© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅចំពេលដែលប្រលោមលោក «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» នឹងចាក់ផ្សាយជារឿងភាគរស់រវើកនៅយប់ថ្ងៃអង្គារ៍នេះ ទូរទស្សន៍ភីអិនអិន បានប្រកាសចាត់វិធានការណ៍ម៉ឺងម៉ាត់ក្នុងការប្រឆាំងទៅនឹងការលួចចម្លងផ្សាយនានាដែលមិនមានការអនុញ្ញាត្តិ។
កញ្ញាទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយនៃទូរទស្សន៍ភីអិនអិនមានប្រសាសន៍ថា «ភីអិនអិននិង Soyo បាននឹងកំពុងរឹតបន្តឹងការឃ្លាំចាប់សំអាតរាល់ការចាក់ផ្សាយដែលគ្មានការអនុញ្ញាត្តិ មិនត្រឹមតែធ្វើអោយធ្លាក់គុណភាពរឿង ថែមទំាង ជាន់ពន្លិចការត្រដរងើបឡើងវិញរបស់រឿងភាគខ្មែរ។
កាលពីសប្តាហ៍មុន ទូរទស្សន៍ភីអិនអិនបានដាក់សម្ពោធរឿងភាគខ្មែរ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ដើម្បីបង្អួតឈុតឆាកបច្ចេកទេសភ្លើងនិងកាម៉េរ៉ា Movement ដ៏ទំនើបរបស់ខ្លួន ថែមទុករឿងភាគនេះថាជាភាពយន្ត ធំប្រចាំឆ្នាំរបស់ខ្លួនទៀត។
ថ្លែងនៅក្នុងពិធីនោះ លោកវ៉ែន សំកុល មកពីខាង Soyo បានអះអាងថា «នេះជារឿងភាគដំបូងដែល Soyo ចំណាយប្រាក់លើអនឡាញយ៉ាងធំ ស្មើនឹងទំហំផលិតកុនបញ្ចាំងតាមរោងបាន ហើយអះអាងថារាល់ការចេញផ្សាយតាមអនឡាញក្រៅពីលើ Soyo ជារឿងល្មើសច្បាប់»។
ភាពយន្តភាគដែលឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនាមិត្តភាពយូរអង្វែង ការភ័ន្តច្រលំដោយអស្មិមានះ និងតម្លៃនៃគុណធម៌ឈរពីលើផលប្រយោជន៍ត្រូវបានអ្នកសារព័ត៌មាននានាដែលចូលរួមក្នុងការសម្ពោធទទួលស្គាល់ថាពិតជាមាន គុណភាពថ្មី ខុសពីរឿងខ្មែរនានាក្នុងពេលបច្ចុប្បន្ន។
លោកខុត សីហា អ្នកសារព័ត៌មានមួយរូបបានបញ្ជាក់ដូច្នេះថា៖ «កុនខ្មែរយើងគិតពីភាពស្រដៀងគ្នាជាមួយថៃ គឺមានទះតប់រវាងស្រីៗ ប្រទាញគ្នារឿងតួប្រុស តែចេញឃ្លីបម្ភៃនាទីនេះភ្លាម យើងមានអារម្មណ៍ប្លែកហើយគិតថា កុននេះមិនយឺត មិនភ្លាវ មិនមានសំឡេងញែកបញ្ចូលពីលើ ហើយថែមទំាងមានខ្លឹមសារជក់ចិត្តដិតអារម្មណ៍»។
ទូរទស្សន៍ភីអិនអិន បានទទួលសិទ្ធិផលិតរឿងប្រលោមលោកដ៏ល្អនេះ ដែលជាស្នាដៃអ្នកនិពន្ធខ្មែរពិតៗ ចំណែកផលិតកម្មដែលបានសិទ្ធិដឹកនាំការថតគឺ Lafilm។ ដោយឡែកសម្រាប់អ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំការចេញផ្សាយភាគទីមួយនៅយប់នេះ ចាប់ពីម៉ោង១៩និង៥០នាទី រវាងពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាទិដ្ឋភាពក្នុងពិធីសម្ពោធរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» ខាងក្រោម៖
ដោយ៖