© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កំពូលរឿងភាគចិនដ៏ល្អមើលប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន រឿង «វាសនាបងប្អូនភ្លោះ »ដែលកំពុងតែចាក់ផ្សាយជូនទស្សនាបានប៉ុន្មានភាគដំបូងនេះ ឃើញថា មានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។ តួអង្គ បងប្អូនភ្លោះស្រីទាំងពីរនាក់ គឺ ហ័រ ម៉ូជីន និងហ័រ ជីនសៀវ គឺជាមនុស្សដែលមានភាពឆ្លាតវៃ និងរូបសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញ។ ហ័រ ម៉ូជីន គឺជាមនុស្សស្រីចូលចិត្តដោះស្រាយដោយប្រើប្រាជ្ញា ចំណែកឯ ហ័រ ជីនសៀវ គឺចូលចិត្តដោះស្រាយដោយប្រើកំហឹង និងមនោសញ្ចេតនាយកមកដាក់ខ្លួន។ លោកម្ចាស់ ជាំង ដែលជាមេទ័ពដ៏ល្បីឲ្យនគរ និងជាមន្ត្រីជាន់ខ្ពស់របស់ព្រះមហាក្សត្រ បានចិញ្ចឹម និងឲ្យគេមើលថែ បងប្អូនភ្លោះទាំងពីរ រហូតដល់គេធំពេញវ័យ។ លោកប្រុស ទី ៣ ដែលមានឈ្មោះ ហ្វីប៉ាយ គឺជាកូនប្រុសសំណព្វចិត្តរបស់មេទ័ពជាំង មានវិជ្ជាគុណខ្លាំងជាងមនុស្សធម្មតា ថ្វីត្បិតតែគេពិកាក៏ពិតមែន។
ហ័រ ម៉ូជីន ហេតុតែចង់ឲ្យលោកប្រុសទី ៣ អាចដើរបាន សុខចិត្តលះបង់ប្តូរជីវិតមិនខ្លាចស្លាប់ ស្វែងរកឱសថមកព្យាបាល ជើងរបស់ហ្វីប៉ាយ រហូតបានជាសះស្បើយ ។ អំពើល្អ និងការលះបង់មួយនេះ បានធ្វើឲ្យបេះដូងរបស់កូនប្រុសមេទ័ពជាំង លោកប្រុស ហ្វីប៉ាយ បាក់ចិត្តស្រឡាញ់ និងចង់បានជាប្រពន្ធ ។ ចំណែកឯ ហ័រ ជីនសៀរ ក្រោយពីជួបរឿងអាស្រូវដែលត្រូវមនុស្សជំនិតរបស់ប្រពន្ធដើមលោកមេទ័ពធ្វើបាបមកលើរាងកាយមក នាងមានអារម្មណ៍ខ្វះភាពកក់ក្តៅ ហើយក៏ដាច់ចិត្តរត់ទៅរកមេទ័ពដើម្បីជួយនាងពីរឿងអស់ទាំងនេះ។ ទីបំផុត រូបសម្រស់ និងការអាណិតអាសូរ បានបន្ទន់ចិត្តមេទ័ពសាហាវម្នាក់នេះឲ្យព្រមទទួលនាងតូច ហ័រ ជីនសៀរធ្វើជាមេអង្គរក្សស្រីនៅដំណាក់ខាងក្រោយ។ ចាប់តាំងពីថ្ងៃនោះមក លោកមេទ័ពហាក់ដូចជាចាប់អារម្មណ៍ទៅលើហ័រ ជីនសៀវ ចង់យកនាងធ្វើជាប្រពន្ធទីពីរ ។
ចំណែកឯ ហ័រ ម៉ូជីន និងលោកប្រុសហ្វីប៉ាយ បានមានចិត្តទៅលើគ្នាទៅវិញទៅមក ប៉ុន្តែ ម៉ូជីនដែលជាបងស្រី មិនដឹងថា ជីន សៀវ មានចិត្តទៅលើ ហ្វីប៉ាយនោះទេ។ ដំណឹងនេះ បានរសើបទៅដល់ត្រចៀករបស់ ប្រពន្ធទី មួយ របស់់ មេទ័ពជាំង ដែលធ្វើឲ្យលោកស្រីប្រពន្ធដើម ចិត្តក្តៅ ចង់រៀបគំរោងការសម្លាប់ ហ័រ ជីនសៀវ ឲ្យបាត់ពីផែនដី។
ក្រោយពីទំនាក់ទំនងស្នេហានេះបានកើតឡើង នៅភាគបន្ទាប់ទៀត ទស្សនិកជន នឹងបានទស្សនាពីឈុតឆាក បញ្ហាជាច្រើននឹងកើតឡើងក្នុងត្រកូលគ្រួសាររបស់មេទ័ពជាំង រហូតធ្វើឲ្យឪពុកកូនត្រូវខឹងគ្នា បងប្អូនភ្លោះទាំងពីរ ត្រូវបែកគ្នា ដោយការមិនយល់ពីការពិតរៀងៗខ្លួន។
ដើម្បីចង់ដឹងពីសាច់រឿងភាគចិន នឹងល្អមើលយ៉ាងណា ហើយតួអង្គ មេទ័ពជាំង នឹងដោះស្រាយបញ្ហាប្រឈមមុខទាំងពីរនេះ បែបណានោះ សូមតាមដានទស្សនានៅក្នុងរឿង «វាសនាបងប្អូនភ្លោះ» ដែលមានផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ