមខែទីមួយពីខែមីនា (អានថា មី ណា)។ ក្រោយក្សត្រទីពីររបស់ទីក្រុងរ៉ូម ព្រះចៅ នូម៉ា ប៉ុមពីលីយើស បានធ្វើការកែប្រែប្រតិទិនចាស់នាឆ្នាំទី ៧១៣មុនគ្រិស្តសករាជឱ្យទៅជាប្រតិទិនថ្មីមានឈ្មោះថា នូម៉ា ទើបចំនួនខែកើនរហូត១២ ព្រោះបញ្ចូល មករាជាខែទីមួយ ហើយមានកុម្ភៈជាខែទីពីរ។ ឆ្លងកាត់ការកែប្រែជាច្រើនលើកចុងក្រោយ សម្តេច ប៉ាប ហ្គ្រេហ្កូរី ទី១៣ ក៏ប្តូឈ្មោះប្រតិទិន នូម៉ា ទៅជាប្រតិទិន ហ្ក្រេហ្កូរាន ជាប្រតិទិនសកលប្រើនាពេលបច្ចុប្បន្ននេះតែម្តង។
បើតាមសេចក្តីពន្យល់របស់វចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត ឧសភា បានមកពីពាក្យ ឧសភ (អានថា អ៊ុសប់) មានថា គោឈ្មោល គោបា រឺគោឡើងក។ អត្ថន័យនេះក៏ប្រហាក់ប្រហែលគ្នានឹងក្បួនហោរាបច្ចឹមលោកមួយចំនួនដែរ ព្រោះផ្តល់នូវនិមិត្តសញ្ញាសម្រាប់ឧសភរាសីបុគ្គល ដោយរូបគោឡើងក មានធាតុដី ហើយទទួលឥទ្ធិពលពីភពព្រះសុក្រ ជាភពទេពធីតាស្នេហា ដែលបុគ្គលខ្លះបានហៅតគ្នាថា ព្រះនាងកាមទេព។ ឯកសារមួយចំនួនបានសន្មតថា អ្នកកើតខែឧសភាជាជំពូកមនុស្សចូលចិត្តប្រើអារម្មណ៍ រីឯពណ៌ដែលស័កិ្តសម គឺពណ៌ផ្កាឈូក ហើយច្រើនប្រើត្បូងនាំសំណាងជា ត្បូងមរកត។
តើតារាប្រុសស្រីរបស់PNNដែលកើតក្នុងខែឧសភា សុទ្ធជាទេវតា និងទេពធីតាស្នេហាមែនរឺយ៉ាងណា? ដូច្នេះមានតែតាមដានទស្សនាគ្រប់សកម្មភាពរបស់ពួកគាត់តាមរយៈកម្មវិធីពិសេសៗ ចម្រុះរស់ជាតិ មានគ្រប់ទម្រង់របស់ទូរទស្សន៍PNNទេទើបដឹង។
អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
ឯកសារយោង៖ ឯកសារស្រាវជ្រាវរបស់លោក ខឿន សាខៀង អ្នករាយការណ៍ព័ត៌មាន នៃស្ថានីយ៍ទូរទស្សន៍PNN។
ដោយ៖