© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាច្រើនខែ ដែលប៉ែងព្យាយាមសម្របខ្លួនរស់នៅ និងធ្វើការនៅក្នុងចំការរបស់អាទិត្យ ប៉ុន្តែបេះដូងរបស់នាងហាក់ដូចជាគ្មានបុរសម្នាក់នេះទៀតឡើយ។ ចំណែកឯអាទិត្យវិញ ប្រែជាមានចិត្តលបលួចស្រឡាញ់អូនប៉ែងដោយមិនដឹងខ្លួនទៅវិញ។
មួយរយៈក្រោយពេលដែល វត្តមានរបស់ម៉ាកបានចូលមកក្នុងជីវិតរបស់ប៉ែង គឺជាឧបសគ្គមួយដូចជារារាំងស្នេហារវាងនាង និងអាទិត្យ។ អាទិត្យ ក៏ចាប់ផ្តើមហួងហែងប៉ែង ដូចជាសង្សារ ដោយមិនឲ្យនាងមានឱកាសពេលវេលានៅជាមួយនឹងម៉ាក់នោះទេ។ ម៉ាក តែងតែព្យាយាមចូលជិតប៉ែង ក្នុងនាមជាអតិថិជនផលិតផលផ្កាកុលាប។
បំណងល្អរបស់ម៉ាក វាគ្រាន់តែជាលេសមួយ ដើម្បីចង់បានប៉ែងមកធ្វើជារបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែប៉ែងនាងជាក្មេងស្រីមានចិត្តស្មោះត្រង់ ដែលមិនធ្លាប់គិតផ្លូវអវិជ្ជមានទៅលើនរណាម្នាក់។ អាទិត្យ មើលដឹងថា ទំនាក់ទំនងរបស់ប៉ែង និងម៉ាក អាចនាំមកនូវផលមិនល្អដល់នាង គេក៏បានព្យាយាមរកវិធីសាស្ត្រធ្វើយ៉ាងណា ឲ្យប៉ែងបញ្ឈប់ទំនាក់ទំនងជាមួយបុរសប្លែកមុខនេះភ្លាម។ ទោះបីជាមានការរារាំងពីអាទិត្យ ប៉ែងហាក់ដូចជាមិនព្រមស្តាប់តាមការពន្យល់ប្រាប់របស់អាទិត្យឡើយ។
តើបញ្ហានឹងមកដល់ប៉ែងបែបណាខ្លះ ក្រោយពីទំនាក់ទំនងនាង និងម៉ាក កាន់តែសុីជម្រៅហើយនោះ? សូមបន្តរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង« បងជាព្រះអាទិត្យអូន» ដែលមានផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
ដោយ៖ សិរីរដ្ឋ