© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្ថានីយទូរទស្សន៍ភីអិនអិន សហការជាមួយផលិតកម្មភូមិពេជ្រភាពយន្ត ចាប់ផ្ដើមក្រុងពាលីចេញ ថតខ្សែភាពយន្តខ្មែរខ្នាតធំ ថ្មីមួយទៀតហើយ ដែលមានចំណងជើងថា «ដែនស្នេហ៌អាថ៌កំបាំង»។ ពិធីក្រុងពាលីថតជាផ្លូវការរឿងថ្មីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក នៅស្ថានីយទូរទស្សន៍ភីអិនអិនផ្ទាល់តែម្តង។ នេះជាខ្សែភាពយន្តថ្មីមួយដែលបង្ហាញពីទស្សនីយភាពប្លែក និងមិនធ្លាប់មានពីមុនមក ដោយសាច់រឿងបែបស្នេហា អាភិនីហារ និងបង្ហាញនូវបែបបទនៃការរស់របស់កុលសម្ព័ន្ធ។ មិនតែប៉ុណ្ណោះ ឈុតឆាកនីមួយៗបង្កប់ដោយអាថ៌កំបាំង ព្រឺព្រួច លាយនឹងមនោសញ្ចេតនាផ្អែមល្ហែម ច្បាស់ជាមិនធ្វើអោយទស្សនិកជនខកបំណងឡើយ។
ភីអិនអិន គឺជាស្ថានីយ៏ទូរទស្សន៍ឈានមុខគេក្នុងឆ្នាំ២០១៧ ដែលបានបោះទុនវិនិយោគច្រើនសន្ធឹកសន្ធាប់ក្នុងផលិតភាគយន្តខ្មែរ ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារអាមេរិក ដើម្បីពង្រឹងនូវគុណភាពភាពយន្តខ្មែរ ហើយភាពយន្តភាគខ្មែរជាច្រើនគឺត្រូវបានគាំទ្រពីសំណាក់ទូរទស្សនិកជនខ្មែរទូទាំងប្រទេស ដូចជា រឿងមន្តស្នេហ៍ក្រមុំបាយឆា រឿងពស់កេងកង រឿងទុំទាវ រឿងសុផាត ជាដើម។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ភីអិនអិនបានប្រាប់ថា «ក្នុងឆ្នាំ២០១៧នេះ យើងបានលើកយកនូវស្នាដៃអ្នកនិពន្ធជំនាន់មុន ដែលជាសាច់រឿងក្នុងស្រុកជាច្រើន មកផលិតជាភាពយន្តភាគទូរទស្សន៍ដើម្បីអោយទូរទស្សនិកជនបានទស្សនា ដោយកន្លងមកទស្សនិកជនធ្លាប់តែបានអាចសៀវភៅ រឺលឺតាមរយៈល្ខោនវិទ្យុ តែសម្រាប់រឿង «ដែនស្នេហ៌អាថ៌កំបាំង» គឺជាសាច់រឿងបង្កើតថ្មីដោយផលិតករ និងអ្នកនិពន្ធខ្មែរយើង ហើយរឿងមានការSet up prop ប្លង់ធំៗជាច្រើន ហើយក្រុមការងារផលិត និងតារាសម្តែងត្រូវសំរាកនៅក្នុងព្រៃជាច្រើនខែដើម្បីថតរឿងនេះ។ «ដែនស្នេហ៌អាថ៌កំបាំង» គឺគ្រោងនឹងចាក់ផ្សាយក្នុងពាក់កណ្តាលឆ្នាំ២០១៨។»
កញ្ញាបន្ថែមថា នាឆ្នាំ២០១៨ ភីអិនអិន មានគម្រោងនឹងនាំយកនូវស្នាដៃរឿងប្រលោមលោកខ្មែរមួយចំនួន របស់អ្នកនិពន្ធជំនាន់ក្រោយ មកផលិតជាភាពយន្តភាគទូរទស្សន៍ នេះជាការគាំទ្រ និងលើកទឹកចិត្តដល់អ្នកនិពន្ធរបស់យើង។
ជារឿយៗ ភីអិនអិនតែងតែខិតខំប្រឹងប្រែងពង្រឹងលើគុណភាព និងធ្វើឲ្យកាន់តែប្រសើរឡើង ដើម្បីជាការជួយលើកស្ទួយដល់វិស័យភាពយន្តខ្មែរ ក៏ដូចជាការផ្តល់កម្លាំងចិត្តដល់ផលិតករក្នុងស្រុក និងឆ្លើយតបទៅនឹងសំណូមពររបស់ទស្សនិកជនខ្លួនដែលតែងតែគាំទ្រ។ គួរបញ្ជាក់ផងដែរថា រឿង«ដែនស្នេហ៌អាថ៌កំបាំង» នេះគឺជាស្នាដៃលើកទីបីរបស់ផលិតករ លោក ពុទ្ធ ព៌ណ ប្រចាំនៅភីអិនអិន បន្ទាប់ពីរឿងពស់កេងកង រឿងសុផាត (ដែលកំពុងចាក់ផ្សាយ) ។ រឿង «ដែនស្នេហ៌អាថ៌កំបាំង» ចូលរួមសម្ដែង ដោយតារាប្រុសរូបសង្ហាលោក ណាខុន កញ្ញាណាតាយា កញ្ញា ដួង ម៉ានិច និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូប។
ចង់ដឹងថាចំណងស្នេហ៍ និងមនោសញ្ចេតនាដ៏អាថ៌កំបាំងរវាងតួអង្គប្រុស និងតួអង្គស្រីដែលរស់នៅក្នុងកុលសម្ព័នផ្សេងគ្នាទៅជាយ៉ាងណា សូមកុំភ្លេចរងចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់៕
តាមដានព័ត៌មានពីរឿងភាគ ភីអិនអិន សូមចូលទៅកាន់៖ PNNDramaFanClub
ដោយ៖