© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កញ្ញា យ៉ា សុផាន់ម៉ៃ តារាសម្តែងវ័យក្មេង ជំនាន់ក្រោយ និងក៏កំពុងតែគ្រងតំណែងជាតួឯកស្រីដ៏ស្រស់សោភា នៅក្នុងរឿងភាគខ្មែរ ប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងរឿង«រសជាតិអ្នកមាន» បានកំពុងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការសម្តែងរបស់់កញ្ញា។ គ្រប់រសជាតិ គ្រប់ឈុតឆាក ដែលតម្រូវឲ្យកញ្ញាដើរតួសម្តែង ដែលមានចរិតជាតួក្មេង តួមនុស្សចាស់ទុំ និងតួអង្គវិកលចរិត។
ទាក់ទងជាមួយនឹងការសម្តែងជាចរិតតួអង្គច្រើនប្រភេទក្នុងរឿងតែមួយ ពីតារាស្រី រាងតូចស្តើង ខ្ពស់ស្រឡះ បានលើកឡើងនៅក្នុងកម្មវិធី សិល្បៈកម្សាន្តរបស់ទូរទស្សន៍ភីអិនអិន កាលពីថ្មីៗនេះថា កញ្ញា បានជួបនឹងការលំបាកច្រើនគួរសម ទៅលើការផ្លាស់ប្តូរចរិតតួអង្គបែបនេះ ព្រោះមិនមែនសម្តែងតែតួអង្គម្នាក់ ចរិតតែមួយ។ «ខ្ញុំត្រូវព្យាយាមលេងខ្លួនឯងឲ្យដល់ » នេះជាសម្តីដែលកញ្ញាបានលើកឡើតួឯកស្រីរឿង រសជាតិអ្នកមាន ជាមួយនឹងការតាំងចិត្ត ប្រឹងប្រែង ដាក់អារម្មណ៍ឲ្យចូលទៅក្នុងសាច់រឿងដូចជាពិតៗតែម្តង។
ក្នុងនោះ សុផាន់ម៉ៃ បានបន្តទៀតថា មានឈុតខ្លះ កញ្ញាមានការខ្មាស់អៀនខ្លះៗដែរ និងដូចជារឹងៗខ្លួន ដូចជាពេលត្រូវចំឈុតមានតួអង្គផ្សេងមកចាប់បង្ខំលើរូបរាងកាយ ហើយមានឈុតខ្លះ ត្រូវតួអង្គបងប្រុស វាយធ្វើបាប និងមួយវិញទៀត ធ្វើជាតួអង្គ មនុស្សវិកលចរិត។ វាជាការលំបាកមួយដែរ សម្រាប់កញ្ញា ក្នុងការសម្តែងមួយសាច់រឿងនេះ ប៉ុន្តែទោះជាយ៉ាងណាក្តី កញ្ញា ក៏បានបញ្ជាក់ដែរថា វាគឺជាបទពិសោធន៍ និងចំណេះដឹងបន្ថែម ដែលផ្តល់ឲ្យកញ្ញា បានយល់ដឹងកាន់តែច្បាស់ពីសង្គម ពីមនុស្ស គួរធ្វើអ្វីដើម្បីឲ្យជីវិតមានក្តីសុខ។ សិល្បៈនៃការសម្តែង បានបង្រៀនឲ្យកញ្ញា ដូចជាមេរៀនមួយ ដែលអប់រំផ្លូវចិត្តកុំឲ្យមានភាពលោភលន់ និងអ្វីហៅថា ភាពរឹងមាំ និងការទទួលខុសត្រូវដោយខ្លួនឯង។
នៅក្នុងសាច់រឿងនេះដែរ កញ្ញា សម្តែងជាតួអង្គ មីរ៉ា ជាកូនស្រីតែមួយគត់ រស់នៅក្នុងត្រកូលអភិជន ប៉ុន្តែសំណាងអាក្រក់ ដែលកើតមកជាមួយនឹងបញ្ហា រហូតធ្វើឲ្យបាត់បង់មនុស្សជាទីស្រឡាញ់ និងទ្រព្យសម្បត្តិធ្លាក់ទៅក្នុងអ្នកដទៃជាអ្នកគ្រប់គ្រងទៅវិញ។ យ៉ាងណាមិញ នេះគ្រាន់តែជាការលើកឡើងពីអារម្មណ៍របស់កញ្ញាក្នុងការសម្តែងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់សាច់រឿងល្អមើលយ៉ាងណានោះ សូមតាមដានទស្សនានៅក្នុងរឿង «រសជាតិអ្នកមាន វគ្គ២» ដែលមានផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ