© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភីអិនអិន ត្រៀមនឹងចាក់ផ្សាយរឿងភាគខ្មែរថ្មីសន្លាងមួយទៀតរបស់ខ្លួននៅខែកញ្ញានេះ ដែលមានចំណងជើងថា «សមុទ្រទឹកភ្នែក»។ រឿងមួយនេះអាចនឹងធ្វើអោយទស្សនិកជនស្រក់ទឹកភ្នែក និងចូលអារម្មណ៍មនោសញ្ចេតនាលន្លង់លន្លោចជាមួយអត្ថន័យនៃសាច់រឿងមិនខាន។
រឿង «សមុទ្រទឹកភ្នែក» នេះដែរភីអិនអិនបានប្រគល់សិទ្ធទៅអោយផលិតកម្ម Adcreator ជាអ្នកផលិត និងដឹកនាំការសម្តែង ដោយមានការចូលរួមដោយតារាសម្តែងល្បីៗជាច្រើនដូចជា លោកអ៊ិន សុធា កញ្ញា ឌុច លីដា លោក ប៉ែន ភ័ក្ត្រសុធារិទ្ធ កញ្ញា ម៉ៃយ៉ា រួមនិងតារាសម្តែងជើងចាស់ ជើងថ្មីជាច្រើនរូបទៀត។
ខ្លឹមសារសំខាន់នៅក្នុងរឿងនេះគឺផ្តោតទៅលើខ្សែជីវិតរបស់ នាងសូរិយា ដែលស្ថិតក្នុងជីវភាពក្រីក្រលំបាក ថែមទាំងមានម្តាយឈឺទៀតផង។ ដោយមានរូបសម្ផស្សស្រស់ស្អាតនាងសូរិយាត្រូវបានបុរសៗក្នុងភូមិស្ទើរតែគ្រប់គ្នាចាប់ចិត្តស្រឡាញ់នាង មានទាំងកម្លោះ ពោះម៉ាយ និងអ្នកដែលមានប្រពន្ធកូនហើយ ក៏លួចស្រឡាញ់នាងដែរ។ ក្នុងនោះកូនប្រុសរបស់ម្ចាស់បំណុលនាងក៏លង់និងសម្រស់នាងដកចិត្តមិនរួច។ ថ្ងៃមួយនាងសូរិយាបានជួបជាមួយស្ត្រីចំណាស់ម្នាក់ ដោយបានលួងលោមនាងអោយទៅភ្នំពេញ និងសន្យាថាជួយរកកាងារធ្វើអោយនាង។
សូរិយាហេតុតែចង់បានលុយក៏សុខចិត្តទៅភ្នំពេញ តែមិនដឹងថាស្រ្តីចំណាស់នោះគឺជាមេបន និងមានបំណងបោកយកនាងទៅលក់ឡើយ។ ភារក្សគឺជាកូនអ្នកមានម្នាក់នៅភ្នំពេញ ដែលតែងតែដើរលេងផឹកស៊ីសប្បាយ និងប្តូរស្រីគ្រប់ម៉ូត។ យប់មួយសូរិយាត្រូវបានស្រីចំណាស់នោះនាំយកទៅអោយបម្រើភារក្ស។ បន្ទាប់ពីយប់នោះ សូរិយាពិតជាគួរអោយអាណិត និងបានរៀបរាប់រឿងរ៉ាវទាំងអស់អោយភារក្សបានដឹង ភារក្សមានចិត្តអាណិតសូរិយា ក៏ព្រមផ្តល់ប្រាក់មួយចំនួនអោយទៅសូរិយា និងបានលស់នាងពីមេបនដើម្បីអោយនាងមានសេរីភាពវិញ។
តើខ្សែជីវិតរបស់សូរិយាបន្ទាប់ពីត្រឡប់ទៅកាន់ស្រុកកំណើតវិញ និងមានរឿងអ្វីកើតឡើង? តើនាងអាចពុះពាររាល់ឧបសគ្គដែលបានមកយាយីជីវិតនាងបានដែរទេ?
សូមកុំភ្លេចទស្សនារឿង សមុទ្រទឹកភ្នែក ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី២១ ខែកកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៧:៥០-៩:០០ យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍ សៅរ៍ បន្ទាប់ពីរឿង «ដួងចន្ទ ដួងចិត្ត»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖