ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០១៩

កម្មវិធីស៊ីអារម្មណ៍​បង្ហាញអនុស្សាវរីយល្អ​របស់តួសម្តែង​ក្នុងការថតរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

១១ ឧសភា ២០១៩

ញ៉ាំងបរិយាយកាសរីករាយ​ប្រចាំកម្មវិធី «ស៊ីអារម្មណ៍» ក្នុងសប្តាហ៍នេះ​ច្បាស់ជាមិនធ្វើឲ្យអ្នកទស្សនា​ខកបំណងឡើយ ព្រោះមានបង្ហាញនូវ វត្តមានតួអង្គសំខាន់ៗក្នុងរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» អមនឹងការជជែក​ពិភាក្សាគ្នាយ៉ាងលម្អិតរម្លឹក​នូវអនុស្សាវរីយ​ដ៏ល្អត្រចង់ធ្លាប់សាងរួមគ្នា។ ទាំងផ្អែមល្អែម ទុក្ខសោកលំបាកលាយឡំគ្នា ហើយមានឆាកខ្លះទៀត​ក៏នឹកអស់សំណើច ព្រោះហួសចិត្តពេក មិននឹកស្មានថាអាចធ្វើបាន។ រាល់ចំណុចទាំងអស់នេះ គឺសុទ្ធជាសកម្មភាពសំខាន់​ដែលតារាទាំងបួនដួងមាន លោក នូ ឧសភា លោក លឹម ជាឡាយ កញ្ញា ពុធ ស្រីខួច និងកញ្ញា សាយ ចាន់រាសី ត្រូវរួមគ្នាបកស្រាយ​ឱ្យបានច្បាស់លាស់ជូនអ្នកគាំទ្រម្តង។ 

លោក ប៉ែន ចំរុង៖ ហ៊ឺ! គ្មានអីវេទនាចិត្ត​ជាងឈរនៅចំកណ្តាល​អ្នកដែលគេមានគូ​អមសងខាងនោះទេ

ស្រស់ដូចគ្នា! មែនទេពួកយើង

ការទស្សនាឆាកពិសេស​ទាំងបីវគ្គក្នុងកម្មវិធី «ស៊ីអារម្មណ៍» ដែលអ្នកគាំទ្ររឿងភាគខ្មែរ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» មិនគួរខកខាននោះ គឺទីមួយ តារាប្រុសស្រីទាំងពីរគូ​នឹងនាំគ្នាសម្តែងឆាក​ដែលខ្លួនធ្លាប់បានសម្តែង​រួចមកហើយជាថ្មីម្តងទៀត នៅលើឆាកកម្មវិធី​ដោយពុំមានអានអត្ថបទរឿង​ដូចការសម្តែងរឿងលើកដំបូងឡើយ ទីពីរ គឺពួកគេនឹងរម្លឹកនូវឧបសគ្គ​ក្នុងការសម្តែងរឿង​ដ៏លំបាកដែលខ្លួនបានឆ្លងកាត់ ហើយអ្នកទស្សនារឿង​មិនអាចនឹកស្មានដល់ ឯចំណុចទីបី គឺពិធីករនឹងបង្ហាញនូវរូបភាពសកម្មភាពសំខាន់ៗ​មួយចំនួនដកស្រង់ចេញពីរឿងយកមកបង្ហាញ ហើយឲ្យតួសម្តែងទាំងអស់​ពន្យល់មូលហេតុ​នៅក្រោយសកម្មភាពរបស់ខ្លួន។ 

លោក នូ ឧសភា៖ ផ្អែមល្ហែមអីតែគូឯង? ខ្ញុំឯណេះក៏មានគូដែរ

អុញនោះ! ហួត យុត្ថនា តាមធ្វើបាបកញ្ញាមេធាវី ពៅ បញ្ញា ដល់ឆាកសម្តែងកម្មវិធី «ស៊ីអារម្មណ៍» តែម្តង?

សាកទាយលមើល! លោក ប៉ែន ចំរុង គាត់ចង់ធ្វើអី? នៅពេល ហួត យុត្ថនា និងពៅ បញ្ញា កំពុងរវល់បែបនេះ

ចង់ដឹងថាកម្មវិធី «ស៊ីអារម្មណ៍» សប្តាហ៍នេះស៊ីអារម្មណ៍ខ្លាំងដល់កម្រិតណា? ប្លែក ហើយសប្បាយបែបណា? សូមកុំភ្លេចរង់ចាំទស្សនា​កម្មវិធីពិសេសនេះនាថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ ផ្សាយវេលាម៉ោង១១ រហូត១១:៣០នាទីថ្ងៃត្រង់ទាំងអស់គ្នាណា។

ដោយ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.