© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃ «ស្នេហ៍ពីរភព» ឬ «Buang Bunjathorn» ដែលទទួលបានការគាំទ្រកាលពីឆ្នាំ២០០២ ត្រូវបានអ្នកនិពន្ធលើកយកមកផលិតថ្មីនិងបាន ចាក់ផ្សាយនៅប៉ុស្តិ៍លេខ៣ថៃ កាលពីចុងឆ្នាំ២០១៧ ហើយរឿងមួយនេះនឹងត្រូវមានវត្តមាននៅប៉ុស្តិ៍ភីអិនអិនក្នុងខែតុលានេះហើយ។
រឿង «ស្នេហ៍ពីរភព» កាលពីឆ្នាំ២០០២ ត្រូវបានសម្តែងដោយតារាជើងចាស់ Phim និង Chakrit ដែលកាលណោះរឿងមួយនេះចាត់ទុកថាជារឿងដែលស្ថិតក្នុងចំណោមរឿងភាគល្បីៗប្រចាំឆ្នាំ២០០២ផងដែរ។
ដោយឡែកនៅចុងឆ្នាំ២០១៧ រឿងមួយនេះបានមានវត្តមានសារជាថ្មីម្តងទៀតនៅលើប៉ុស្តិ៍លេខ៣ថៃដោយដំណែងតួឯកក្នុងរឿងនេះគឺ Mario និង Mai Davika អមដោយតារាល្បីៗជាច្រើនផ្សេងទៀតដូចជា Prang, Panjan និង Sara ជាដើម។
រឿង «ស្នេហ៍ពីរភព» គឺជារឿងសម័យលាយបុរាណ និង មានអភិនិហារកើតឡើងចំពោះតួឯកស្រីមានឈ្មោះថា ប្រែនួន (Mai Davika) ដែលបានរៀបការជាមួយខេត (Panjan) ប៉ុន្តែមិនត្រូវបានទទួលការយល់ព្រមពីម្តាយរបស់ប្រែនួនឡើយ។ ដំបូងឡើយជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់ពិតជាទទួលបានសុភមង្គល តែបន្ទាប់ពីរៀបការបានពីរឆ្នាំខេត ក៏ចាប់ផ្តើមមានស្រីផ្សេងដែលជាលេខារបស់ខ្លួន និងបានធ្វើអោយប្រែនួនខកចិត្តយ៉ាងខ្លាំងរហូតដល់ថ្នាក់សុំខេតលែងលះគ្នាតែខេតមិនយល់ព្រមឡើយព្រោះគេនៅតែស្រឡាញ់ប្រែនួន។
ប្រែនួនបន្ទាប់ពីខកចិត្តយ៉ាងខ្លាំងក៏បានរត់ទៅនៅផ្ទះរបស់ឪពុកនាងដែលបានចែកអោយនៅឈៀងរ៉ៃ ហើយក៏បានប្រទះឃើញគ្រែមួយដែលមានចម្លាក់ស្រស់ស្អាត ក៏អោយអ្នកចាត់ការក្នុងផ្ទះរៀបចំអោយ។ គ្រែមួយនេះមានអាថ័នដែលអាចនាំនាងទៅកាន់សម័យសង្គ្រាមលោកលើកទី២នៅក្រុងវាងឃិនដែលបានកើតឡើងប្រមាណជាជិតមួយរយឆ្នាំមុន និងបានអោយនាងជួបជាមួយឡៅពើង (Mario) ដែលជាគូព្រេងរបស់នាង។ រឿងរ៉ាវជាច្រើនបានកើតឡើងនៅក្នុងសម័យនោះ និងបានធ្វើអោយនាងចង់ដឹងថាមានរឿងអ្វីកើតឡើងខ្លះ? ជារៀងរាល់ពេលដែលនាងបានគេងលើគ្រែនោះ អាថ័នគ្រែតែងតែនាំនាងទៅកាន់សម័យអតីតកាល រហូតទាល់តែមានអ្នកដាស់ទើបនាងអាចត្រឡប់មកកាន់បច្ចុប្បន្នកាលវិញ។ អំឡុងពេលដែលនាងបានទៅកាន់សម័យបុរាណ នាងក៏បានលង់ស្រឡាញ់គ្នាជាមួយឡៅពើងដែលជាប្រមុខរដ្ឋគ្រប់គ្រងទីក្រុងវាងឃិន។ តើស្នេហាឆ្លងភពនេះមានឧបសគ្គដែរទេ? តើចុងក្រោយពួកគេអាចបានជួបគ្នាដែរទេ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ស្នេហ៍ពីរភព» ចាក់ផ្សាយចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០-៧:០០យប់ បន្ទាប់ពីរឿង ដែនដីជំរុំចិត្ត៕
ទស្សនាឈុតខ្លី៖
ដោយ៖