© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្នុងបំណងចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយគុនខ្មែរ ឱ្យល្បីសុះសាយ ជ្រួតជ្រាបទូទាំងពិភពលោក ស្ថានីយទូរទស្សន៍ភីអិនអិន ដោយមានការអនុញ្ញាតពីក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការជាមួយក្រុមហ៊ុនកម្សាន្តលំដាប់អន្តរជាតិ Thai Fight ដើម្បីរៀបចំព្រឹត្តិការណ៍ប្រដាល់ដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា ឈ្មោះថា Khmer-Thai Fight។
ព្រឹត្តិការណ៍ប្រដាល់ដ៏កក្រើកនេះ នឹងប្រព្រឹត្តឡើង នៅម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងវិមានពហុកីឡដ្ឋានជាតិ (សាលប្រកួតបាល់បោះ/បាល់ទះ) រាជធានីភ្នំពេញ។
Thai Fight គឺជាក្រុមហ៊ុនកម្សាន្តដ៏ធំដែលតែងរៀបចំកម្មវិធីប្រដាល់សេរីលំដាប់អន្តរជាតិ ទាំងនៅក្នុងប្រទេសថៃ និងនៅតាមបណ្ដាប្រទេសជឿនលឿននានានៅទ្វីបអឺរ៉ុបជាដើម។ សម្រាប់លើកនេះ Thai Fight បានសហការជាមួយស្ថានីយទូរទស្សន៍ PNN ដើម្បីរៀបចំព្រឹត្តិការណ៍ Khmer-Thai Fight ដែលនឹងមានការប្រកួតរបស់កីឡាករគុនខ្មែរឆ្នើមៗ ៤រូប ទល់នឹងកីឡាករបរទេស និងកីឡាករថៃ ៤រូប ទល់នឹងកីឡាករបរទេសដូចគ្នា ពោលគឺខ្មែរ និងថៃ នឹងមិនប៉ះគ្នានោះទេ។
អ្នកលេងគុនខ្មែរឆ្នើមៗ ទាំង៤ ដែលនឹងបង្ហាញវត្តមានតំណាងកម្ពុជា នៅលើសង្វៀន Khmer-Thai Fight នាថ្ងៃទី ២៥ខែវិច្ឆិកា រួមមាន ពេជ្រ ម្ទេសខ្មាំង (ប្រកួតក្នុងទម្ងន់ ៥៦គីឡូក្រាម), ឡៅ ចិត្រា (ប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាម), ឃីម ឌីម៉ា (ប្រកួតក្នុងទម្ងន់ ៦៣.៥គីឡូក្រាម) និង ម៉ឺន សុភា (ប្រកួតក្នុងទម្ងន់ ៧១គីឡូក្រាម)។
ដើម្បីកម្ដៅអារម្មណ៍ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាជាបណ្ដើរៗមុនព្រឹត្តិការណ៍ Khmer-Thai Fight ចូលមកដល់ នៅថ្ងៃទី ២៥ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានរៀបចំចាក់ផ្សាយឡើងវិញការប្រកួត Thai Fight កន្លងមកដែលធ្លាប់មានកីឡាករកម្ពុជា ចូលរួមប្រកួត នៅក្រៅប្រទេស រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង១១ព្រឹក ពីថ្ងៃទី១៤ខែតុលា ឆ្នាំ ២០១៧តទៅ៕
ព័ត៌មានពីកីឡារបស់ ភីអិនអិន សូមចូលទៅកាន់៖
ដោយ៖