ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩

ទូរទស្សន៍ភីអិនអិន​បានដាក់សម្ពោធ​ចាក់ផ្សាយរឿងភាគខ្មែរ​ដ៏ធំប្រចាំឆ្នាំ

១៤ មីនា ២០១៩

ទូរទស្សន៍ដ៏នាំមុខគេមួយ​ក្នុងការផលិតភាពយន្តភាគខ្មែរ បានដាក់ចេញនូវកាលកំណត់​ចាក់ផ្សាយខ្សែរឿង​ដ៏ធំរបស់ខ្លួននៅល្ងាចមិញនេះ ជាការឆ្លើយតបទៅនឹង សេចក្តីទន្ទឹងរង់ចាំ​ជាយូរណាស់មកហើយរបស់អ្នកគំាទ្រ។

ខ្សែភាពយន្តភាគ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» គឺជាសមិទ្ធិផល​ដែលទូរទស្សភីអិនអិន​សម្រិតសម្រាំងជាស្នាដៃធំ​ប្រចាំឆ្នាំ២០១៩របស់ខ្លួន។

កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយនៃស្ថានីយ៍ទូរទស្សន៍ភីអិនអិន​ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មាន​ដែលមកគាំទ្រថ្ងៃសម្ពោធរឿងថា នេះជារឿងភាគដំបូង​ដែលចំណាយពេលផលិតជាងមួយឆ្នាំ ហើយបានកម្លាយចេញ​ពីប្រលោមលោកដ៏មានប្រជាប្រិយភាពមួយ។

កញ្ញាអះអាងថា អ្នកគំាទ្ររបស់រឿងនេះ​អន្ទះសារចង់ឃើញរូបភាពពិត​លើទូរទស្សន៍ ចំណែកខាងភីអិនអិន​ចង់អោយភាពយន្តនេះ​ចេញមកប្រកបដោយគុណភាព។ រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» នឹងដាក់បញ្ចាំង​ចាប់ពីថ្ងៃទី១៩ខែមីនានេះតទៅ ចាប់ពីម៉ោង១៩និង៥០នាទី រវាងពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ

រឿងនេះឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនា​មិត្តភាពយូរអង្វែង ការភ័ន្តច្រលំដោយអស្មិមានះ និងតម្លៃនៃគុណធម៌ឈរពីលើផលប្រយោជន៍។ រឿងនេះមានលំដាប់សាច់រឿងល្អ​ដោយសារមានបញ្ចូលនូវឈុតឆាក​កន្រ្តាក់អារម្មណ៍​ព្រមទំាងរំភើបផ្អែមល្ហែម​និងមានអ្នកគំាទ្រទូទំាងប្រទេស។

លោក សុខសាធិត សាក់រ៉ាយុត នាយកគ្រប់គ្រងទូរទស្សន៍ភីអិនអិន បានបញ្ចេញមតិ​ក្នុងសារផ្លូវការទៅកាន់បណ្តាញព័ត៌មាន​និងក្រុមហ៊ុនផ្នែកផ្សព្វផ្សាយទំាងឡាយថា  ភីអិនអិនមានទស្សនវិស័យរយៈពេលវែង និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់​ក្នុងការចូលរួមជាមួយរដ្ឋាភិបាលនិងស្ថាប័នជំនាញ សិល្បករសិល្បការិនីខ្មែរ ដើម្បីជំរុញកម្រិតបទដ្ឋានរឿងភាគ​ក្នុងស្រុកអោយឈានទៅដល់​អ្វីដែលទីផ្សារកំពុងទទូចចង់បាន។

លោកក៏បានថ្លែងអំណរគុណ​ដោយស្មោះអស់ពីចិត្ត​ចំពោះបណ្តាផលិតកម្ម​និងដៃគូផ្សាយពាណិជ្ជកម្ម​ដែលគាំទ្រដល់ភីអិនអិន​ក្នុងការជំរុញអោយទូរទស្សន៍នេះ​ឈានដល់លំដាប់លេខមួយ​វិស័យរឿងភាគទូរទស្សន៍ខ្មែរ។ លោកសង្កត់ធ្ងន់ថា រាល់ពេលគិតដល់រឿងភាគខ្មែរ សូមគិតដល់ភីអិនអិន ដោយសារយើងខ្ញុំតែងតែនៅទីនេះដើម្បីកម្ពុជា។

ទូរទស្សន៍ភីអិនអិន​ក៏នឹងដាក់ចេញនូវខ្សែរឿងភាគធំៗ​ជាច្រើនចំណងជើងទៀត​ដែលផលិតសម្រិតសម្រាំង​ដោយផលិតកម្ម​មានសមត្ថភាព​និងចេញពីស្នាដៃអ្នកនិពន្ធល្បីៗ​ដែលមានគុណភាព​សាច់រឿងកាន់តែល្អ​ពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែករឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជាភាពយន្តដែលមានការចូលរួមពី​តារាប្រុសស្រីល្បីៗជាច្រើនដូចជា បឺរី ពុធស្រីខួច លឹមជាឡាយ សាឡាត់ស្រីឡាង ចាន់រាសី ឈិន ស៊ាវម៉ី រតនៈវិសិដ្ឋ នូ ឧសភា ង៉ែតលីតា ទេពមនោរម្យ លឹមតិចម៉ុង ជា សំណាង ពិនណារិន ហង្ស អច្ឆរិយា និងតារាប្រុសស្រីពេញដោយទេពកោសល្យ​ឆ្លងកាត់ការធ្វើតេស្ត៍ប្រកបដោយសមត្ថភាព​និងទេពកោសល្យខ្ពស់៕

សូមធ្វើការទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖   ០១០ ៤៥ ៦៥ ៨៨ ឬ ០៨១ ៥៦ ២២ ៥៦

Copyright © 2017 PNN TV. All Rights Reserved.