© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួអង្គ អាងិច ដែលជាកូនស្រីតែម្នាក់គត់របស់អ្នកលេងជើងចាស់ម្នាក់ឈ្មោះ ចឹកហុង។ នាងត្រូវជាបងប្អូនជីដូនមួយ នឹងនាយខ្លា ដែលមានសាច់ឈាមបង្កើតរួមគ្នារវាង ឪពុក និងឪពុក។ អាងិច គឺជាមនុស្សស្រីដែលមានចរិតកោងកាច រឹងរូស និងចូលចិត្តការកាប់សម្លាប់ មិនខុសពីវង្សត្រកូលរបស់នាងឡើយ។ សាច់រឿង មកដល់ភាគនេះ ទំនាក់ទំនងស្នេហារវាង អាងិច និងលោកស្នងការ រ៉ុនណាឆាត បានអូសបន្លាយរហូតដល់ធ្វើឲ្យ អាងិច នាងយល់ច្រឡំថា នាងជាមនុស្សស្រីដែលលោកស្នងការម្នាក់នេះ ចាប់អារម្មណ៍។
អ្វីដែលនាងគិត គឺខុសពីការពិត ដែលមនុស្សស្រីដែលលោកស្នងការកំពុងតែចាប់អារម្មណ៍ គឺមិនមែនជានាងឡើយ។ អាងិច អស់មានមនុស្សដែលត្រូវជួយដោះស្រាយរឿងស្នេហារបស់នាង នាងក៏សម្រេចចិត្តឲ្យ អាតៃគៀវ ដែលជាក្មួយស្រីមិត្តសម្លាញ់របស់ ឪពុកនាង ចូលមកជួយរកវិធី ចាប់លោកស្នងការម្នាក់នេះឲ្យទាល់តែបាន។
អាតៃគៀវ គឺជាមនុស្សស្រីឈាមត្រជាក់ មានកលល្បិចសុីជម្រៅ ហើយការជួយរបស់នាង គឺការពិត គ្រាន់តែបំណងចង់ឲ្យគ្រួសាររបស់ អាងិច មានការបែកបាក់គ្នាតែប៉ុណ្ណោះ។ អាងិច ថ្វីត្បិតតែពូកែ ប៉ុន្តែនាងនៅតែតាមមិនទាន់ល្បិចរបស់អាតៃគៀវដដែល ដោយនាងបានធ្វើទៅតាមផែនការរបស់ អាតៃគៀវបានរៀបចំឡើយ។
នៅថ្ងៃមួយ អាងិច បានបបួល លោកស្នងការណាឆាតទៅតៀមស្រានៅពេលយប់ ដែលពេលនោះ នាងបានប្រើល្បិច ដើម្បីដាក់កំហុស លោកស្នងការដែលបំពានមកលើនាង។
តើអាចទៅរួចទេ ដែលលោកស្នងការរ៉ុនណាឆាត ជាប៉ូលីសឆ្លាត អាចធ្លាក់ទៅក្នុងកណ្តាប់ដៃ កូនស្រីអ្នកលេង ដូចជាអាងិចបាន? ហើយអាងិច ពិតជាបានសម្រេចគំរោងការមួយនេះរបស់អាតៃគៀវ បានដែរឬយ៉ាងណា សូមរង់ចាំទស្សនាភាគបន្តដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៕
ដោយ៖ សិរីរដ្ឋ