© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រវល់ពេកមិនបានមើលរឿងភាគខ្មែរ «ដែនដីស្នេហ៍អាថ៌កំបាំង» តាំងពីភាគទីមួយមែនទេ? អត់យល់អំពីទំនាក់ទំនងតួអង្គ ពិបាកតភាគមែនទេ? ឥលូវអស់បារម្ភហើយ ព្រោះក្រុមការងារ PNN អាចជួយបាន។ ចំណាយពេលខ្លី អានតែបន្តិចក៏យល់សាច់រឿងបាន រកឯណាបាន? តោះអានទាំងអស់គ្នា៖
ភាគទី០១៖
ឆ្លុះបញ្ជាំងអំពីបែបផែននៃការរស់នៅរបស់មនុស្សពីរក្រុម ដែលបែងចែកគ្នាប្រៀបដូចកុលសម្ព័ន្ធពីរផ្សេងគ្នា អមដោយលម្អធម្មជាតិយ៉ាងត្រកាល មានព្រៃពណ៌បៃតងស្រស់ ទេសភាពដ៏ទាក់ទាញមើលពីលើខ្នងភ្នំ និងទិដ្ឋភាពទីតាំងដ៏ប្រណិតជាច្រើនកន្លែងទៀតនៅលើភ្នំ «ដែនដីស្នេហ៍អាថ៌កំបាំង» ផ្តើមដំណាលរឿងដំបូង ដោយការបង្ហាញអំពីទំនាស់រវាងភូមិខ្យាន និងភូមិសិលា។
ត្បិតការរស់នៅជាលក្ខណៈភូមិធំដូចគ្នា តែតំបន់ទាំងពីរនេះមានការគ្រប់គ្រងមិនដូចគ្នាទេ ខ្យានជាតំបន់ផ្តាច់ការ ដឹកនាំដោយអំណាចគៀបសង្កត់ ឯសិលាជាភូមិមានមេដឹកនាំល្អប្រកបដោយទសពិធរាជធម៌។ ទោះភូមិទំាងពីរមានភាពខុសគ្នាច្រើនចំណុច តែក៏នៅមានចំណុចរួមគ្នាមួយ នោះគឺពួកគេមានត្បូងពេជ្យម្នាក់មួយគ្រាប់ក្នុងដៃរៀងខ្លួន។ កល្បាណអនាគតរាជិនីគ្រប់គ្រងនៅតំបន់ខ្យានជាស្រីស្អាតគ្មានគេផ្ទឹម ហើយពោរពេញដោយភាពក្លាហានអង់អាចមិនចាញ់បុរស ឯរិទ្ធិស័ក្តជាកូនប្រុសមេដឹកនាំភូមិសិលាក៏ជាបុរសសង្ហាមានសម្ថភាពខ្លាំងក្លាក្នុងការធ្វើចម្បាំង ហ្វឹកហាត់កម្លាំងការពារគ្មានគូប្រៀបដូចគ្នា។
តាកុយជាមេដឹកនាំផ្តាច់ការម្នាក់រស់នៅភូមិខ្យាន មានប្រពន្ធឈ្មោះយាយហាន់ ជាដៃគូរួមគំនិតសំខាន់រៀបផែនការចេញប្លន់ស្បៀងរបស់អ្នកភូមិសិលា
កញ្ញា ឌួង ម៉ានិច សម្ដែងជាតួអ្នកនាង កល្យាណ ជាអ្នកគ្រប់គ្រងនៅភូមិខ្យាននាថ្ងៃអនាគត
លោក ណាខុន សម្តែងជាតួ រិទ្ធិស័ក្ត ជាកូនប្រុសដ៏ក្លាហានរបស់អ្នកដឹកនាំប្រចាំភូមិសិលា
ភាគទី០២៖
ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំល្អប្រចាំតំបន់ខ្យាននាថ្ងៃខាងមុខ កល្យាណ ជាអនាគតរាជិនីប្រចាំភូមិ នាងបានសម្រេចចិត្តបន្លំខ្លួនចេញទៅរស់នៅលាយឡំគ្នាជាមួយអ្នកភូមិ ស្វែងយល់ពីមូលហេតុពិតប្រាកដនៅពីក្រោយបញ្ហាមួយចំនួន ដែលតែងបង្កជាភាពចលាចល វឹកវរមិនឈប់ក្នុងដែនដីរបស់នាង។ តាមរយៈការងារជាអ្នកបម្រើ និងចម្អិនអាហារក្នុងកន្លែងផឹកស៊ីមួយនៅក្នុងភូមិ កល្យាណ ក្នុងរូបភាពមនុស្សថ្មីម្នាក់ទៀតមានឈ្មោះថា មាលា នាងបានរកឃើញក្រុមមនុស្សជាច្រើនដែលតែងបៀតបៀនបង្កជាបញ្ហាមិនឈប់ រំខានការរស់នៅរបស់អ្នកស្រុក។ ខ្យានមិនត្រឹមជាដែនដីពោរពេញដោយការលួចប្លន់ ជម្រិតទារពន្ធ បង្ខំរំលោភគ្រប់រូបភាព តែក៏មានអ្នកដឹកនាំច្រើន ហើយបែងចែកជាក្រុមផ្សេងៗពីគ្នាថែមទៀត។
តាមរយៈការងារជាជំនួយការចុងភៅ និងជាអ្នកលើកអាហារជូនភ្ញៀវ អនាគតរាជនីប្រចាំតំបន់ខ្យាន នាងបានប្រើឈ្មោះថ្មី គឺអ្នកនាងមាលា
ភាគទី០៣៖
មិនត្រឹមជាដែនដីរុងរឿង តែសិលាក៏ជាភូមិពោរពេញទៅដោយអ្នកក្លាហានថែមទៀត ព្រោះមាន រិទ្ធស័ក្ត ជាមេទ័ពខ្លាំងក្លាប្រចាំភូមិហើយ ថែមទាំងប្អូនស្រីរបស់នាយឈ្មោះ នាងឆាយា ក៏ជាក្មេងម្នាក់មានចិត្តមោះមុត ចូលចិត្តហ្វឹកហាត់រៀនក្បួនការពារខ្លួនពីបងប្រុសញឹកញាប់។ ចំណែកខាងខ្យាន ជាភូមិបដិបក្សម្ខាងទៀត មិនត្រឹមមានបញ្ហាស្មុគស្មាញច្រើនឡើយ តែទំនាក់ទំនងប្រេះឆាគ្នារវាងភូមិភាគទាំងបីនៃតំបន់នេះ ក៏ប្រែប្រួលឈានដល់ដំណាក់កាលថ្មីមួយទៀតដែរ ព្រោះកូនប្រុសមេដឹកនាំខ្យានខាងលិច បានតាមល្រលាញ់កូនគ្រូថ្នាំដ៏ល្បីល្បាញម្នាក់នៅខ្យានកណ្តាល។
មេទ័ព រិទ្ធិស័ក្ត ពង្រឹងការហ្វឹកហាត់កម្លាំងការពារភូមិសិលា
ភាគទី០៤៖
ក្រោយអ្នកនាង កល្យាណ ប្ដូរឈ្មោះជា មាលា បន្លំខ្លួនធ្វើជាអ្នកបម្រើធ្វើការនៅកន្លែងផឹកស៊ីមួយក្នុងតំបន់ខ្យាន ហើយបានរកឃើញប្រភពបញ្ហា និងស្គាល់មុខក្រុមអ្នកបង្ករឿងច្បាស់រួចមក នារីក្លាហានរូបស្រស់យើង ក៏ផ្តើមអនុវត្តន៍ផែនការដាក់ថ្នាំបំពុលសម្លាប់ជនទុច្ចរិតទាំងនោះតែម្តង។ ស្របពេលដែល តាកុយ និង យាយខាន់ ជាអ្នកដឹកនាំផ្តាច់ការតំបន់ខ្យានខាងកើត ចេញមុខស្វែងរកឃាតករសម្លាប់កូនចៅខ្លួន លោកម្ចាស់នាគខ្មៅជាអ្នកដឹកនាំតំបន់ខ្យានខាងលិចក៏ចេញមុខរៀបផែនការចាប់បង្ខំគ្រូថ្នាំនៅខ្យានកណ្តាល យល់ព្រមលើកកូនស្រីឲ្យរៀបការជាមួយកូនប្រុសខ្លួនដូចគ្នា។
លោក មារ ជាកូនប្រុសលោកម្ចាស់នាគខ្មៅ អ្នកគ្រប់គ្រងផ្តាច់ការនៅខ្យានខាងលិច
អ្នកនាង កង កែវ កូនលោកគ្រូចក្រាជាគ្រូផ្សំថ្នាំដ៏ល្បីនៅខ្យានកណ្តាល
ភាគទី០៥៖
ស្ថានភាពរឿងកាន់តែតានតឹង កុលសម្ព័ន្ធសិលា ដែលធ្លាប់ជាទឹកដីសុខសាន្តប្រកបដោយភាពរុងរឿងរហូតមកនោះក៏ជួបគ្រោះអកុសល្យហើយ ព្រោះការដឹកជញ្ជូនស្បៀងផ្គត់ផ្គង់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ ឆ្លងកាត់ទឹកដីកុលសម្ព័ន្ធខ្យានត្រូវបានគេវាយឆ្មក់ប្លន់យកអស់។ ឯផ្ទះគ្រូថ្នាំ ចក្រា នៅខ្យានកណ្តាលក៏ត្រូវកូនចៅលោកម្ចាស់នាគខ្មៅនៅខ្យានខាងលិចបំផ្លាញអស់ រហូតគ្រូព្យាបាលរូបនេះបង្ខំចិត្តបញ្ជូននាង កង កែវ ជាកូនស្រី ទៅរស់នៅជាមួយញាតិនៅកន្លែងផ្សេងទៀត។
ទាហានរបស់កុលសម្ព័ន្ធសិលាដែលរងរបួសក្នុងគ្រោះថ្នាក់វាយប្លន់ស្បៀងនៅដែនដីខ្យាន
អ្នកនាង កង កែវ សម្រក់ទឹកភ្នែកនឹកស្រណោះឪពុក មិនគួរព្រាត់ប្រាស់គ្នា ព្រោះរឿងអនាគតរបស់ខ្លួន
ភាគទី០៦៖
សង្គ្រាមវាយដណ្តើមស្បៀងរបស់អ្នកភូមិសិលា ពីសំណាក់ក្រុមទាហានខ្យានខាងកើតស្ថិតក្រោមការបញ្ជារបស់ប្តីប្រពន្ធតាកុយ និងយាយខាន់ មិនត្រឹមប្លន់របស់ទេ តែក៏ចាប់ខ្លួនទាហានរបស់មេទ័ព រិទ្ធិស័ក្តអស់ម្នាក់ទៀត។ ក្នុងពេលតែមួយ ដែល រិទ្ធិស័ក្ត រៀបផែនការបន្លំខ្លួនចូលទឹកដីខ្យានរំដោះកូនទាហានខ្លួន អ្នកនាង កល្យាណ ជាអនាគតរាជិនីតំបន់នេះ ក៏ចាញ់បញ្ឆោតយាយខាន់ ស្ទើរត្រូវឃាតករសម្លាប់ដូចគ្នា។
រិទ្ធិស័ក្ត ចូលទឹកដីកុលសម្ព័ន្ធខ្យានខាងកើតត្រួតពិនិត្យស្ថានភាព មុនសម្រេចចូលរំដោះកូនទាហានខ្លួន
អ្នកនាង កល្យាណ ចាប់បានឃាតករដែលលបតាមធ្វើឃាតនាង
ស្ថិតក្នុងទឹកដីខ្យានខាងកើតតែមួយដូចគ្នា តើអនាគតរាជិនីតំបន់ខ្យាន និងលោកមេទ័ព រិទ្ធិស័ក្ត គ្រប់គ្រងនៅកុលសម្ព័ន្ធសិលាអាចមានវាសនាបានជួបបគ្នាដែររឺទេ? កុំភ្លេចរង់ចាំទស្សនាភាគបន្តរឿង «ដែនដីស្នេហ៍អាថ៌កំបាំង» ដែលនឹងចាក់ផ្សាយតាមរយៈទូរទស្សន៍PNN នាវេលាម៉ោង៨ រហូត៩យប់រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍៕
ដោយ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖