ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧

តារាសម្តែងល្បីៗ ក្នុងរឿងភាគខ្មែរ របស់PNN ជួបប្រិយមិត្តរបស់ខ្លួន នៅផ្សារទំនើប អ៊ីអន

២៨ មិនា ២០១៧

សិល្បករល្បីៗ របស់កម្ពុជា ដែលជាតួសម្តែង នៅក្នុងរឿងភាគចំនួនពីរ របស់ភីអិនអិន បានជួបជាមួយប្រិយមិត្តរបស់ខ្លួន ដោយផ្ទាល់នៅផ្សារទំនើបអ៊ីអន កាលពីថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។ នេះជាព្រឹត្តិការណ៍ ដំបូងបង្អស់មិនធ្លាប់មានពីមុនមក ដែលតារាសម្តែងនៅក្នុងខ្សែភាពយន្តភាគខ្មែរ ជួបជាមួយនឹងប្រិយមិត្ត របស់ខ្លួនដោយផ្ទាល់បែបនេះ។ 

 

 

វត្តមានតារាសម្តែងល្បីៗ ដែលចូលរួមក្នុងជំនួបពិសេសនេះ មានដូចជា លោក អេវីន កញ្ញា តូតា អ្នកនាង គ្រត លោក ជា សំណាង ដែលពួកគេមកពីផលិតកម្មអិលឌីភិចឆ័រ រឿងម្ទេសហឹរ ប៉ះអំបិលប្រៃ។ ដោយឡែកតួសម្តែង ដែលមកពីផលិតកម្មខ្មែរមេគង្គ រឿងសង្គ្រាមបេះដូង វិញមាន លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា អ្នកស្រី ង៉ែត សុវណ្ណលីតា កញ្ញា ឃីង សុរិយា រួមនឹងវត្តមានតារាល្បីៗ ជាច្រើនរូបទៀត។

 

 

 

លោក Glen Felgate នាយកប្រតិបត្តិស្ថានីយទូរទស្សន៍ភីអិនអិន បាននិយាយថា៖ «ភីអិនអិន បានវិនិយោគទឹកប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើសិល្បករក្នុងស្រុក អ្នកសរសេរScript ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ដើម្បីសម្រិតសម្រាំងរឿងភាគខ្មែរ ដែលល្អគួរជាទីចាប់អារម្មណ៍ជូនដល់អ្នកទស្សនា ហើយភីអិនអិន ក៏បានវិនិយោគទឹកប្រាក់រាប់ម៉ឺនដុល្លារផ្សេងទៀតផងដែរ ដើម្បីផ្សព្វផ្សាយរឿងភាគ ដែលផលិតបានទាំងនោះ»។

 

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគក្នុងស្រុក ឲ្យបានច្រើនជាងមួយរយម៉ោងក្នុងឆ្នាំ២០១៦ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគ៕

Copyright © 2017 PNN TV. All Rights Reserved.