ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០១៩

តោះ អានលេងៗ​កំដរ​ភាគទី២០​យប់នេះ!

០៧ ឧសភា ២០១៩

«មនុស្សស្រី​រៀបការ​ត្រូវតែតាមប្ដី ខ្ញុំប្រាប់លោក​ច្រើនដងហើយ វាមិនមែនជាកំហុស​អ្នកណាទាំងអស់ អ្នកណាក៏ធ្លាប់​មានអតីតកាលដែរ លោកត្រូវរៀនបំភ្លេចវា!»
ហួត ស៊ីវ ក៏ក្រោកឡើងដែរ គាត់និយាយខ្សោយៗ​តែសង្កត់ពាក្យធ្ងន់ៗ៖
«តែខ្ញុំបំភ្លេចនាងមិនបាន! ខ្ញុំបំភ្លេចអីក៏បាន! ប៉ុន្តែក្នុងចំណោម​កូននាងបីនាក់ មានពីរនាក់​ជាកូនរបស់ខ្ញុំទៅហើយ! ខ្ញុំមិនមែនចិត្តថ្ម​ដូចនាងទេកុសុមា! បើនិយាយពីប្ដី! ខ្ញុំទើបជាប្ដីរបស់នាង!»
សក្ខណា ទទួលអារម្មណ៍​ដូចផែនដីបាក់ធ្លាក់សង្កត់ នាងយល់ថាខ្លួនឯង​គ្មានអារម្មណ៍ដកដង្ហើមទេ នាងរត់គ្មានស្គាល់​ទិសតំបន់ចេញឆ្ងាយ​ពីមនុស្សចាស់​ទាំងពីរនាក់ នោះ កាន់តែឆ្ងាយកាន់តែល្អ។ សក្ខណា ឡើងដល់រថយន្ត​តាំងពីពេលណា​ក៏មិនដឹងខ្លួន នាងបើករថយន្តចុះឡើងពេញទីក្រុងភ្នំពេញ ដោយដៃម្ខាង​ជូតទឹកភ្នែក​ទឹកសំបោរមិនចេះរីងស្ងួត។

ទោះបីនាងមកពីប្រទេសមួយ ដែលមនុស្សប្រកាន់យក​នូវទស្សនបើកចំហ មិនរវល់រឿងឯកជន​របស់អ្នកណា ប៉ុន្តែការពិត​របស់ម្ដាយនាង​មិនអាចឲ្យនាង​ទទួលយកបានជាដាច់ខាត។
តើអ្នកណាទៅ​នៅក្នុងចំណោម​ពួកយើងទាំងបី ដែលជាកូន​របស់បុរសមុខក្រាស់នោះ នាងសួរខ្លួនឯងហើយសួរទៀត យំហើយយំទៀត ទាល់តែខ្សោះកម្លាំង​លែងអាចបើកឡានតទៅមុខ​ទើបព្រមចតស្ងៀមនៅក្បែរ ផ្លូវ។
កណ្ដាលរាត្រីស្ងាត់ជ្រងំ ប៉ែន ពេជ្រសក្ខណា នៅសោយសោកម្នាក់ឯង អស់ចិត្តអស់ចង់​ទើបបត់ឡាន​ហួសទៅកាន់មន្ទីរពេទ្យ។
នៅពីក្រៅបន្ទប់​ដែលឪពុកខ្លួនសម្រាន្ត នាងបង្ហើបទ្វារលប​មើលលោក ហើយថយមកឈរយំ​សាជាថ្មីអាណិតអ្នកមានគុណ។
«ប៉ា! បើប៉ាដឹងរឿងឆ្កួតអស់នេះ តើប៉ាឈឺចាប់យ៉ាងណាទៅ មិត្តសម្លាញ់របស់ប៉ា​ចិញ្ចឹមចិត្តលើភរិយា​របស់ប៉ាជាយូរមកហើយ ហើយកូនរបស់ប៉ា​បីនាក់ គេថាមានពីរនាក់​ជាកូនរបស់គេ?»
នាងឃើញខ្លួនឯង​នៅក្នុងផ្ទាំងកញ្ចក់​មន្ទីរពេទ្យ ភ្នែកយំហើមជាំ​បើទុកឲ្យឪពុកនាង​ភ្ញាក់ដឹងខ្លួន​មកឃើញ តើនាងអាចឆ្លើយ​នឹងសំណួរ របស់លោកដោយវិធីណា។
ស្រីតូចពិតជាយល់ថា ខ្លួនគ្មានកន្លែងដែលត្រូវទៅមែននៅក្នុងយប់នេះ។
នាងនឹកឃើញដល់ ពៅបញ្ញា ប៉ុន្តែ ពៅបញ្ញា មិននៅភ្នំពេញទេ គឺជាប់បេសកកម្មនៅខេត្ត ដូច្នេះនាងគ្មានអ្នកដើម្បីនិយាយជាមួយឡើយ។
បើមិនទៅផ្ទះម្ដាយ គឺមានតែទៅផ្ទះឪពុក ស្រីស្អាតបរឡានយឺតៗ​ទៅដល់គេហដ្ឋាន​របស់ឪពុកក្នុងពេល​យប់ជ្រៅណាស់ទៅហើយ។
«អ្នកនាងសក្ខណាយប់ម្ល៉េះ?»
អ្នកបម្រើវ័យចំណាស់​ក្នុងផ្ទះរបស់ ពៅបញ្ញា ពោលសួរទាំងទឹកមុខស្លន់ស្លោ។
ទោះបីសក្ខណានិង ពៅបញ្ញា ត្រូវគ្នាចាក់ទឹកមិនលិច ប៉ុន្តែគេមិនដែលឃើញ​កូនស្រីពៅនៃផ្ទះភរិយាដើម មកលេងផ្ទះភរិយាទីពីរ​ក្នុងវេលាថ្មើរណេះឡើយ។ ចុះបើពេលនេះនាង​ទុកឡានចោល​ច្រងាងមិនមាត់មិនក យួរកាបូបដើរយឺត​ចូលទៅក្នុងផ្ទះ មិនឲ្យស្ត្រីចំណាស់​ទាំងពីរកើតសង្ស័យម្ដេចនឹងកើត?
មីងសែម លាន់មាត់សាជាថ្មី​ដោយកិរិយាគោរពខ្លាចចិត្ត៖
«អ្នកនាងពៅមិននៅទេ ប៉ុន្តែយប់ណាស់ហើយ​អ្នកនាងសក្ខណា​សម្រាន្តនៅទីនេះហើយ កុំចេញទៅណាទៀត!»
សក្ខណា លាន់មាត់តបវិញ​ខ្សឹបៗព្រោះគ្មាន​កម្លាំងកំហែង៖
«មីង ខ្ញុំសូមគេងនៅបន្ទប់ពៅបញ្ញាហើយ!»
ស្ត្រីចំណាស់តបវិញដោយគោរពឱនលំទោន៖
«ចាស! អញ្ជើញអ្នកនាង! ម៉ោះខ្ញុំជួយយកកាបូបទៅ!»
«មិនបាច់ទេមីងយប់ជ្រៅហើយ! មីងនាំគ្នាទៅសម្រាន្តចុះ បន្ទប់ពៅបញ្ញា ខ្ញុំស្គាល់ច្បាស់!»
ស្រីតូចដើរយឺតឆ្ពោះទៅជាន់ទីមួយ។ អ្នកបម្រើនាំគ្នាបិទភ្លើងភ្លឹប ពីក្រោយខ្នងធ្វើឲ្យផ្ទះ​ដ៏ធំដែលស្ងាត់ជ្រងំ​ស្រាប់ទៅហើយនោះ កាន់តែស្ងាត់លើសមុនទៅទៀត ព្រោះងងឹតស្លុប។
ជើងនាងឈានស្រាល​លើកម្រាលព្រំ​តម្រង់ទៅបន្ទប់​ប្អូនស្រីម្ដាយទីទៃ ចៃដន្យអីទ្វារបន្ទប់​មិនបានបិទជិតឡើយ។ នាងជ្រួញចិញ្ចើម​រេភ្នែកសម្លឹងទៅខាងក្នុង​ដែលស្ទើរងងឹតស្ទើរភ្លឺ  ព្រោះអ្នកដែលកំពុង​នៅខាងក្នុងបន្ទប់​ហាក់គ្មានចេតនាបើកភ្លើង បំភ្លឺពេញទំហឹងទេ។
តាមប្រឡោះប្រមាណបីធ្នាប់ ដៃស្រីតូចឃើញខ្នងបុរសម្នាក់​កំពុងឈរអានអ្វីម្យ៉ាង​មានសណ្ឋានដូច ជាសន្លឹកក្រដាសច្រើនសន្លឹក ដោយបែរមុខទៅរកមាត់បង្អួច។
ដោយសារជួបបុរសនេះ​កាលណាមានរឿងក្ដៅចិត្ត​កាលនោះ ដូច្នេះនាងនៅចំណាំគេបាន។

ស្រីតូចដកថយ​ចេញពីទីនោះ​ទាំងចោទសួរក្នុងចិត្តខ្លួនឯងស្ងាត់ៗ៖
«យើងពិបាកចិត្ត រហូតដល់ច្រឡំបន្ទប់ពៅបញ្ញា?»
នាងដើរបកក្រោយ​ឆ្ពោះមកកាន់កាំជណ្ដើរវិញ ស្របពេលអ្នកបម្រើស្រី​ដដែលលើកភេសជ្ជៈ​មួយកែវមកដល់។
សក្ខណាពោលសួរខ្សឹបៗទាំងមួហ្មង៖
«ហើយមីង? ម្នាក់ហ្នឹងដល់ថ្នាក់មកនៅផ្ទះនេះហើយអ្ហេះ?»
ដំបូងអ្នកបម្រើរៀងឡិងឡង់​មិនដឹងនាងចង់សំដៅលើអ្នកណា តែបន្ទាប់មក​គាត់ក៏នឹកឃើញដល់​ជំនួយការរិទ្ធិ​ ដែលទើបតែត្រលប់មក ពីមន្ទីរពេទ្យ គាត់ឆ្លើយតបវិញ៖
«អូ ជំនួយការរិទ្ធិ? គាត់ទើបតែស្នាក់នៅផ្ទះនេះ​មួយរយៈពេល​ដែលលោកឧកញ៉ាធ្លាក់ខ្លួនឈឺ ព្រោះអ្នកនាងពៅ​យល់ថាយើងមិនមានមនុស្សប្រុស​គ្រាន់នឹងបានពឹង ពាក់!»
សក្ខណាខាំមាត់​ព្រោះទទួលអារម្មណ៍ថាធុញទ្រាន់ សូម្បីតែឮឈ្មោះបុរសនេះ។ នាងទទួលកែវទឹកពីដៃអ្នកបម្រើ​ហើយដេញគាត់ឲ្យទៅសម្រាកសាជាថ្មី។
សក្ខណាបែរក្រោយដើរត្រលប់មករកបន្ទប់គេងវិញ ហើយមិនខ្ចីទាំងងាកមើលបន្ទប់ពៅបញ្ញាដែលរិទ្ធិកំពុងមានវត្តមាននៅ ទីនោះ ដើម្បីស្វែងរកភស្តុតាងនៃគម្រោងការរតនៈសោភ័ណ។
ដូច្នេះនាងបង្ហួសទៅកាន់បន្ទប់ផ្សេងមួយទៀត ដែលតាមពិតទីនោះទើបបន្ទប់ជាបន្ទប់របស់ជំនួយការនេះ។
ក្នុងភាពធ្លាក់ទឹកចិត្តនិងល្វើយហួសហេតុនាងបិទទ្វារទៅវិញ ដោយមិនខ្ចីទាំងចុចភ្លើងបើក ពន្លឺភ្លើងជះពីខាងក្រៅមកតាមចន្លោះវាំងននមាត់បង្អួច ដែលបិទមិនទាន់ជិតបានបង្ហាញគ្រែដំណេកធំច្រងាងមួយ នាងបោះកាបូបទៅលើគ្រែនោះហើយទាញវាំងននបិទបង្ហើយ ធ្វើឲ្យផ្ទៃបន្ទប់ទាំងមូលទៅជាងងឹតសូន្យសុង។
សក្ខណាទម្រេតខ្លួនទៅលើគ្រែទាញភួយដណ្ដប់ មិនរវល់សូម្បីតែថាក្លិនទឹកអប់សេសសល់ក្នុងបន្ទប់នេះ មិនមែនជាក្លិនមនុស្សស្រីក៏ដោយ។ ពេលវេលារំលងទៅក្នុងភាពទុក្ខសោកនិងស្ងាត់សូន្យឈឹង សក្ខណាលង់លក់សន្សឹមៗនៅក្រោមការបបោសអង្អែលដោយចំហាយម៉ាស៊ីន ត្រជាក់។ នាងមិនបានដឹងទេថា ម្ចាស់បន្ទប់ពិតប្រាកដកំពុងដើរវិលត្រលប់មកវិញទាំងហត់នឿយនិងរក កន្លែងសម្រាកដូចគ្នា។
អ្នកប្រុសទីពីរ ហួត ខេមរិទ្ធិ ដែលតឹងតែងក្ដុកក្ដួលចិត្តពេញមួយថ្ងៃ ក្រោយពីបានដឹងការពិតនៃប្រវត្តិដ៏ក្រៀមក្រំរបស់គម្រោងធុរកិច្ច មានតែឈ្មោះគ្មានការពិតនោះ គេប្រាស់ខ្លួនទៅលើគ្រែដូចសព្វដងក្នុងពេលរាងកាយទាំងមូលពិតជា ហត់នឿយដល់កម្រិត ប៉ុន្តែខួរក្បាលនៅច្របូកច្របល់ជាមួយបញ្ហាជាច្រើនជំពូក។
គេខំធ្មេចភ្នែកបង្ខំរាងកាយឲ្យសម្រាក…។
ពីរបីនាទីរំលងទៅដៃអ្នកណាម្នាក់ទន់ល្មើយលើកគងមកលើខ្នងគេ ធ្វើឲ្យភ្នែកអ្នកប្រុសទីពីរដែលខំសម្ងំបិទបើកខ្វាកមកវិញដោយ ស្វ័យប្រវត្តិ…..
ជួបរឿងជាច្រើនពេញមួយថ្ងៃបេះដូងនៅញាប់ញ័រមិនទាន់បាត់បែរជា កណ្ដាលរាត្រីងងឹត ហើយក្នុងទីដំណេកខ្លួនឯងផ្ទាល់ ស្រាប់តែទទួលអារម្មណ៍ថាមានមនុស្សម្នាក់ផ្សេងទៀតកំពុងមានវត្តមាន ក្បែរ តើប្រតិកម្មបែបណាដែលគេនឹងបញ្ចេញឡើងក្នុងពេលនេះ?។
អ្នកប្រុសទីពីររបស់ ហួត ស៊ីវ បែរក្រោយរហ័ស ដូចផ្លេកបន្ទោរហើយយាជើងធាក់រាងកាយដែលនៅពីក្រោយខ្លួនរបូតខ្ពាក ទៅលើឥដ្ឋ។
កុំភ្លេចអានហើយទស្សនាផង! យប់នេះម៉ោង១៩និង៥០នាទី លើកញ្ចក់ទូរទស្សន៍ភីអិនអិន!

Copyright © 2017 PNN TV. All Rights Reserved.