© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីដ៏មានប្រជាប្រិយភាពមួយរបស់ភីអិនអិន «បេសកកម្មប្រចាំសប្តាហ៍» ឬ Mission Of The Week ត្រូវបានបង្កើតឡើងតាំងពីចុងឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានជោគជ័យខ្លាំង ដោយសារតែការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងពីក្រុមកាងារ។
ក្នុងនោះសង្កេតឃើញថាពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធី «បេសកកម្មប្រចាំសប្តាហ៍» តែងតែមាននូវប្រធានបទប្លែកៗ ល្អៗមកជូនទស្សនិកជនបានទស្សនា ព្រមទាំងផ្តល់ជូននូវចំណេះដឹងជាច្រើនពាក់ព័ន្ធទៅនឹងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។
ជាក់ស្តែងដូចជាកាលពីប៉ុន្មានសប្តាហ៍មុននេះកម្មវិធី «បេសកកម្មប្រចាំសប្តាហ៍» ក៏បានចុះទៅផ្តិតយកទិដ្ឋភាពរបស់ក្រុមនិស្សិតសិក្សាផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រងសិក្សាជាភាសាបារាំង ដែលបានចុះទៅធ្វើយុទ្ធនាការសំអាតបរិស្ថាននៅឯតំបន់ទេសចរណ៍ខេត្តសៀមរាប និងការចុះទៅដល់តំបន់អភិរក្សព្រៃឈើនៅខេត្តឩត្តរមានជ័យជាដើម។
លោក ប៉ែន បូណា និពន្ធនាយកនៃស្ថានីយទូរទស្សន៍ភីអិនអិនបានមានប្រសាសន៍ថា៖
«កម្មវិធី បេសកកម្មប្រចាំសប្តាហ៍ គឺជាកម្មវិធីដែលផ្តោតលើប្រធានបទសំខាន់ៗពាក់ព័ន្ធផ្ទាល់ទៅនឹងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដែលត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសដោយក្រុមការងារ។ កម្មវិធីនេះផលិតឡើងដោយគ្រប់ជ្រុងជ្រោយ និងយ៉ាងស៊ីជម្រៅទៅក្នុងប្រធានបទ ហើយមានការជជែក ពិភាក្សា និងការវិភាគគ្រប់ទិដ្ឋភាព ដើម្បីផ្តល់ជូនដល់សាធារណៈជននូវព័ត៌មានដែលមានសារៈសំខាន់ទាំងអត្ថន័យ អត្ថរស និងអត្ថរូប។ ដោយសារទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជន ដូច្នេះ យើងនឹងខិតខំធ្វើឲ្យកម្មវិធីនេះកាន់តែល្អបន្ថែមទៀតដើម្បីឲ្យសមនឹងការគាំទ្រ និងការលើកទឹកចិត្តពីមហាជន»។
កម្មវិធី «បេសកកម្មប្រចាំសប្តាហ៍» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ១០:០០-១០:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖