© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ដែលមិនធ្លាប់មានជាមួយកម្មវីធីទើបតែបង្កើតឡើងថ្មីមួយរបស់ស្ថានីយទូរទស្សន៍ភីអិនអិនគឺកម្មវិធី«អ្នកជិតខាង»។ កម្មវិធីនេះនឹងបង្ហាញជូនជាមួយទស្សនីយភាពដែលមិនធ្លាប់ជួប មិនធ្លាប់បានទស្សនា និងចែករំលែកចំណីអារម្មណ៍គ្រប់រសជាតិ ការជជែកគ្នាដោយផ្តល់នូវភាពសប្បាយរីករាយ និងការជីកឬសជីកគល់ពីប្រវត្តិរបស់តារាកិត្តិយសដែលធ្លាប់លំបាកខ្លាំងនិងចាក់ដោតអារម្មណ៍ រហូតទប់ទឹកភ្នែកលែងជាប់។ តារាកិត្តិយសដែលចូលរួមក្នុងកម្មវិធីនេះមានទាំងតារាចម្រៀង តារាសម្តែង អ្នករាំ និងអ្នកដែលកំពុងតែជោគជ័យខ្លាំងលើវិថីមុខជំនួញជាដើម។
ក្រឡេកមកមើលវត្តមានរបស់ពិធីករ និងពិធីការនីដែលនឹងមកគ្រងដំណែងក្នុងកម្មវិធីនេះវិញគឺនាយព្រែក និងដឹកដៃកញ្ញា យ៉ែម ស្រីពេជ្រ មកដំណើរការកម្មវិធីនេះរួមគ្នា។ ដូចដែលទស្សនិកជនបានស្គាល់រួចមកហើយ ទាំងពីរដួងកំពុងតែមានឈ្មោះបោះសម្លេងលើវិថីសិល្បៈ ថែមទាំងត្រូវបានទទួលស្គាល់ពីសំណាក់ទស្សនិកជនជាច្រើនពីវោហាស័ព្ទមិនចេះរីងស្ងួត និងភាពប៉ិនប្រសប់របស់ពួកគេ។
ដោយឡែក កម្មវិធីនេះក៏មានការៀបចំរចនាតុបតែងលម្អយ៉ាងប្រណិត សម្រឹតសម្រាំងគ្រប់ជ្រុង គ្រប់ផ្នែក ហើយក៏មានបំពាក់ជាមួយឧបករណ៍ទំនើបៗ។ ជាពិសេសទស្សនិកជននឹងមានអារម្មណ៍ថាហាក់បីដូចជានៅកន្លែងមួយដែលមិនមែនគ្រាន់តែជាឆាកជជែកគ្នាធម្មតា តែជាកន្លែងអង្គុយជជែកកម្សាន្តនៅក្នុងហាងមួយដែលទំនើបចម្រុះទៅដោយគ្រប់រឿងរ៉ាវ។
«អ្នកជិតខាង» ផលិតឡើងសម្រាប់ការផ្សាយរយៈពេលមួយម៉ោងពេញគឺចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១០:០០ យប់ នឹងផ្តើមដំណើរការចាក់ផ្សាយចាប់ពីថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ តទៅនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន តែមួយគត់៕
ដោយ៖ ម៉ី វ៉ាន់ណែត