© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ត្បិតតែរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» មានឆាកធំៗច្រើនតែឆាកមួយនេះអ្នកអានគ្រប់គ្នាសុទ្ធតែអះអាងថាអានច្រើនដងដែរ គឺឆាកដែល ហួត យុត្ថនា ក្តៅចិត្តពេលឃើញតួស្រីនៅក្នុងពិធីជន់លៀងជាមួយរ៉ូបសូត្រស្អាតដូចទេពអប្សរ បង្អួតភ្នែកពួកអភិជន គេក៏ហៅបង្ខំមេធាវីស្រីអោយឡើងឡានទៅជាមួយ។
----
«call រកអ្នកនាងធំមិនស្រួលប៉ុន្មានមែន!?»
គេនៅតែឌឺដងនិងបញ្ឆិតបញ្ឆៀងជានិច្ចក្នុងឃ្លាសន្ទនានីមួយៗ។ ស្រីស្អាតមិនដឹងត្រូវតបយ៉ាងណា ថាយ៉ាងណាឡើយសម្រាប់ភាពគ្មានហេតុផលនេះ នាងនៅស្ងៀមដូចទុកឱកាសឲ្យខ្លួនឯងបានដកដង្ហើមបន្ធូរភាព តឹងទ្រូង តែអ្នកប្រុសធំដូចជាមិនចង់ឲ្យនាងដកដង្ហើមស្រួលទេ គេនិយាយមកទៀតភ្លាម៖
«៥នាទី!!! ខ្ញុំចាំនាងនៅខាងក្រោម! នៅកន្លែងចតឡាន! ចំណត A1»
ភ្ញាក់ចេញពីភាពស្មុគស្មាញតែទៅជាភាន់ភាំង នាងសួរដោយព្រាងទុក៖
«ហេតុអី?»
«នាងគ្មានសិទ្ធិសួរទេមេធាវី! »
«លោក??????»
«ទ្រនិចនាឡិកាដើរលឿនណាស់ ខ្ញុំចាប់រាប់ហើយ!! បើនាងយឺតតែមួយវិនាទី នាងកុំបន្ទោសខ្ញុំ!»
«លោកមានសិទ្ធិអីមកគំរាមខ្ញុំ!!»នាងសួរទាំងខឹងញ័រមាត់តែសំណើច នាយពីចុងម្ខាងស្រាលៗធ្វើឲ្យនាងនឹកឃើញដល់ Apartment ជាន់ទី៦កាលពីថ្មីៗនេះ។ ភាពស្មុគស្មាញខ្វល់ខ្វាយកើតឡើងក្នុងពន្លឺភ្នែកស្រីតូច។
«យុត្ថនា! ខ្ញុំទៅហើយ….! តែ….ខ្ញុំអត់ទាន់ដឹងថាលោកនៅឯណាទេ!»
នាងនិយាយតិចៗទាំងយកដៃខ្ទប់ទូរសព្ទ ព្រោះមិនចង់ឲ្យអ្នកផងឮ។
«សង្ឃឹមថាអត់យឺតទេណា៎!»
អ្នកប្រុសបិទទូរសព្ទមិនចង់ឮពាក្យតវ៉ារបស់នាងហើយគេញញឹម ម្នាក់ឯងក្នុងរថយន្តដែលបញ្ឈររង់ចាំរួចស្រេចក្បែរច្រកចេញនាទីធ្លាចំណតរថយន្ត ដែលប្រាកដថានាងមកដល់ក៏អាចឃើញគេភ្លាម។
ស្រីតូចដែលយោងកាយលើស្បែកជើងកែងតូចខ្ពស់ និងសំពត់រាត្រីសមោសរវែងអូសដីចាកចេញពីពិធីក្រោមភាពសោកស្ដាយរបស់កន្លង់នានា។
នាងឈររេរាដោយទឹកមុខបារម្ភដោយមិនដឹងទេថាទេសាភិបាលហក់លោតកំពុងអង្គុយកាន់ចង្កូតឡានសម្លឹងមកនាងជាការកម្សាន្ត។
នាងងាកមកក៏ឃើញគេមែន ព្រោះគេមិនមែនចង់លាក់ខ្លួនពួននាងឯណា។
ធីតា ពៅ បញ្ញា ដកដង្ហើមឃូរ រួចឈានជើងតម្រង់ទៅ។ មួយជំហានមួយជំហាននាងភ័យជានិច្ចថា បុរសនេះនឹងមិនដែលនាំរឿងល្អមកឲ្យនាងឡើយ។ ទោះនាងខំប្រឹងពន្យារពេលយ៉ាងណា ដើរយឺតយ៉ាងណានាងនៅតែទៅដល់ទីនោះ…
យុត្ថនាញញឹម ហើយធ្វើដៃជាសញ្ញាឲ្យនាងចូលមកក្នុងឡានដោយខ្លួនឯង។
គ្មានពេលណាមួយក្នុងជីវិត ដែល ពៅ បញ្ញា «ឈានឡើងជិះរថយន្តអ្នកណាម្នាក់ហើយគ្មានគេចាំបើកទ្វារជូននាងនោះឡើយ។
ភាពក្រអឺតក្រទមរបស់អ្នកប្រុសធនាគារធ្វើឲ្យស្រីអ្នកច្បាប់កាន់តែឆ្អែតចិត្ត។
នាងដើរមួយៗ សំដៅទៅរកនាយទាំងស្រពោន។ ទីបំផុតគេក៏មិនឈ្លើយដាក់ទងបុប្ផាពេកដែរ ។
នាយឈោងដៃមករុញទ្វារឲ្យអមដោយជាស្រេចនូវស្នាមញញឹម។
«ទៅណា?»នាងសួរជាលេសដំអក់នៅក្រៅទ្វារ។
ស្នាមញញឹមគេជ្រុះធ្លាក់ដល់ដីជំនួស មកវិញនូវក្រសែភ្នែកស្មើធេងលែងសម្លឹងនាង។ សម្ដីគេនៅតែជាយុត្ថនាដែលគំរោះគំរើយគ្មានក្រែងចិត្តចំពោះនាទីទ្រង់គ្រឿងឡើយ៖
«ចង់នៅឲ្យពួកប្រុសៗតាមសុំរលាក់ដៃម៉េស? ចូលចិត្តអញ្ចឹង?»
ស្រីស្អាតរេភ្នែកចេញទាំងសៅហ្មង។
គ្មានអ្នកនាងនៃគ្រួសារអភិជនណាមួយដែលអាចទម្លាប់បាននឹងពាក្យអសុរោះអស់នេះទេ តែ ពៅ បញ្ញាប្រាកដជាគ្មានជម្រើសហើយបានជានាងសង្កត់ចិត្តឈានឡើងឡានគេទាំងចិត្តទោមនស្សរកទីបំផុតគ្មាន។
ស្រីស្អាតទើបតែអង្គុយដល់ពូកយោងជើងទាំងគូឡើងរថយន្តមិនទាន់បានស្រួលបួលផង នាយបត់ចង្កូតចេញឡានវឹងធ្វើឲ្យនារីទប់កាយស្ទើរមិនជាប់របូត ធ្លាក់ស្បែកជើងកែងមួយចំហៀងខាងស្តាំនៅទីនោះហើយស្រឡាំងកាំង។
គេឈប់ឡានវិញង៉ឺតធ្វើឲ្យដើមទ្រូងស្រីស្អាតស្ទើរប៉ះទង្គិចនិង តួរថយន្តខាងមុខនាង….. នាងច្បាស់ជាច្រឡំហើយដែលគិតថាគេប្រហែលឈប់ឡានឲ្យនាងរើសស្បែកជើង ព្រោះថាគេគ្រាន់តែឱនមកទាញទ្វារបិទឲ្យនាងវិញគ្រាំង តែប៉ុណ្ណោះ។
ម្ដងណេះអ្នកប្រុសទីមួយចេញឡានវឹងលែងមើលក្រោយធ្វើឲ្យនាងសម្លឹងគេដោយខឹងចិត្តស្ទើរស្រក់ឈាមជំនួសទឹកភ្នែក។
គេញញឹមម្នាក់ឯងហើយទើបងាកមកប្រឈមនឹងនាង។
ក្រសែភ្នែកមុតថ្លារបស់ ពៅ បញ្ញា ដែលសម្លឹងមុខនាយឡើងថ្មែធ្វើឲ្យនាយ កាន់តែសប្បាយចិត្តព្រោះគេបានធ្វើឲ្យនាងខឹងពេញបន្ទុក ចំណែកសញ្ញាពេលខឹងរបស់នាងគឺសម្លឹងមុខគេដូចគ្រូសម្លឹងសិស្ស។
«ម៉េច? មិនល្អ? បានទុកស្បែកជើងម្ខាងដូច Cinderella ហើយ! គង់តែមានព្រះអង្គម្ចាស់តាមរកដល់ផ្ទះទេ! »
នាងកាន់តែខឹងមុខកាន់តែស្លេក នាងមិននិយាយព្រោះមិនចេះភាសាឌឺដងផ្លែផ្កាដូចនាយ តែចិត្តនាងគឺដូច
ភ្លើង១០០អង្សាទោះរំងាប់យ៉ាងណាក្ដី។
….មេធាវីកំព្រាម្ដាយ ដែលស្ពាយការអត់ធ្មត់លើសពីអ្នកផងខំទប់ណាស់ មិនឲ្យកំហឹងនាងរចនាជាទឹកភ្នែកកំដរការសប្បាយនៃបុរសនេះទេ។ នាងសង្កត់ចិត្តហើយសង្កត់ចិត្តទៀត ដើម្បីឲ្យសូរសម្លេងនាងនៅតែមាំទាំនឹងន៖
«ចង់យ៉ាងម៉េចក៏ឆាប់និយាយទៅ?»
គេនិយាយផូង៖
«អត់និយាយ! គឺធ្វើតែម្ដង!»
ស្មានមិនដល់គេឱនមកវឹងតម្រង់មុខនាងធ្វើឲ្យនាងតក់ក្រហល់ងាកចេញ៖
«មនុស្សរោគចិត្ត!»
នាងគិតទាំងទោសៈតែក៏មិនដាច់ចិត្តនិយាយចេញមកឲ្យឮដល់ត្រចៀកគេដែរ ក្នុងពេលភាគីបុរសញញឹមផ្គើននឹងវិនាទីសៅហ្មងរបស់នាង។
ភាគទី១១
…..ទិដ្ឋភាពរាត្រីកាលនៅរាជធានីភ្នំពេញរត់ថយក្រោយតាមល្បឿនរថយន្ត របស់ទេសាភិបាលថ្មីដែលដឹកស្រីស្អាតចាកចេញពីពិធីលំដាប់ អភិជន។ គេដោះអាវធំក្រាស់ឃ្មឹកនោះចេញព្រោះមិនទម្លាប់ហើយក៏បោះចោល កិរិយាជាអ្នកធំនៅក្នុងពិធីនោះ មកហួចលេងកំដរភាពសៅហ្មងរបស់ភ្ញៀវតូច។
ស្រីស្អាតក្នុងសំពត់សូត្រ តែរបូតបាត់ស្បែកជើងមួយចំហៀង ដៃក្ដាប់ទូរសព្ទយ៉ាងណែន ហើយអើតសម្លឹងសងខាងផ្លូវទាំងបារម្ភ។ ប្រការដែលសំខាន់គឺឲ្យតែគេមិនបើកឡានចេញពីក្រុងគឺជារឿងល្អសម្រាប់នាងក្នុងកាលៈទេសៈនេះ។
…ដំបូងនាងងងឹតមុខរហូតមិនខ្វល់ថាទៅណា តែចុងក្រោយនាងទើបតែដឹងថាជំនិះបានឈប់នៅទីតាំងមួយដែលនាងធ្លាប់ស្គាល់ តែខានមកជាយូរមកហើយ។
នាងនៅអង្គុយស្ងៀមទ្រឹង ព្រោះនឹកឃើញឡើងវិញនូវក្លិនផ្កាសារិកាកែវដ៏ក្រអូប ដែលនាងធ្លាប់ចំណាំបាននៅលើផ្ទះតូចខ្ពស់ងាយសម្លឹងឃើញលំហមេឃ ហើយដែលពេលលោកប៉ានាងនាំមកលេងពេលណាចាស់ៗនិយាយគ្នាខាងក្នុង ក្មេងៗលេងបេះផ្កាខាងក្រៅ។
….យុត្ថនាឈានចេញចោលជំនិះដោយរុញទ្វារបិទវិញគ្រាំង ដូចពញ្ញាក់ ពៅ បញ្ញា ឲ្យស្វាងចេញពីភាពស្រមើស្រមៃ។
នាងដឹងខ្លួនស្វាងអារម្មណ៍មកវិញក៏ឃើញវត្តមានគេឈរក្បែរកៅអី នាងទៅហើយ គឺគេដៃម្ខាងកាន់ទ្វារឡាន ដៃម្ខាងច្រត់ចង្កេះ ហើយសម្លឹងមកជើងនាងទាំងញញឹមបញ្ឈឺ។
«ត្រូវការឲ្យបីចុះទេ?»
មេធាវីឈ្ងោកដោះស្បែកជើងដែលនៅសល់ម្ខាងជាកិច្ចបង្ហើយបង្ហាញថា នាងនឹងដើរដោយជើងទទេហើយដៃស្ដាំស្រីស្អាតវាសរុញបុរសនោះចេញពីច្រកទ្វារ។
ទម្លាប់លែងនិយាយអ្វីទាំងអស់ក្នុងពេលខឹងគឺជាទម្លាប់របស់ ពៅ បញ្ញា។
នាងយោងសំពត់សូត្រដ៏មានតម្លៃឡើងទៅតាមច្រកចង្អៀតតូច ហើយងងឹតស្រពិចស្រពិលដែលនាងនៅចំណាំផ្លូវច្បាស់ធ្វើឲ្យអ្នកប្រុស ដែលនៅឈរពីក្រោយ បិទទ្វាររថយន្តតាមមើលនាងដោយប្ដូរទឹកមុខ។
«ខ្ញុំស្មានតែនាងភ្លេចកន្លែងនេះបាត់ទៅហើយ ពៅ បញ្ញា!»
គេគិតម្នាក់ឯងស្ងាត់ៗក្នុងចិត្ត ទាំងភាពទុក្ខព្រួយលេចចេញតាមពន្លឺភ្នែកផ្ទុយស្រលះពីស្នាមញញឹមរបស់គេ។
ទេសាភិបាលវ័យក្មេងបោះជំហានយឺតៗតែធ្ងន់តាមពីក្រោយនាងរហូតដល់ជាន់ខាងលើ។ គេដឹងថានាងដើរលឿនព្រោះមិនចង់ប្រឈមនឹងនាយក្នុងទីងងឹតនោះ រឹតតែមិនចង់និយាយរកនាយទៅទៀត។
«ស្មានថាមិននិយាយមិនស្ដីនាងគេចពីខ្ញុំរួច ពៅ បញ្ញា?»គេគិតហើយសើចស្ងួត។
ម៉្លោះហើយមកដល់ច្រកទ្វារដែលត្រូវចាក់សោរ នាងត្រូវទាល់ច្រកព្រោះទៅមុខលែងរួច។ ស្រីស្អាតនៅទ្រឹងមិនព្រមបែរក្រោយឡើយ ដោយទំហំចិត្តមានះ ប៉ុន្តែនាងកាន់តែឮស្នូរដង្ហើមនាយកាន់តែជិតឡើងៗរហូតដល់បេះដូង នាងត្រូវលោតញាប់ហើយទីបំផុត ដៃគេទាំងពីរដែលមានកាន់កូនសោផ្ទះផង បានក្រសោបនាងពីក្រោយតែម្ដង។
ពៅ បញ្ញា រើបម្រះចេញទាំងនៅក្ដៅចិត្តនិងរឿងមួយចំនួនជាពន់ពេក ដូចជាបាតជើងត្រូវប្រឡាក់ដីគគ្រាត សំពត់សូត្រដ៏វែងក្លាយជាក្រណាត់ជូតជណ្ដើរ ហើយចុងក្រោយនៅត្រូវចេញចោលពិធីមកតាមគេ។
នាងកាន់តែរើ គេក៏កាន់តែរឹតមិនលែងហើយធ្វើជាលោទៅចាក់សោបើកទ្វារតែចាក់ខុសរន្ធរហូត។
«បើមិននៅស្ងៀម មានតែឈរនៅហ្នឹងដល់ភ្លឺទាំងអស់គ្នា!»
គ្មានវិធីនាងមានតែនៅស្ងៀមហើយដកដង្ហើមឃូរលែងបម្រះទុកឲ្យគេ ចាក់សោបើកទ្វារ។ ទ្វាររបើកទៅក្នុងខ្វាកគេនៅតែមិនលែងដៃហើយរឹតនាងជាប់ក្បែរទ្រូងធ្វើឲ្យស្រីស្អាតអស់ពីក្ដៅចិត្ត ងាកមកសម្លក់គេត្លែ។ ភ្នែកនឹងភ្នែកនៅជិតគ្នាដល់ម្ល៉ឹងហើយបបូរមាត់នាងផ្គើនហួសទៀត យុត្ថនាមិនអាចទប់ស្កាត់ភាពក្រឺតក្នាញ់បាន
សូម្បីតែមួយវិនាទីទៀតឡើយ អ្នកប្រុសទីមួយរបស់អគ្គទេសាភិបាលហួត ស៊ីវ ភ្លេចថាទីនេះជាច្រកទ្វារ ក៏លោទៅរកបបូរមាត់នាងប្រាថ្នាបញ្ចប់កំហឹងលើផ្ទៃមុខស្រីតូច ដឹងអីនាងបានត្រៀមស្រេចហើយថាគេនឹងធ្វើយ៉ាងនេះ ដូច្នេះស្រីតូចបែរមកវិញលើកដៃទាំងទ្វេរុញបុរសមានមាឌមាំអស់មួយទំហឹងកូនស្រី រហូតដល់
យុត្ថនាទ្រេតទ្រោតរកកលផ្ងារក្រោយទៅរកជណ្ដើរដែលងងឹតស្លុប។ ក្នុងវិនាទីតក់ក្រហល់នាងបែរជាមិនដាច់ចិត្តឲ្យគេដួលផ្ងារក្រោយទៅទេ ដូច្នេះស្រីអ្នកច្បាប់មិនគិតច្រើនក៏លោដៃទៅចាប់ចុងដៃអ្នកប្រុសទាញមកវិញ ប៉ុន្តែគេជ្រុលជាទ្រេតថយក្រោយទៅហើយ ទោះទប់ជំហរប៉ុន្តែក៏នៅត្រូវតែដួលទៅដដែលគ្រាន់តែថាអាចទប់ ខ្លួនរេទៅទើរនឹងជញ្ជាំងពីក្រោយនោះប្រមាណបីបួនជំហានដោយមានទាំងស្រីស្ងួនដែលចាប់ចុងដៃគេនោះដួលទៅបន្ថែមជាមួយគ្នាទៀត។
…..នៅក្នុងទីងងឹត…..វង់ភក្ត្រស្រីស្អាតគឺស្ថិតនៅលើទ្រូងនាយ ធ្វើឲ្យនរៈបានចិត្តស្រវាឱបនាងជាប់លែងខ្ចីក្រោក។ ក្នុងភាពងងឹតមើលគ្នាមិនឃើញ នារីខំរើខ្លួនក្រោកតែក្រោកមិនបាននាងក៏ស្រែកហៅយុត្ថនាទាំង ភ័យបារម្ភព្រោះគិតថាកាយវិការគេដែលឱបនាងរឹងដូចដង្កាប់ ប្រាកដជាគេប៉ះទង្គិចខ្លាំងសន្លប់លែងដឹងខ្លួនហើយ។
«យុត្ថនា! លោកយុត្ថនា??»
គ្មានចម្លើយតប នាងខំលូកប្រលេះដៃគេរបូតចេញពីកាយ ហើយចុចទូរសព្ទបំភ្លឺតាមតក់ក្រហល់។ បានពន្លឺកាលណា នាងងើបមុខមកវិញពិនិត្យស្ថានភាពបុរសក្បែរកាយ ដឹងអីនាងឃើញគេគ្មានកើតអីទាល់តែសោះ បែរជាសំងំសើចស្ញាញហើយសម្លឹងភាពរលះរលាំងរបស់នាង។
អស់ពីភ័យនាងចងចិញ្ចើមហួសចិត្ត….
គេសួរឌឺភ្លាម៖
«មិញហៅធ្វើអី?»
គេនិយាយតិចៗបញ្ឈឺនាងព្រោះដឹងថានាងមិនទាន់ដាច់ចិត្តអស់ការបារម្ភពីខ្លួនពិតៗ។ តែស្រីស្ងួនមិនបានសប្បាយចិត្តជាមួយទេ នាងក្រោកឡើងភ្លាមហើយដើរឡើងចោលនាយ ជាមួយសម្ដីតបគ្រោតគ្រាតជាលើកដំបូង៖
«កោតតែនៅរស់!»
អ្នកប្រុសក្រឡាស់ខ្លួនក្រោកវឹងភ្លេចចោលការឈឺចាប់ទាំង អំបាលម៉ាន ហើយឡើងទៅលើផ្ទះតាមពីក្រោយនាងជាមួយសម្ដីមិនព្រមចាញ់៖
«មិនទាន់បានខ្លួនមេធាវី! ស្លាប់ម៉េចកើត?»
ស្រីតូចបែរក្រោយដោយស្វ័យប្រវត្តិព្រោះមិននឹកស្មានថាសូម្បីពាក្យសម្ដីអន់ៗបែបនេះក៏គេនិយាយចេញមករួច។ នាងមិនសម្លក់ទេគឺសើចឃឹសព្រោះហួសចិត្ត….វាជាស្នាមញញឹមពេបជ្រាយ ដែលឈឺចាប់ពេកទើបនាងចេះប្រើវា…..នាងសម្លឹងចំមុខនាយ ហើយក្រសែភ្នែកនាងគឺមើលងាយអាកប្បកិរិយារបស់គេ។ នាងមិននិយាយអ្វីទៀតទេ តែទឹកមុខនាងបង្ហាញជាស្រេចនូវឃ្លាថា៖
«លោកជាមនុស្សជាន់ទាប ដល់ថ្នាក់ខ្ញុំស្មានអត់ដល់ទេយុត្ថនា!»
គេយល់ពីអ្វីដែលនាងមានន័យតាមរយៈពន្លឺភ្នែកពេបជ្រាយនោះ ប៉ុន្តែគេញាក់ចិញ្ចើមផ្គើនវិញ៖
«ខ្ញុំក៏អត់ទាមទារឲ្យនាងពេញចិត្តដែរ ពៅ បញ្ញា!»
គេប្រើឃ្លាសម្ងាត់នេះតាមរយៈកាយវិការដាក់នាង។ នាងសម្លក់នាយហើយងាកមុខចេញតែត្រូវគាំងពន្លឺភ្នែកនិងអ្វីមួយក្រោយខ្នងនាយ។
នោះគឺដើមផ្កាសារិកាកែវដែលស្វិតក្រៀមក្រញង់សល់ស្លឹកតិចតួចគ្មាន សូម្បីផ្កាមួយទងនឹងគ្រាន់បង្ហើរក្លិនកំដរបរិយាកាសសឹកសង្គ្រាម រវាងនាងនិងគេ។
នាងនឹកឃើញដល់អ្វីមួយ…..ហើយទ្រឹងក្រសែភ្នែកនៅទីនោះ។
….នៅក្រោមពន្លឺភ្លឺស្រទន់នៃរាត្រី១៥កើត ដើមផ្កាសារិកាបោះបង់សម្រស់ហើយក្រៀមស្រពោនទៅតាមអាយុកាលដ៏វែង របស់វា តែក៏បង្ហាញឲ្យស្រស់ស្រីដឹងថា បុរសនេះមិនបានយកចិត្តទុកដាក់ថែទាំវាឡើយ។
យុត្ថនារេភ្នែកទៅកាន់ទីនោះ គេក៏យល់ពីអ្វីដែលស្រីស្អាតកំពុងគិត។
អគ្គនាយកធនាគាររេភ្នែកចេញ លាក់លួចភាពស្រងូតរបស់ខ្លួនហើយដើរហួសចូលទៅក្នុងផ្ទះតូចដែល ស្ងាត់ជ្រងំក្រោមកម្លាំងវាយោផាត់កំដរតិចៗទុកចោលកញ្ញាអភិជននៅ ស្រងេះស្រងោចម្នាក់ឯង។
«យុត្ថនា! ទីបំផុតដើមផ្កានេះស្លាប់ហើយ! គឺវាដូចជាដង្ហើមចុងក្រោយនៃអនុស្សាវរីយរបស់យើងដែរ!»
នាងនិយាយប្រាប់ខ្លួនឯងក្នុងបេះដូងទាំងក្ដុកក្ដួល។
នាងនៅស្ងាត់ស្ងៀមអស់ចិត្ត ទម្រាំកាត់ចិត្តថាលែងផ្ដោតសម្លឹងរុក្ខជាតិនោះព្រោះពន្លឺភ្លើង ត្រូវបានចុចបំភ្លឺមកពីក្នុងផ្ទះតូច ហើយរេភ្នែកទៅរំលងកូនផ្ទះតូចសម្លឹងទៅរានហាលខាងមុខ ដែលនរៈម្ចាស់លំនៅឋានកំពុងឈរកាន់ដបប៊ីយែរក្នុងដៃហើយបែរខ្នង ដាក់នាង។
អ្វីមួយជំរុញឲ្យនាងដើរយឺតៗចូលទៅ….
កុំភ្លេចណា៎រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» នៅភីអិនអិនតែមួយគត់រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃពុធ វេលាម៉ោង៧និង៥០នាទីយប់។
ដោយ ឥន្ត្រា
ដោយ៖