© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្របពេលដែលប្រទេសកម្ពុជាប្រារព្ធពិធីខួបទី៤០នៃទិវាជ័យជម្នះ៧មករា ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានផលិតខ្សែភាពយន្តភាគខ្មែរមួយរឿងគឺ រឿង «និស្ស័យបងប្អូន» ដោយបានបង្ហាញពីអនុស្សាវរីយ៍ជូរចត់នៃការបាត់បង់ និងបែកបាក់ក្រុមគ្រួសារក្នុងសម័យបបរប្រល័យពូជសាសន៍ខ្មែរក្រហម ហើយក៏និយាយអំពី ការតស៊ូ របស់បងប្អូនពីរនាក់ដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងរបបប៉ុលពត។
រឿង «និស្ស័យបងប្អូន» ស្ថានីយទូរទស្សន៍ភីអិនអិនបានប្រគល់សិទ្ធទៅអោយផលិតកម្ម ខ្មែរមេគង្គ ផលិតជា៣១ភាគ និងមានតារាសម្តែងចូលរួមទាំងចាស់ និងថ្មីជាច្រើននាក់ដូចជា លោក សាវីន ហ្វីលីប សម្តែងជា ថារ៉ូ អ្នកនាង ញឹម ចាន់ថន សម្តែងជា មន្ថា លោក ហេង ដារី សម្តែងជា ថារិទ្ធ លោក លីសុខគីមសាន សម្តែងជាភារិន កញ្ញា ភិន សវណ្ណនីកា សម្តែងជា នីដា លោក ទ្រី តារាវុទ្ធ សម្តែងជា វិសុទ្ធ រួមនិងតារាជាច្រើនរូបទៀត។
ខ្សែភាពយន្តភាគខាងលើរៀបរាប់ពីវាសនារបស់បងប្អូនប្រុសភ្លោះពីរនាក់គឺ ថារិទ្ធ និងថារ៉ូ ដែលបានតស៊ូគ្រប់បែបយ៉ាងក្នុងរបបប៉ុលពតបន្ទាប់ពីម្តាយឪពុករបស់ពួកគេត្រូវបានរបបប៉ុលពតនាំយកទៅសំលាប់ចោលដោយគ្មានកំហុស។ មុនពេលដែលពួកគាត់ស្លាប់បានប្រគល់ត្បូងភ្លោះពីរអោយទៅថារិទ្ធ និងថារ៉ូ។
វាសនាអាក្រក់ពួកគេក៏បានបែកគ្នា ដោយទាហ៊ានខ្មែរក្រហមជំលៀសថារិទ្ធទៅកាន់ភូមិផ្សេងមួយទៀត។ ចាប់តាំងពីពេលនោះមកថារ៉ូដែលជាប្អូនប្រុសបានគិតថាបងប្រុសរបស់ខ្លួនត្រូវបានគេសម្លាប់បាត់ទៅហើយ។ បន្ទាប់ពីថ្ងៃរំដោះ៧ មករា ១៩៧៩ មកពួកគេក៏មិនដែលបានជួបគ្នាដែរ រហូតមកដល់ឆ្នាំ២០១៧ ទាំងពីរនាក់បងប្អូនក៏មានគ្រួសាររៀងៗខ្លួន ថារិទ្ធ មានប្រពន្ធ និងកូនពីរនាក់ ប្រុសម្នាក់ និងស្រីម្នាក់ ចំណែកឯថារ៉ូ ក៏មានប្រពន្ធ និងមានកូនប្រុសម្នាក់ផងដែរ។ ថារិទ្ធ និងថារ៉ូ មិនដែលប្រាប់ទៅប្រពន្ធ និងកូនពីរឿងរ៉ាវរបស់ពួកគេឡើយ ដោយគ្រាន់តែគិតថាម្នាក់ៗពិតជាបានស្លាប់ក្នុងជំនាន់ប៉ុលពតដូចគ្នា។ តែវាសនាបានបណ្តាលអោយពួកគេទាំងពីរនាក់បានជួបគ្នាវិញ ហើយថារ៉ូគឺជាអ្នកមើលថែបងប្រុស និងគ្រួសារគាត់វិញម្តង។
រឿង «និស្ស័យបងប្អូន» នឹងត្រូវចាក់ផ្សាយឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង «សមុទ្រទឹកភ្នែក»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖