© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«បើលោកគិតថា មនុស្សស្រីគ្រប់គ្នាទុកសម្រាប់ឲ្យមនុស្សប្រុសមើលងាយ មិនដឹងជាលោកខំរៀនមកឲ្យអស់តែប៊ិចសៀវភៅបានប្រយោជន៍អីទេ?» កែវភ្នែកនាងមុតពេក ធ្វើឲ្យបុរសទៅជាភ័ន្តភាំង ប៉ុន្តែកំហឹងបែរជាដុតកម្ដៅទឹកមុខគ្មានម្សៅក្រែមរបស់នាងឲ្យ អណ្ដែតចេញ នូវសម្បត្តិធម្មជាតិដែលបិទបាំងក្រោមចរិតលក្ខណៈនឹងនហួសវ័យ។
គេគគ្រឺតនឹងសម្ដីច្រែតៗនោះ ក៏បូញមាត់ផ្លុំបង្ហើរសក់លើថ្ងាសនាងលេង ធ្វើឲ្យសក់ស្រីប៉ើងរប៉ាត់រប៉ាយ។ ពៅបញ្ញា កាន់តែសៅហ្មងនឹងចរិតលក្ខណៈដ៏យ៉ាប់នេះ នាងច្រានគេមួយទំហឹង តែបើយុត្ថនាទុកខ្លួនឲ្យទ្រេតទ្រោតនោះវាចប់បាត់ទៅហើយ។ បុរសមិនថយបែរជាកាន់តែចូលមកកៀកទាល់តែស្រីស្អាតថយទៅ ទ័លនឹងជ្រុងជណ្ដើរហើយស្រែកយ៉ៃ ព្រោះច្រមុះនាយលោមកក្បែរថ្ពាល់យកតែមែនទែនទៅហើយ។
«ស្ដាប់! ពៅបញ្ញា! ស្រីចរិតប្រុស! ខ្ញុំអត់អ្នករៀនអ្នកសូត្រអីច្រើនដូចនាងទេ! ក៏មិនចាំបាច់យកទ្រឹស្ដីសីលធម៌កូនប្រុសទ្រូងប្រាំហត្ថអីមកសូត្រដូចគ្នា! ព្រោះខ្ញុំអត់ចេះខ្វល់ផង! បើខ្ញុំចង់ធ្វើអីគឺធ្វើហ្នឹងហើយចាំទុកអ្នកនាងមេធាវី!» គេខ្សឹបតិចៗក្បែរត្រចៀកនាង។ ទោះគេមិនស្រែកតែពន្លឺភ្នែកគេនិងទឹកមុខគេគឺឌឺដងគ្មានភាពទន់ ជ្រាយនិងស្នាមញញឹមឡើយ។ ទ្វាររបើកខ្វាកជួយបំបាត់ចោលបរិយាកាសដ៏តូចចង្អៀតនេះ ហើយស្នាមញញឹមយុវកំលោះផុសមកវិញបញ្ចេញស្នាមខួចជ្រៅនៅចុងបបូរមាត់ ឆ្វេង។
«ដល់ហើយ!»
គេកៀកចង្កេះនាងចូលទៅ ធ្វើឲ្យធីតាប្រឹងបម្រះចេញទាំងក្ដៅចិត្ត៖
«ចេះដើរខ្លួនឯងហើយ!»
ដែលខឹងណែនទ្រូងគឺគេដៃដល់អត់ខ្មាស និយាយច្រើនដូចមនុស្សស្រី សម្ដីគ្មានក្បាលកន្ទុយគ្មានហេតុផល ហើយពាក្យដែលគួរឲ្យក្ដៅចិត្តបំផុតគឺពាក្យថា«ស្រីចរិតប្រុសហ្នឹង ហើយ»។
យុត្ថនា ដឹងថានាងខឹង គេក៏កាន់តែសប្បាយចិត្ត។ នាយសើចខឹកចំអកធីតាអភិជន រួចបោះជំហានចូលទៅមុននាង ទុកឲ្យពៅបញ្ញាឈរទ្រឹងនៅមាត់ទ្វារ។
បន្ទប់នោះងងឹតស្លុប ប៉ុន្តែធំទូលាយពេលដែលភ្លើងត្រូវបានចុចបើកដោយដៃម្ចាស់ប្រុសដែល ច្រឡើសបើស កាយវិការគ្មានសណ្ដាប់ធ្នាប់ ហើយសម្ដីគ្មានការយោគយល់។
«អត់ស្អាតដូចវិមានអ្នកនាងមេធាវីទេ! អធ្យាស្រ័យផង!»
ទោះបីយ៉ាងណា សារជាតិមនុស្សប្រុសនៅតែជាមនុស្សប្រុស។ Apartmentនេះស្អាតភ្លឹងតែក៏នៅសេសសល់ក្លិនខ្លួនបុរសដែលប្រឆាំង គ្នានឹងក្លិនទឹកអប់របស់គេ។ មិនមែនជាក្លិនអាក្រក់តែក៏ជាអ្វីម្យ៉ាងដែលស្រីក្រមុំមិនដែលទទួល អារម្មណ៍របៀបនេះពីមុនមកឡើយ។ នាងចាប់អារម្មណ៍ថាគគ្រិច ហើយទើសទាល់។
«ចង់ធ្វើស្ទិលឲ្យខាងប្រុសបីដាក់គ្រែទៀត?»
គេបែរមកនិយាយដោយដើរបកមកវិញយឺតៗព្រោះខាងស្រីឈរទ្រឹងនៅមាត់ទ្វារមិនដឹងជានាងភ័យឬនាងខឹងនឹងសម្ដីគ្មានយោគយល់នេះឬយ៉ាង ណាទេ។ មកដល់ជិតទើបគេដឹងថាភ្លើងកំហឹងជះចេញពីពន្លឺភ្នែកនាងដែល សម្លឹងមកត្លែ។ ប្រហែលពាក្យ«គ្រែ»ធ្វើឲ្យនាងផ្ទុះទោសៈហើយ។ គេដឹងច្បាស់ …..តែគេក៏រឹតតែចង់លោព្រោះនាងខឹង ប៉ុណ្ណឹងហើយនៅតែទប់ចិត្តបានសម្លឹងមុខគេដោយមិនតមួយម៉ាត់។ បុរសម្ចាស់បន្ទប់លើកដៃស្ដាំគងលើគែមទ្វារហើយឈរសឹងថាឃ្លាត ពីនាងមិនដល់មួយចំអាមផង។
គេនិយាយតិចៗ៖
«ខ្លាចអី?»
ធីតាអភិជនរេភ្នែកចេញទាំងដកដង្ហើមដង្ហក់ព្រោះខំទប់ចិត្តខឹង ហើយរុញបុរសនោះទៅម្ខាងដើរហួសពីគេចូលទៅក្នុងទាំងទទឹងទទែង ចិត្ត។
«បើលោកប៉ះពាល់ខ្ញុំតែមួយសរសៃសក់ ខ្ញុំនឹងឲ្យលោកស្គាល់រសជាតិខ្នោះដៃ!»
នាងស្រដីមិនខ្លាំងតែក៏មិនស្រាល ល្មមធ្វើឲ្យយុត្ថនាដែលនៅពីក្រោយខ្នងក្ដាប់មាត់រុញទ្វារបិទ មួយទំហឹងលាន់គ្រាំង។
នាងភ័យ តែខំធ្វើមិនដឹងដើរបន្តទៅមុខ តែបុរសនោះស្ទុះវឹងមកពីក្រោយខ្នងប្រើដៃម្ខាងទាញដៃនាង ឲ្យបែរត្រឡប់មកវិញហើយដៃម្ខាងទៀត កន្ត្រាក់កាបូបនាងបោះចោលទៅលើឥដ្ឋប្រាវ។
ពៅបញ្ញា ស្លេកមុខ តែខ្លួនប្រាណនាងក្នុងប្រអប់ដៃយុត្ថនាទៅហើយ។ នាងហើបមាត់ប្រុងនិយាយតែបបូរមាត់គេឱនមកបញ្ចប់សំឡេងរបស់នាង ធ្វើឲ្យនាងប្រឹងច្រានគេចេញអស់មួយកម្លាំងកូនស្រីតែគេនៅមិន រង្គើ។ នាងគ្មានពិសោធន៍ជាមួយមនុស្សប្រុសទើបមិនដឹងថា ការនិយាយបញ្ជោះគេមិនអាចស្ដារស្ថានការណ៍បានឡើយ។
នាងត្រង់ហើយគ្មានល្បិចទីបំផុតនាងនៅតែគ្មានអីតតាំងនឹងប្រភេទមនុស្សរបៀបនេះឡើយ តែពៅបញ្ញាឯណាទ្រាំឲ្យបុរសនេះត្រួតត្រានាងបានតាមចិត្ត។ ស្រីតូចទ័លច្រកនាងមានតែប្រើកែងជើងជាន់ប្រអប់ជើងយុត្ថនាគ្រឹប ធ្វើឲ្យនរៈស្រែកវ៉ាសទាំងឈឺចាប់ហើយលែងនាងទ្រេតទ្រោតទៅក្រោយ។ដៃគេមួយចំហៀងខ្ទប់ជើងដែលឈឺហួស ដៃមួយទៀតទាញនារីដែលខំរកច្រកគេចចេញ។
បំណាច់ឈឺថ្នាក់នេះទៅហើយ គ្មានសម្បជញ្ញៈឯណាមកឃាត់ចិត្តបុរសអ្នកលេងបានឲ្យអត់ឱនដល់នាង ទេ។ ដៃគេដែលឈោងទៅប៉ះអាវស្រីតូចបូតចេញមួយចំហៀងស្មា បង្ហាញអាវដៃតូចមួយជាន់ទៀតបង្កប់ពីក្រោមអាវធំខាងក្រៅនោះ។ សាច់ស្មានាងសខ្ចីសមនឹងតរុណីដែលមិនងាយពាក់អាវពន្លែងខ្លួន បង្ហាញសាច់នេះ ល្មមឲ្យបុរសខ្លះភ្លឹកស្មារតីបាន ប៉ុន្តែមិនដឹងហេតុអ្វីពេលយុត្ថនាទាញនាងមកកៀកទៅហើយ គេនៅភ្លឹកនឹងអ្វីមួយលើស្មានោះ ហើយនៅទ្រឹងមួយខណៈ មុនពេលពន្លែងដៃរុញនាងឲ្យដួលទៅលើសាឡុង។
…..ម្ចាស់បន្ទប់ជូតមាត់ទាំងកំហឹង ហើយបែរក្រោយដើរត្រឹកទៅចាក់ទឹកផឹកចោលនារីត្រកូលខ្ពស់ដែលនៅខំ ប្រវេប្រវាក្រោក។ សំឡេងនាងលាន់មកទាំងញាប់ញ័រតែបង្ហាញការឈឺចិត្តហួសហេតុ៖
«មនុស្សកំសាក! ធ្វើបាបស្រី!»
គេលើកកែវទឹកហៀបដល់មាត់ហើយ បែរជាឈប់វិញហើយសើចខឹករង្គើដល់ដើមទ្រូងនិងស្មា។យុត្ថនានិយាយដោយមិនបែរមុខ៖
«ព្រោះតែខ្ញុំកំសាកហ្នឹងហើយ! ដែលនាងរួចខ្លួនថ្ងៃនេះ ពៅបញ្ញា!»
ស្រីតូចទាញអាវមកវិញត្រឹមត្រូវហើយស្ទុះក្រោកឈរត្រង់ខ្លួន។
«ទៅវិញទៅ មុនពេលខ្ញុំប្ដូរចិត្ត!»
ឥតគិតច្រើន មាណវីចាកចេញតម្រង់ទ្វារចោលទាំងកាបូបចោលទាំងទ្វារចំហធ្លុងមិន ខ្ចីរុញបិទឲ្យ។ នាងចុចជណ្ដើរញាប់ដូចខ្មោចដេញ ហើយដៃម្ខាងជូតមាត់អើយជូតដូចបានច្រឡំបបូរមាត់ទៅប៉ះនឹងវត្ថុ អ្វីមួយគួរឲ្យខ្ពើមរអើមពន់ពេក។
នាងខាំមាត់ងើយមើលលេខជណ្ដើរយន្តព្រោះទប់មិនឲ្យទឹកភ្នែកហូរ ចុះមក។ ក្នុងកាលៈទេសៈបែបនេះហើយនាងនៅតែព្យាយាមធ្វើមាំទាំ។
«គ្មានរឿងអីត្រូវយំ គ្មានរឿងអីឯងត្រូវខ្លាចមនុស្សបែបហ្នឹងទេពៅបញ្ញា!» ទ្វាររបើកកាលណា នាងរត់សំដៅឡាន ។
ស្លាប់ហើយ….កាបូបនៅទីនោះនៅឡើយ??? បានសោពីណាមក?
នាងឱនមើលជើង….សូម្បីតែស្បែកជើងក៏របូតបាត់អស់ម្ខាងដែរ….
នាងទ្រេតខ្លួនទាំងទន់ដៃជើងទៅលើទ្វារឡាន ហើយសន្សឹមៗនាងទន់ជើងអង្គុយ។…
«លោកប៉ា! កូនអត់បានការណាស់! កូនស្អប់មនុស្សសរសៃប្រសាទនោះណាស់!»
នាងគិតម្នាក់ឯងក្នុងពេលដែលចិត្តឈឺចាប់ដូចត្រូវបាត់បង់អ្វី ម្យ៉ាងដ៏មានតម្លៃក្នុងជីវិត។ សូម្បីតែចំណេះដឹងក៏មិនសមគ្នាសូម្បីតែបន្តិចកុំថាឡើយពូជត្រកូល និងឋានៈតួនាទីសង្គម តែបុរសនោះហ៊ានមានះលើកដៃមកប្រមាថរាងកាយនាង ហើយប្រឡាក់ប្រឡូសបបូរមាត់នាង។
«ខ្ញុំនឹងប្ដឹងលោកឯងឲ្យចូលគុកគ្មានថ្ងៃចេញ យុត្ថនា!»
នាងនឹកដល់ឃ្លានេះក៏កាន់តែខាំលើសដើម បើពុំនោះទេ ទឹកភ្នែកប្រាកដជាស្រក់មកអ្នកផងនឹងមើលឃើញភាពទន់ខ្សោយរបស់នាង មិនខាន។ មិនដឹងជាយ៉ាងម៉េច នាងស្រាប់ប្រែទៅជាបើកភ្នែកធំៗវិញ។ ប្រហែលពាក្យប្ដឹងនេះធ្វើឲ្យនាងនឹកឃើញវិញពីស្ថានភាពលោកប៉ានាង ដែលនៅសម្រាន្តស្ងៀមលើគ្រែ។
«បើរឿងនេះឮដល់អ្នកក្រៅ….?» សំឡេងជំនួយការឈ្មោះវណ្ណៈលាន់ត្រលប់មកវិញរំលឹកក្នុងអារម្មណ៍ នាង។ នាងក៏នឹកឃើញដែរដល់សម្ដីខ្លួនអះអាងកាលនៅផ្ទះធំ «អ្នកណានិយាយមិនសំខាន់ទេ តែលោកប៉ាមិនអាចមានរឿងឡើយ!»។
តរុណីក្រោកឈរយឺតៗហើយងាកទៅរកជណ្ដើរយន្ត។ នាងដោះបង្ហើយស្បែកជើងម្ខាងដែលនៅសល់ ហើយដើរត្រលប់ទៅវិញ….
នាងងងឹតឈឹងក្នុងចិត្ត…..ហើយជំនិះនាំនាងមកដល់ជាន់ទី៦វិញទាំងមិនដឹងខ្លួន….
….ទ្វារផ្ទះគេនៅតែចំហដូចពេលនាងស្ទុះចេញមក…..គេមានចេតនាមិនបិទព្រោះដឹងថានាងមុខតែវិលមកវិញ….?
….បុរសមិនសុភាពនៅអង្គុយបែរខ្នងលើសាឡុងធ្វើហាក់មិនដឹងថានាង វិលមកវិញ….គេផ្ដោតអារម្មណ៍ទៅលើអេក្រង់ទូរទស្សន៍ទុកឲ្យនាងនៅឈរ ទ្រឹងម្នាក់ឯងពីក្រោយខ្នង។
….ប៉ុន្មានវិនាទីរំលងទៅ….ទើបគេដាច់ចិត្តក្រោកដើរមកឈរពីមុខនាង ដោយទឹកមុខស្មើ។ ភ្នែកគេដែលសម្លឹងនាងគឺមិនមានអ្វីភ្ញាក់ផ្អើលឡើយ បង្ហាញថាគេដឹងពីរឿងនាងឡើងមកវិញ ហើយនឹងដឹងច្បាស់ថានាងចង់បានអ្វី។
ស្រីតូចដែលគ្មានស្បែកជើងកែងជាជំនួយ គឺនាងមានកម្ពស់ត្រឹមតែដើមទ្រូងគេតែប៉ុណ្ណោះ បើនាងនៅមានះមិនព្រមងើបមុខមកសម្លឹងគេ នាងប្រាកដជាមិនដឹងទេថាគេកំពុងគិតយ៉ាងណា។
ពៅបញ្ញាងើបមុខ ដែលនាងប្រាកដណាស់ថាបានទប់ទឹកភ្នែកអស់យ៉ាងល្អ តែនាងនៅតែបន្សល់ទុក្ខសោកដ៏ស្រពោនកំដរផ្ទៃមុខ ហើយថ្ពាល់ទាំងសងផុសចេញសរសៃក្រហមដោយការអៀនខ្មាសនិងភ័យ បារម្ភ។
សម្ផស្សនាងអណ្ដែតចេញនូវភាពជានារីសោភា ដែលនាងតែងតែលាក់ទុកបានពីភ្នែកអ្នកផងដោយភាពមមាញឹកនិងម៉ឺងម៉ាត់។
ពន្លឺភ្នែកនាងលែងឆ្នាស លែងឆ្មើងកន្ទ្រើង ព្រោះនាងឡើងមកវិញដោយខ្លួនឯង ព្រោះនាងត្រូវការគេ ហើយនាងជាអ្នកមកអង្វរគេ។
យុត្ថនាស្រាកកំហឹងពេលឃើញអ្នកនាងធំម្នាក់ក្លាយជាឆ្មាលង់ទឹកនៅចំពោះមុខខ្លួន។ គេមិនញញឹមតែក៏មិនកំណាច។
ពៅបញ្ញានៅតែរកឃើញអ្វីមួយគួរឲ្យកក់ក្ដៅយ៉ាងអាថ៌កំបាំងក្នុង ពន្លឺភ្នែកគេដែលទាក់ទាញនាងឲ្យហ៊ាននៅឈរស្ងៀមស្ងាត់ពីមុខគេយូរ យ៉ាងនេះ។
បុរសនោះក៏មិននិយាយអ្វី….គឺគេនៅរង់ចាំមើលនាង….
អ្នកណាកំពុងអន្ទៈសាររង់ចាំដូចខ្ញុំដែរ?
ដោយ ឥន្ត្រា
ដោយ៖