© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បច្ចុប្បន្នទស្សនិកជនកំពុងតែតាមដានទស្សនានូវរឿងភាគខ្មែរចំនួនពីររឿងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនគឺ រឿង«ប្រពន្ធអ្នកឆ្លាត» ចាក់ផ្សាយចាប់ពីថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០-៩:០០យប់ និង រឿង«ម្ចាស់បំណុល» ចាក់ផ្សាយចាប់ពីថ្ងៃព្រហស្បតិ៍-សៅរ៍ វេលាម៉ោង ៧:៥០-៩:០០ដូចគ្នា ដែលរឿងភាគទាំងពីរនេះ សុទ្ធតែបង្ហាញជូននូវរសជាតិផ្សេងគ្នា មានទាំងបញ្ហាគ្រួសារ ស្នេហា កម្សត់ និងកំប្លែងជាដើម។
ដោយឡែកនៅពាក់កណ្តាលខែកក្កដានេះ ទស្សនិកជននឹងបានប្លែកភ្នែកជាមួយការបង្ហាញជូននូវរឿងភាគខ្មែរបែបភ័យរន្ធត់ ព្រឺព្រួចគឺ រឿង«កន្ទោងខៀវ» ដែលខ្សែភាពយន្តមួយនេះប្រជុំដោយតារាល្បីៗដូចជា៖ លោក ប៉ែន ភក្រ្តសុធារិទ្ធ កញ្ញា ម៉ាក់ សែនសូនីតា កញ្ញា ឌី សូនីតា លោក យ៉ែម សំអូន រួមនិងសិល្បករ សិល្បការនីល្បីៗជាច្រើនរូបទៀត។
មូលហេតុដែលភីអិនអិននាំយករឿងភាគខ្មែរបែបព្រឺព្រួច ភ័យរន្ធត់មកចាក់ផ្សាយនៅក្នុងម៉ោងមាសនេះ ត្រូវបាន កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន បញ្ជាក់ថា «ជាគោលការណ៍របស់ភីអិនអិន គឺយើងតែងតែគាំទ្រនូវស្នាដៃសាច់រឿងរបស់ខ្មែរ មិនថាជាស្នាដៃនិពន្ធចាស់ ឬនិពន្ធថ្មី យើងតែងតែយករឿងទាំងនោះ មកផលិតជាភាពយន្តភាគទូរទស្សន៍ ដោយកន្លងមកក៏មានការផលិតបានជាច្រើនរឿងរួចមកហើយ ដូចជា រឿងទុំទាវ រឿងពស់កេងកង នៅក្នុងនោះក៏មានប្រភេទរឿងថ្មីៗដូចជា រឿងក្រមុំបាយឆា រឿងកញ្ញាអំពិលផ្អែម ជាដើម។ ដោយឡែករឿងភាគខ្មែរ «កន្ទោងខៀវ» គឺជារឿងដែលត្រូវបានផលិតចេញពីព្រេននិទានខ្មែរក្នុងឆ្នាំ១៨៦៦ ដោយរក្សារនូវទម្រង់ដើមទាំងស្រុង។ ហើយរឿងនេះក៏ជារឿងរសជាតិបែបថ្មីមួយ ដោយពាក់ព័ន្ធនឹងជំនឿ និងប្រពៃណីខ្មែរ ដែលនឹងត្រូវចាក់ផ្សាយជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន»។
កញ្ញាបានបន្ថែមថា៖ «រឿង កន្ទោងខៀវ នេះដែរនឹងត្រូវចាក់ផ្សាយនៅក្នុងម៉ោងពិសេស ដែលការចាក់ផ្សាយក្នុងម៉ោងនេះ យើងមានការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយអ្នកដឹកនាំរឿង ព្រោះជាធម្មតាម៉ោងនេះគឺភីអិនអិនចាក់ផ្សាយរឿងបែបសង្គម គ្រួសារ តែបើងាកមករឿង កន្ទោងខៀវ គឺជារឿងបែបខ្មោចតែមិនមែនខ្មោចគួរអោយខ្ពើម ដូច្នេះហើយទើបសម្រេចយកម៉ោងពិសេសគឺម៉ោង ៧:៥០-៩:០០យប់នេះតែម្តង»។
«កន្ទោងខៀវ» គឺជារឿងភាគខ្មែរដែលបង្ហាញពីមនោសញ្ចេតនាស្នេហា ភ័យ រន្ធត់ ព្រឺព្រួចនិងការចងគំនុំ។ រឿងមួយនេះត្រូវបានដំណាលតៗគ្នាមកថា មានបុរសម្នាក់ឈ្មោះថា នាយចាន់(សុធារិទ្ធ) ដែលជាអ្នកមានទ្រព្យសម្បត្តិ និងមានរូបរាងសង្ហារ ដែលជាបំណងប្រថ្នាសម្រាប់នារីគ្រប់ៗរូប។ ថ្ងៃមួយនៅក្នុងភូមិបានរៀបចំពិធីចេញព្រះវស្សា បានធ្វើអោយនាយចាន់បានជួបជាមួយ នាងខៀវ (ម៉ាក់ សែនសូនីតា) ហើយក៏បានចាប់ចិត្តស្រឡាញ់គ្នាទៅវិញទៅមក ប៉ុន្តែត្រូវបានឪពុកម្តាយទាំងសង្ខាងរារាំងមិនអោយជួបគ្នាឡើយ។ ទោះបីជាបែបណាអំណាចស្នេហារបស់ពួកគេទាំងពីរពិតជាគ្មានអ្នកណាម្នាក់អាចរារាំងបានឡើយ ដោយពួកគេទាំងពីរនាក់សុខចិត្តលួចរត់ជាមួយគ្នា រហូតនាងខៀវមានផ្ទៃពោះជាមួយនាយចាន់។
នៅថ្ងៃដែលនាងខៀវឈឺពោះឆ្លងទន្លេ ចាន់មិនបាននៅជិតនាងខៀវទេ ដោយមានធុរៈរវល់ទៅរកស៊ីឆ្ងាយ។ ជាអកុសលនាងខៀវមិនអាចឆ្លងទន្លេបានក៏បណ្តាលអោយស្លាប់ក្នុងថ្ងៃនោះតែម្តង។ ចុះតើចាន់នឹងមានអារម្មណ៍បែបណាប្រសិនបើដឹងថាប្រពន្ធនឹងកូនបានស្លាប់ទៅហើយ? តើនាងខៀវអាចទៅចាប់ជាតិដែរទេ បើពេលដែលនាងស្លាប់ គឺស្លាប់ទាំងបិតភ្នែកមិនជិតបែបនេះ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «កន្ទោងខៀវ» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនដែលនឹងចាក់ផ្សាយ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៧:៥០-៩:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ បន្ទាប់ពីរឿង «ប្រពន្ធអ្នកឆ្លាត»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖