ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០១៩

«អធិរាជគុនខ្មែរ ISI PALM» កម្មវិធីប្រដាល់​ដ៏កក្រើក​ចាប់ផ្ដើមជាផ្លូវការ​នៅថ្ងៃអាទិត្យនេះហើយ

០៩ ឧសភា ២០១៩

«អធិរាជគុនខ្មែរ ISI PALM» កម្មវិធីប្រដាល់ដ៏ជក់ចិត្ត ប្លែក កក្រើករញ្ជួយ ដែលប្រិយមិត្តបាននិងកំពុងទន្ទឹងរង់ចាំ​យ៉ាងអន្ទះសារ នៅទីបំផុតនឹងបង្ហាញខ្លួន​លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពី ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ

អធិរាជគុនខ្មែរ ISI PALM ជាកម្មវិធីប្លែក មិនធ្លាប់មាននៅកម្ពុជាដែល  ជាការប្រកួតដណ្ដើមខ្សែក្រវាត់​ប្រាក់ប្រចាំខែ​សម្រាប់ឈានទៅប្រកួត​យកខ្សែក្រវាត់មាស​ក្នុង ទម្ងន់៦០គីឡូក្រាម អមដោយប្រាក់រង្វាន់៤០លានរៀល (១០,០០០ដុល្លារអាមេរិក)

គ្រុឌកំណាចដែលជាអ្នកស្នងគុនខ្មែរ​លំដាប់កំពូល៨រូបដូចជា ឃីម ឌីម៉ា, ឡៅ ចិត្រា, សុខ សាវិន, លន បញ្ញា, កូយ ឡាយ, ធន់ មករា, ឡុង ជិន, សារឿន ចាន់ នឹងតតាំងជាមួយនាគរាជឆ្លងដែន​មកពីថៃ៨នាក់ ក្នុងរូបមន្តចាញ់ធ្លាក់ ឈ្នះឡើង ដោយគ្មានសន្សំពិន្ទុអ្វីឡើយ។ រៀងរាល់ខែ កីឡាករកម្ពុជា២រូបនឹងតតាំង​ជាមួយកីឡាករថៃ២រូប ហើយអ្នកឈ្នះនឹងឡើងប្រកួត​ដណ្ដើមខ្សែក្រវាត់​ប្រាក់ប្រចាំខែទល់នឹងអ្នកឈ្នះដូចគ្នា។ បន្ទាប់ពីរកឃើញម្ចាស់ខ្សែក្រវាត់​ប្រាក់ទាំង៤ ពួកគេនឹងតតាំងគ្នា​ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ដើម្បីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាស។

តែសម្រាប់ជាកិច្ចបើកវាំងនន​សម្ពោធកម្មវិធី «អធិរាជគុនខ្មែរ ISI PALM» នៅថ្ងៃទី១២ខែឧសភា មុនឈានដល់គូខ្សែក្រវាត់នោះ កំពូលអ្នកលេងកណ្ដាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ នឹងចូលខ្លួនមកអង្រួនសង្វៀន​ក្នុងការប្រកួតមិត្តភាពអន្តរជាតិ​ទល់នឹងអតីតម្ចាស់ខ្សែក្រវាត់សង្វៀន លុម្ពិនី ផុងសិរិ ស្របពេលជង្គង់ពិឃាត ឡុង សំណាង ត្រូវប្រឈមមុខជាមួយ​អតីតម្ចាស់ខ្សែក្រវាត់ WBC ប៉ិក៍ថេង អមដោយគូថ្នាលពន្លកគុនខ្មែរ​ដ៏ជក់ចិត្តមិនឱ្យប្រិយមិត្ត​ព្រិចភ្នែក២រូបទៀត​ដែលនឹងសាកក្បាច់គុន​ទល់នឹងយុវជនមកពីថៃ​ក្នុងជំនួបមិត្តភាពអន្តរជាតិដូចគ្នា។

ដោយឡែក គូដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI Palm នឹងចាប់ផ្ដើមជាផ្លូវការ​នៅថ្ងៃអាទិត្យទី១៩ខែឧសភា ដោយមានវត្តមាន​កំពូលអ្នកប្រយុទ្ធ​មកពីខេត្តកំពង់ស្ពឺ ឡៅ ចិត្រា ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០១៧៕

Copyright © 2017 PNN TV. All Rights Reserved.