ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩

«នាងបាប» ដំណើររឿង​បកស្រាយ​កម្មផល​ពីអតីត

០៨ ឧសភា ២០១៩

ក្រៅអំពីការផ្សព្វផ្សាយ​ឆាកពិសេសៗ​នៃរឿងភាគថៃ «នាងបាប» មានបង្ហាញរឿងរ៉ាវ​ជាប់ជំពាក់គ្នា​ជាច្រើន រវាងមនុស្ស និងខ្មោចតភព តជាតិរួចមក តើលោកអ្នកធ្លាប់គិតរឺទេ​រឿងរ៉ាវនៃសេចក្តីស្នេហា​រវាងបុរសស្ត្រី​នៅក្នុងជំនាន់មួយ អាចបង្កើតបានជារឿងថ្មី​បន្តដល់ជំនាន់ថ្មីមួយទៀត? តើអ្នកធ្លាប់ងឿងឆ្ងល់រឺទេ បញ្ហាមួយចំនួន​ដែលអ្នកបានជួបប្រទះ​ក្នុងពេលបច្ចុប្បន្ន​ហាក់គ្មានដើមរឿងពិតប្រាកដ? ដោះស្រាយនូវមន្ទិល​ទាំងអស់នេះ រឿង «នាងបាប» នឹងចូលមកបកស្រាយ​យ៉ាងលម្អិតអំពីទំនាក់ទំនង​រវាងកម្ម និងផល ដែលមនុស្សពីរជំនាន់​បានសាងរួមគ្នា។

ភាពមិនស្មោះត្រង់​របស់បុរសជាស្វាមី មិនត្រឹមបំបែកសុភមង្គល ធ្វើឲ្យគ្រួសារមួយបែកបាក់ឡើយ តែចុងក្រោយ​ដោយសារតែអំពើ​ផិតក្បត់របស់ ព្រះវណាថេប បានធ្វើអោយប្រពន្ធដើម និងប្រពន្ធចុង​ជាអ្នកបម្រើក្នុងផ្ទះ​ឈ្លោះទាស់ទែងគ្នា ក្លាយជាគំនុំ​ចាក់ជ្រៅក្នុងជម្រៅចិត្តរៀងខ្លួន​មិនអាចដោះស្រាយបាន ហើយឈានដល់​ការរៀបល្បិចសម្លាប់គ្នា យកឈ្នះរៀងខ្លួនតែម្តង។ ទោះរឿងធំប៉ុណ្ណាក៏ដោយ តែកាលណាមនុស្សស្លាប់ហើយ​អ្វីៗក៏ត្រូវបញ្ចប់ តែផលនៃអំពើ​ដែលបុគ្គលម្នាក់​បានសាង វាមិនបានបញ្ចប់ទៅតាម​អាយុរបស់មនុស្សឡើយ។

ផលនៃកម្មនៅតែតាម​តបស្នង លោក នុ ដែលជាព្រះវណាថេប ក្នុងជាតិថ្មី ជីវិតក៏ជួបតែរឿងស្មុគស្មាញ​ឥតស្រាក​រហូតត្រូវរត់រកព្រះធម៌​រំលត់ទុក្ខ។ បញ្ហាកើតឡើងច្រើនសន្ធឹក តែព្រះសង្ឃបែរផ្តល់ត្រឹមឱវាទ “រឿងដែលអ្នក​បានជួបក្នុងជាតិនេះ គឺជារឿងរបស់កម្ម​ដែលអ្នកបានសាងទុកក្នុងអតីត ហើយតម្រូវឲ្យអ្នក​លុបលាងតបសង។ ដំណោះស្រាយ គឺត្រូវធ្វើចិត្តនៅជាមួយបច្ចុប្បន្នឲ្យបានល្អ”។ តើបញ្ហាដែលលោក នុ បានសាងកាលពីច្រើនឆ្នាំមុន ពិតជាអាចបញ្ចប់ត្រឹម​ការតាំងចិត្ត​ស្ងប់រស់នៅឲ្យបានល្អមែនរឺយ៉ាងណា?

តើការធ្វើអាក្រក់​តបស្នងនូវទង្វើអាក្រក់​របស់អ្នកដ៏ទៃដែលបានសាង​ដាក់ខ្លួនជាដំណោះស្រាយ​ត្រឹមត្រូវដែររឺទេ? តើការស្រលាញ់មនុស្សម្នាក់​យ៉ាងខ្លាំងរហូតលែងបែងចែក​អាក្រក់ ល្អ គុណ និងទោស គឺជាកំហុស​មែនរឺបែបណា? តើការស៊ូទ្រាំរងទុក្ខ​ចាំមនុស្សម្នាក់​រាប់រយខែឆ្នាំនឹងទទួលបានផល​តបស្នងបែបណា? សូមកុំភ្លេចរង់ចាំទស្សនា​ការផ្សាយផ្ទាល់រឿង «នាងបាប» តាមរយៈទូរទស្សន៍PNN រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៦ រហូតម៉ោង៧យប់៕

អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.