© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វគ្គក្រោយ ការបង្ហាញខ្លួនរបស់ ប៉ែន ពេជ្រសក្ខណា សម្តែងដោយ សាឡត់ស្រីឡាង។
តោះអានយកតែម្តង!
«លោកនាយកធនាគារ ហួត យុត្ថនា មែនអត់?»
នាងនិយាយរួសរាយតាមបែបបស្ចិមមិនរវល់នឹងភាពទើសទាល់របស់ប្អូនស្រីខ្លួន។
យុត្ថនាបង្ហាញឫកពាគួរសម៖
«អ្នកនាងគឺ…?»
«ខ្ញុំ ប៉ែន ពេជ្រសក្ខណា»
ពៅបញ្ញាហួសចិត្តនាងងាកមុខចេញទាំងលបគិតក្នុងចិត្តម្នាក់ឯង៖
«នាងឡប់នេះ! ប្រឹងណែនាំខ្លួនឲ្យគេទៅ ឯងបែបស្មានថាគេនឹងចូលចិត្តប៉ាយើងណាស់ហើយ»
បុស្បានារីក្រោកពីកៅអីសន្សឹមៗក្នុងពេលដែលយុត្ថនាបែរទឹកមុខ ព្រោះឮត្រកូល ប៉ែន ពេជ្រ របស់នាង។
«ម្នាក់នេះឈ្មោះ ប៉ែន ពេជ្រសក្ខណា អីចឹងមានតែស្រីខ្មៅម្នាក់ទៀតនេះ ជាមេធាវី ប៉ែន ពៅបញ្ញាមែន?»
នាងគិតហើយរេភ្នែកសម្លឹងពៅបញ្ញា។ ទោះបីបបូរមាត់នាងខំញញឹម ប៉ុន្តែភ្នែកនាងគឺពិនិត្យពៅបញ្ញាមិនឲ្យសល់កន្លែងណាមួយទេ។ មេធាវីស្រីរូបនេះក៏ជាតួអង្គសំខាន់ ដែលឪពុកមានាងបានរៀបរាប់ប្រាប់នាងជារឿយៗ។ តែដោយសារឃើញថាពៅបញ្ញាងាកសម្លឹងទៅទីផ្សេងធ្វើហី បុស្បារេភ្នែកមករកយុត្ថនាវិញម្ដង។ វត្តមានរបស់មេធាវីស្រីសម្បុរស្រអែមពិតមានឥទ្ធិពលកែប្រែកែវភ្នែក លោកនាយកធនាគារឲ្យទៅជាអណ្ដែតអណ្ដូង។ ទិដ្ឋភាពនេះមិនអាចលាក់ជិតពីការតាមសំគាល់ដោយការពិនិត្យពិច័យ របស់នារីម៉ូដែលឡើយ។
«លោកពិតជាលង់ស្រីខ្មៅងងឹតម្នាក់នេះមែនឬយុត្ថនា?»
នាងគិតក្នុងចិត្តតែម្នាក់ឯង។ ចំណែកបេះដូងរបស់យុត្ថនាក៏ផុសឡើងនូវសំណួរដូចគ្នា៖
«ស្រីឆ្នាសនាងបាត់ទៅណាយូរម៉េស? ឃើញមុខគ្នាហើយធ្វើដូចមានគំនុំពីជាតិមុនមក»
ហាក់មិនចង់សូម្បីតែនិយាយមួយម៉ាត់ ពៅបញ្ញានិយាយបន្ទោសតិចៗទៅកាន់សក្ខណា៖
«ឯងនៅយូរម៉េសអត់ហេវបាយទេ?»
សក្ខណាញញឹមគួរសមចុងក្រោយដាក់នាយកធនាគារទើបចាកចេញទៅតាមប្អូនស្រីប្រដំប្រសងវ័យ។
«គេខំងើបទទួលឯង គ្រាន់តែគួរសមបន្តិចតបទៅគេវិញក៏អត់ដែរ ឯងវាកើតស្អីឯង?»
ពៅបញ្ញាអង្គុយសុខចិត្តសម្លឹងចានម្ហូប ព្រោះមិនចង់ងាកឆ្វេងស្ដាំក្រែងប្រទះឃើញបុរសនោះនិងស្រីស្អាតជា នារីម៉ូដែល នាំតែកើតចិត្តសៅហ្មងកាន់តែខ្លាំងឡើង។
«បើមិនស្គាល់ឯងទេ អ្នកមើលមកស្មានតែឯងប្រចណ្ឌពីរនាក់នោះហើយ មនុស្សរួសរាយរាក់ទាក់សោះ មកធ្វើមុខយ៉ាប់អីចឹងទៅរួច»សក្ខណាបន្ថែម។
«ចុះឯងឈប់និយាយបានហើយនៅ ញ៉ាំបាយបាននៅ ប្រុសម្នាក់នោះកុំឃើញគេខ្ពស់ កុំឃើញគេទើបតែបានងារជានាយកធនាគារ ចង់ទុកចិត្តទៅរាប់អានគេឲ្យសោះ! ទោះបីប៉ាគេនិងប៉ាយើងធ្លាប់ជាពួកម៉ាកក៏ដោយ គេឥលូវជាអីក៏យើងមិនដឹង ថ្ងៃមុនលោកជួបនិយាយជាមួយគេសុខៗស្រាប់តែលោកប៉ាគាំងបេះដូងចូល មន្ទីរពេទ្យ រហូតដល់ពេលនេះរកតែហានិយាយក៏មិនទាន់រួចផង ឃើញមុខគេកាលណាអស់ឆ្ងាញ់បាយអាលីង»
សក្ខណា សើចខឹករបៀបហួសចិត្ត នាងលើកកន្សែងសលើតុមកក្រាលទ្រាប់លើខ្លួនបណ្ដើរនិយាយបណ្ដើរ៖
«កោតតែឯងរៀនមេធាវី រៀនដើម្បីការពារគេឬដើម្បីចោទប្រកាន់ទេ? ថ្ងៃនោះឯងឃើញហើយតើ ពេលយើងដើរចូលទៅគេក៏ដើរចេញមក គេញញឹមស្រស់ដាក់ឯង បានន័យថាពេលគេជួបលោកប៉ាគ្មានរឿងអីកើតឡើងទេ លោកប៉ាទើបតែមានរឿងលុយ១១លាននោះ ស្ថានភាពជំងឺឡើងចុះជារឿងធម្មតា នៅសុខៗឯងចោទប្រកាន់គេ មិនយល់ថាហួសហេតុពេកទេអី?»
ពៅបញ្ញា លែងនិយាយស្ដី នាងលើកអាហារបញ្ចុកដាក់មាត់ទាំងគ្មានសូម្បីតែរសជាតិបន្តិច។ នាងនិយាយក្នុងចិត្តម្នាក់ឯងស្ងាត់ៗ «ឯងមិនស្គាល់គេទេសក្ខណា ហើយស្នាមញញឹមគេកាលពីថ្ងៃនោះ គឺញញឹមឌឺដងយើង! មនុស្សដូចគេមិនដែលចេះញញឹមដាក់អ្នកណាដោយស្មោះទេ គេកើតមកសម្រាប់តែនិយាយគ្រោតគ្រាត បញ្ឈឺចិត្តអ្នកដទៃនិងធ្វើឲ្យអ្នកដទៃឈឺចាប់តែប៉ុណ្ណោះ» ។
ជួបគ្នាឡើងវិញ ថ្ងៃពុធទី១៤នេះ!
ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ លើភីអិនអិន ម៉ោង១៩និង៥០នាទី!
ដោយ៖