© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគបុរាណល្បីៗរបស់TVB នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍PNN នៅវេលាម៉ោង៥ ដល់ម៉ោង៦ល្ងាច នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះហើយ។ រឿងភាគបុរាណដែលល្បីបំផុតកាលពីឆ្នាំ២០០៩ ល្បិចក្នុងរាជវាំង វគ្គ១ ឬ Beyond Realm of Conscience នឹងមានផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍PNNបន្ទាប់ពីរឿង អ្នកក្លាហានទាំងបីឆ្លងភព (ផ្សាយឡើងវិញ)។
រឿង ល្បិចក្នុងរាជវាំង វគ្គ១ មានការចូលរួមសម្តែងដោយកំពូលតារាល្បីៗរបស់ហុងកុងដូចជា៖ Charmaine Sheh, Tavia Yeung, Michelle Yim, Susanna Kwan, Moses Chan, Kevin Cheng, Joseph Lee, Susan Tse, Selena Li, Mary Hon។
តាមរយៈរឿងនេះ នាង Tavia Yeung បានឈ្នះពានរង្វាន់ដល់ទៅពីរ គឺតារាសម្តែងល្អបំផុតប្រចាំឆ្នំា (Best Performance of the Year) និងតួស្រីដែលមានប្រជាប្រិយភាព (My Favorite Female Character) ក្នុងឆ្នាំ២០០៩។ រឿងនេះក៏ស្ថិតក្នុងចំណោមរឿងភាគទូរទស្សន៍កំពូលទាំងដប់ប្រចាំឆ្នាំ ក្នុងកម្មវិធីពានរង្វាន់ One TV Award 2010 ផងដែរ។
រឿង ល្បិចក្នុងរាជវាំង វគ្គ១ រៀបរាប់ពី នាងGong Choi-king ដែលជាស្រីស្នំស្ដេចត្រូវបានគេបង្ខំឲ្យត្រលប់ទៅព្រះបរមរាជវាំងវិញ ជាមួយនឹងកូនស្រីរបស់គាត់ឈ្មោះ "លីវសានហាវ" (Charmaine Sheh) និងអ្នកបម្រើរបស់ពួកគេគឺ អ៊ី ខាយលីង (Tavia Yeung)។ Gong Choi-King មានទេពកោសល្យខាងផ្នែករចនាគ្រឿងអលង្ការ ដូច្នេះនាងត្រូវបានគេចាត់តាំងឲ្យធ្វើស្នៀតសក់មាសដ៏ស្រស់ស្អាតឲ្យមហាក្សត្រិយានី ដែលមានគុជខ្យងភ្លឺថ្លាជារូបរាងដូចហ្សង។ ជាអកុសលនៅពេលមហាក្សត្រិយានីបានពាក់ស្នៀតសក់ ក្រសាលជុំវិញសួនច្បារ ស្រាប់តែស្នៀតសក់ហង្សនោះយំចេញឈាម។ មហាក្សត្រិយានីចាត់ទុកនេះជាប្រផ្នូលអាក្រក់ ដូច្នេះស្នំ Gong Choi-King ត្រូវបានគេដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទទួលរងនូវការវាយដំយ៉ាងឃោឃៅរហូតដល់ស្លាប់។
មុនពេលស្លាប់នាងបានប្រាប់ "សានហាវ" ឲ្យចងចាំពីសារៈសំខាន់នៃឈ្មោះរបស់នាង គឺ "ធ្វើល្អ និយាយល្អ ចិត្តល្អ" (ឈ្មោះសានហាវ មានន័យថាល្អបីយ៉ាង)។ ស្នំ Gong Choi-King ក៏បានប្រាប់ "សានហាវ" ឲ្យចេះជួយគ្នា និងស្រឡាញ់ "ខាយលីង" ដូចបងប្អូនបង្កើត។
តើនឹងមានរឿងអ្វីកើតឡើងនៅពេលខាងមុខរវាង "សានហាវ" និង "ខាយលីង"? តើមិត្តភាពរបស់ពួកគេនៅដដែល ឬមានការប្រែប្រួលយ៉ាងណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនានៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៥ ដល់ម៉ោង៦ល្ងាច ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះតទៅ។
PNN ក៏បានទទួលសិទ្ធិផ្តាច់មុខក្នុងការចាក់បញ្ចាំងរឿងល្បិចក្នុងរាជវាំងវគ្គ២ ដែលនឹងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
ដោយ៖