© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បច្ចុប្បន្ននេះរឿងភាគខ្មែរចំនួនពីររឿងគឺ រឿង «កន្ទោងខៀវ» ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០-៩:០០យប់ និងមួយរឿងទៀតគឺ រឿង «ម្ចាស់បំណុល» ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ វេលាម៉ោង ៧:៥០-៩:០០យប់ កំពុងតែទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនអោយងាកមកទស្សនារឿងភាគខ្មែរ។
នាដើមខែសីហានេះភីអិនអិននឹងនាំយករឿងភាគខ្មែរថ្មីមួយរឿងទៀតគឺ រឿង «ដួងចន្ទ ដួងចិត្ត» ដែលនឹងត្រូវចាក់បញ្ចាំង ចាប់ពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៧:៥០-៩:០០យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ ថ្ងៃសោរ៍ បន្ទាប់ពីរឿង «ម្ចាស់បំណុល»។
អ្នកនិពន្ធរឿង «ដួងចន្ទ ដួងចិត្ត» ឯកឧត្តម មុត ថារី បានមានប្រសាសន៍ថា សាច់រឿងទាំងមូលត្រូវបានចំណាយពេលនិពន្ធ ថត និងកាត់ត រហូតដល់ទៅជិតពីរឆ្នំា។ រឿងមួយនេះលោកក៏បានដាក់ក្តីរំពឹងថាអាចនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដោយលោកបញ្ជាក់ថា រឿងមួយនេះមានការសម្រិតសម្រាំង និងម៉ត់ហ្មត់បំផុត ដើម្បីអោយទស្សនិកជនបានទទួលយកនូវចំណីចក្ខុថ្មី និងប្លែក។
រឿង «ដួងចន្ទ ដួងចិត្ត» តួឯកសម្តែងដោយលោក អេត វីន និងកញ្ញា ពៅ លីដា រួមនិងតារាសម្តែងជំនាន់ចាស់ ជំនាន់ថ្មីដែលមានបទពិសោធន៍ជាច្រើនរូបទៀត។
រឿងមួយនេះរៀបរាប់ពីដំណើរជីវិតរបស់ស្ត្រីម្នាក់ឈ្មោះ នាងស៊ីនួន ដែលបានស្រឡាញ់គ្នាជាមួយជនបរទេសហើយក៏បានមានផ្ទៃពោះជាមួយគ្នា តែប្តីរបស់នាងបានវិលទៅកាន់ស្រុកកំណើតវិញ ដោយមិនបានផ្តល់ដំណឹងអ្វីដល់នាងឡើយ។ ស៊ីនួនក៏បង្កើតបានកូនប្រុសម្នាក់ដោយដាក់ឈ្មោះអោយថាវិចិត្រ។ នាងស៊ីនួនខ្មាស់អ្នកភូមិយ៉ាងខ្លាំងដោយសារតែកូនគ្មានឪពុក ក៏សម្រេចចិត្តយកកូនទៅផ្ញើនិងមីងម្នាក់ រួចក៏បានទុកខ្សែកមួយខ្សែដោយនៅនឹងមីងម្នាក់នោះដោយផ្តាំថាជួយរក្សារទុកអោយកូនប្រុសពេលដែលគេធំឡើង។ មិនយូរប៉ុន្មានមេធាវីប្តីរបស់ស៊ីនួនក៏បានមកតាមរកនាង ដើម្បីទទួលមរតកនៅឯបរទេស។ រយៈពេល២៥ឆ្នាំបានកន្លងផុតទៅ វិចិត្របានធំដឹងក្តីឡើងជាមួយនាងដួងចន្ទ អ្នកទាំងពីរក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមក។ ប៉ុន្តែបន្ទាប់ពីម្តាយចិញ្ចឹមរបស់វិចិត្របានស្លាប់ទៅ គាត់ក៏បានយកខ្សែកដែលម្តាយវិចត្របានបន្សល់ទុកអោយដើម្បីស្វែងរកម្តាយនៅឯភ្នំពេញ វិចិត្រ និងដួងចន្ទក៏បានបែកគ្នាមួយរយៈ។
ពេលទៅដល់ភ្នំពេញវិចិត្របានជួបនិងឧបសគ្គជាច្រើន ព្រោះតែមិនដែលស្គាល់ទីក្រុង មិនមានសាច់ញាតិនៅទីក្រុង។ តើនឹងមានអ្វីខ្លះកើតឡើងចំពោះវិចិត្រក្នុងអំឡុងពេលស្វែងរកម្តាយ? រឿងរ៉ាវទាំងអស់នេះនឹងមាននៅក្នុងរឿង «ដួងចន្ទ ដួងចិត្ត» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖