© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កំពូលតារាសម្តែងប្រុសវ័យក្មេង ដែលកំពុងតែធ្វើឲ្យ ហ្វេនៗលង់ចិត្តនឹងស្នាមញញឹម ក៏ដូចជារូបរាងដ៏ស្រស់សង្ហា Mark Prin ក៏នឹងមានវត្តមានជាតួឯកប្រុសក្នុងរឿងភាគថៃថ្មីមួយរឿងទៀតរបស់ស្ថានីយទូរទស្សន៍ភីអិនអិន នាចុងកក្តដា ឆ្នាំ ២០២១នេះ។ នោះគឺ រឿង បងជាព្រអាទិត្យអូន ដែលបានចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនមកទស្សនាជាមួយនឹងសាច់រឿង ស្នេហាមនោសញ្ចេតនា ទាំងកំប្លែង និងកម្សត់។
នៅក្នុងវត្តមានជាតួឯកប្រុសក្នុងរឿងភាគថៃថ្មីនេះដែរ Mark Prin ត្រូវបានចាប់ដៃគូសម្តែងជាមួយតារាស្រីដ៏ស្រស់ស្អាត សិចសុី គួរឲ្យទាក់ទាញ គឺកញ្ញា Kao Supassara Thanachart ។ ជាមួយនឹងសាច់រឿង ដ៏ល្អមើលមួយនេះ មិនត្រឹមតែបង្កប់ដោយអត្ថន័យរសជាតិពីជីវិតនោះទេ ក្នុងនោះថែមទាំងធ្វើឲ្យទស្សនិកជនហាក់ដូចជាទទួលបាននូវអារម្មណ៍ស្រស់ថ្លា រំភើប ជាមួយនឹងមន្តស្នេហ៍ទឹកមុខដ៏ស្រស់សង្ហាពីតារាប្រុសតួឯកម្នាក់នេះ។
បងជាព្រះអាទិត្យអូន ក៏ជាខ្សែភាពយន្តភាគថៃថ្មី ដែលបង្ហាញពីជីវិតតួឯកស្រី ដែលត្រូវផ្ញើជីវិតទាំងស្រុងទៅលើ តួឯកប្រុស ក្រោយពេលដែលខ្លួនត្រូវបាត់បង់គ្រួសារជាទីស្រឡាញ់។ ជារឿងមួយ ដែលរៀបរាប់ពីបុរសអភិជនម្នាក់ ដែលខ្វះភាពកក់ក្តៅពីប្រពន្ធ ហើយរងសម្ពាធផ្លូវចិត្ត រហូតធ្វើអត្តឃាតខ្លួនទាំងប្តីប្រពន្ធ ដោយបន្សល់ទុកកូនស្រីផ្ញើនឹងមិត្តសម្លាញ់។
ប៉ែង គឺជាក្មេងស្រីកំព្រា ហើយនាងត្រូវការកម្លាំងចិត្តពី អាទិត្យ ដែលជាមិត្តតែម្នាក់គត់របស់នាង។ នាងចង់ឲ្យមិត្តភាព ក្លាយជាស្នេហា ប៉ុន្តែអាទិត្យបានត្រឹមតែអាណិតតែប៉ុណ្ណោះ។ ចុងក្រោយ ពួកគេទាំងឆ្លងកាត់នូវឧបសគ្គផ្លូវចិត្តជាច្រើន ទម្រាំអាចយល់ចិត្តគ្នាទៅវិញទៅមកបាន។
យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ខេបសាច់រឿងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈុតឆាកនៃការសម្តែងរបស់តួឯកប្រុស Mark Pirn និងតួឯកស្រីវ័យក្មេង នឹងល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង «បងជាព្រះអាទិត្យអូន» ដែលចាក់ផ្សាយជូនទស្សនាពីថ្ងៃទី ២៦ ខែ កក្តដា ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ