© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការចាក់បញ្ចាំងរឿង «ហ្លួងព្រះស្តេចកន» នៅវាលព្រះមេរុ បានបញ្ចប់ទៅហើយក្រោយចាក់បញ្ចាំងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២២ ២៣ ២៤ ខែមិថុនា ឆ្នាំ២០១៨ ដោយអនុញ្ញាតិអោយទស្សនិកជនចូលរួមទស្សនាដោយឥតគិតថ្លៃ។ បន្ទាប់ពីចាក់បញ្ចាំងរឿងនេះហើយ សង្កេតឃើញថាទឹកមុខទស្សនិកជន ពោរពេញដោយស្នាមញញឹម និងរំភើបដែលបានទស្សនារឿងប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនេះ។
សម្រាប់ថ្ងៃទី១នៃការចាក់បញ្ចាំងរឿង «ហ្លួងព្រះស្តេចកន» ក៏មានការលេងហ្គេមសប្បាយៗដែលដំណើរការកម្មវិធីដោយ អេតវីន។ បន្ទាប់ពីលេងហ្គេមហើយ រឿង «ហ្លួងព្រះស្តេចកន»ក៏ចាប់ផ្តើមចាក់បញ្ចាំង ដោយទទួលបានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ដោយឡែកសម្រាប់ថ្ងៃទី២វិញ មុនពេលរឿងចាប់ផ្តើមចាក់បញ្ចាំង ក៏មានការលេងហ្គេមដូចថ្ងៃទីមួយដែរ និងមានអ្នកចូលលេងច្រើន ដោយពួកគាត់ទទួលបានភាពសប្បាយរីករាយគ្រប់ៗគ្នា។ ការលេងហ្គេមបានបញ្ចប់ទៅហើយ ប៉ុន្តែភ្លៀងនៅតែបង្អុរធ្លាក់ខ្លាំងរហូតដល់ម៉ោងចាក់បញ្ចាំងរឿង ទោះបីជាបែបណាទស្សនិកជននៅតែរង់ចាំទស្សនារឿងប្រវត្តិសាស្ត្រមួយនេះ ថែមទាំងមានចំនួនច្រើនជាងថ្ងៃទី១ ដោយអ្នកខ្លះបានទិញអាវភ្លៀង អ្នកខ្លះសុខចិត្តទទូរឆ័ត្រ ក្រោមដំណក់ទឹកភ្លៀងដើម្បីបានទស្សនា។
ចំណែកទិដ្ឋភាពសម្រាប់ថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ ទស្សនិកជនចូលរួមទស្សនារឿង «ហ្លួងព្រះស្តេចកន» កាន់តែច្រើនជាងថ្ងៃមុនៗគួរអោយកត់សម្គាល់។ មិនត្រឹមតែប៉ុណ្ណោះក៏មានវត្តមានតារាល្បីៗប្រចាំកម្ពុជាដូចជា កញ្ញាជីមមី លោក វៃហាំង និងកញ្ញាយូប៊ីន ដែលពួកគាត់ទាំងបីនាក់បានញុំាងកម្មវិធីអោយរឹតតែមានភាពសប្បាយរីករាយជាមួយការលេងហ្គេមសប្បាយៗមុនពេលចាក់បញ្ចាំងរឿង។ បន្ទាប់ពីការលេងហ្គេមកម្សាន្តហើយ ទស្សនិកជន ក៏បានរង់ចាំទស្សនារឿង «ហ្លួងព្រះស្តេចកន»ដោយទឹកមុខរីករាយ អ្នកខ្លះបានអង្គុយលើកៅអី អ្នកខ្លះអង្គុយខាងក្រោម និងអ្នកខ្លះឈរ ដើម្បីបានទស្សនារឿងមួយនេះ។
ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបង្កើតកម្មវិធីសប្បាយៗ ប្លែកៗជាច្រើនទៀត រួមនិងការអញ្ជើញតារាក្នុងស្រុក និងក្រៅស្រុកមកជួបប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជា៕
ដោយ៖