ថ្ងៃសុក្រ ទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧

សកម្មភាព ពិសេសៗរបស់ James និង Bella ក្នុងដំណើរមកដល់ ទឹកដីនៃប្រទេសកម្ពុជា

២៨ មិនា ២០១៧

កាលពីថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ស្ថានីយទូរទស្សន៍ភីអិនអិន បានរៀបចំកម្មវិធីផ្សាយផ្ទាល់ពិសេសមួយគឺ «វេទិកាតារាថៃប្រចាំPNN 2016» នៅផ្សារទំនើបអ៊ីអន ដោយមានការអញ្ជើញចូលរួម ពីសំណាក់តារាសម្តែងថៃពីរដួង គឺលោក James Jirayu និងកញ្ញា Bella Ranee។  ពេលដែលតារាទាំងពីរដួង មកដល់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងភា្លម យើងសង្កេតឃើញក្រុមអ្នកគាំទ្រ ជាច្រើនកុះករ បានស្វាគមន៍យ៉ាងកក់ក្តៅ អមជាមួយទឹកចិត្តរំភើបរីករាយ នៅពេលបានជួបផ្ទាល់ ជាមួយតារាក្នុងដួងចិត្តរបស់ពួកគេ។ 

 

 

បន្ទាប់ពីកិច្ចស្វាគមន៍នៅព្រលានយន្តហោះ បានបញ្ចប់ទៅតារាថៃទាំងពីរដួង រួមជាមួយក្រុមកាងារ ស្ថានីយទូរទស្សន៍ភីអិនអិន បានបន្តដំណើរទៅផ្សារទំនើបអ៊ីអន និងបានពិសារអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋានFuji ត្រៀមបង្ហាញខ្លួននៅក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016»។ កម្មវិធី «វេទិកាតារាថៃរបស់ PNN 2016» ដែលមានការចូលរួមពី James និង Bella បានបញ្ចប់ទៅដោយជោគជ័យ នៅវេលាម៉ោង៣ រសៀលថ្ងៃដដែល។

 

 

 

ឈានចូលមកដល់ថ្ងៃចន្ទ ទី១០ ខែតុលា លោក James Jirayu បានមកទស្សនកិច្ចដោយផ្ទាល់ នៅស្ថានីយទូរទស្សន៍ភីអិនអិន ព្រមទាំងបានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយពិធីការនីដ៏ស្រស់ស្អាត គឺកញ្ញាជីមមី។ បន្ទាប់ពីកិច្ចសម្ភាសន៍ បានបញ្ចប់លោក James ក៏បានទៅទស្សនាបន្ទប់បញ្ចូលសំឡេង ដ៏ទំនើបរបស់ភីអិនអិន និងបានជួបផ្ទាល់ជាមួយលោក ឌី សុខរិទ្ធ ដែលគាត់គឺជាអ្នកបញ្ចូលសំលេងតួលោក James ក្នុងរឿង ភរិយាបណ្តូលចិត្ត។ 
 

អីយ៉ាស់! អ្នកបញ្ចូលសំឡេង James ខ្មែរ និង James ពិតប្រាកដជួបគ្នាហើយតើ!  

 

 

ដំណើរទស្សនកិច្ចរបស់ James នៅស្ថានីយទូរទស្សន៍ភីអិនអិន បានបញ្ចប់ទៅដោយភាពរីករាយ និងទទួលបានការស្វាគមន៍ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមកាងារទាំងអស់ របស់ភីអិនអិន។ នៅមិនទាន់អស់នៅឡើយ James បានបន្តដំណើរទស្សនកិច្ចពិសេសនេះទៅកាន់សណ្ឋាគារ ដ៏ប្រណិតជាងគេនៅកម្ពុជា គឺសណ្ឋាគារ Garden City និងបានផ្តល់ឱកាសទៅដល់ក្រុមអ្នកសារព័ត៌មាន ធ្វើបទសម្ភាសន៍ ដល់រូបលោកពាក់ព័ន្ធដំណើរមកដល់ ទឹកដីនៃប្រទេសកម្ពុជា រួមជាមួយសកម្មភាពកាងារផ្សេងៗ ព្រមទាំងទទួលទានអាហារថ្ងៃត្រង់ ជាមួយថ្នាក់ដឹកនាំភីអិនអិន និងតារាភាពយន្តខ្មែរ មួយចំនួនដែលនឹងបង្ហាញមុខក្នុង ខ្សែភាពយន្តភាគខ្មែរនៅភីអិនអិន ។ 

 

លោក James Jirayu បានធ្វើដំណើរត្រឡប់ទៅវិញ នៅវេលាម៉ោង១រសៀល អមដំណើរដោយក្រុមកាងារ នៃស្ថានីយទូរទស្សន៍ភីអិនអិន រួមជាមួយក្រុមអ្នកគាំទ្រមួយចំនួនផងដែរ។ សកម្មភាពទាំងនេះ បានចាក់ផ្សាយជាពិសេសនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី១៥ និង ២២ តុលា ឆ្នាំ២០១៦ វេលាម៉ោង៧ យប់។ 
 

 

ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបន្តអញ្ជើញតារាល្បីៗ ជាច្រើនរូបទៀតរបស់ប្រទេសថៃ TV3 និងតារាហុងកុង TVB ដើម្បីមកជួបផ្ទាល់ជាមួយប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជា៕

Copyright © 2017 PNN TV. All Rights Reserved.