© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វាជារឿងអភិនីហារ នៃគូស្នេហ៍ពីរគូ ដែលអំណាចព្រះច័ន្ទបាននាំខ្លួនពួកគេឲ្យត្រឡប់ទៅភពផ្សេងពីគ្នាជាថ្មីម្តងទៀត។ រយៈពេលមិនយូរប៉ុន្មាន មេដួងកែវ និងអូប៉ ដែលជានារីមានមុខមាត់ដូចគ្នា ប៉ុន្តែមានចរិតខុសគ្នាដូចមេឃ និងដី បានជួបនឹងរឿងរ៉ាវជាច្រើននៅក្នុងភពដែលខ្លួនបានមកដល់។
តួអង្គ អូប៉ ដែលបានវិលទៅរកសម័យកាលអយុធ្យា នាងបានសម្របខ្លួននឹងការរស់នៅបែបសម័យបុរាណជាច្រើន ដូចជាការស្លៀកពាក់ និងហូបចុកជាដើម។ មិនតែប៉ុណ្ណោះ នាងបានជួបនឹងមនុស្សដែលនាងស្រឡាញ់ គឺហ្លួងឱសថ ដែលជាបុរសពោរពេញដោយចំណេះដឹង និងចរិយាសម្បត្តិសមសួនជាប្រុសពេញលក្ខណៈតែម្តង។ ចំណែក ឯ មេដួងកែវ ដែលវិលទៅរកភពសម័យទំនើប បានជួបនឹងគូស្នេហ៍ដែលកាន់តែយល់ចិត្តគ្នា ហើយនាង និងពិភព ព្រមទទួលយកក្តីស្នេហាជាមួយគ្នាទៅវិញទៅមក។ មកដល់ភាគនេះ ជាភាគដែលទស្សនិកជន នឹងបានទស្សនាពីឈុតឆាកកាន់តែល្អមើល ដែលតួអង្គ ស្រីទាំងពីរ នឹងត្រូវដល់វេលាត្រឡប់ទៅភពដើមរបស់ខ្លួនវិញហើយ។
ពេលវេលា ហាក់ដូចជាលេងសើច សម្រាប់ពួកគេយ៉ាងខ្លាំង ដោយនៅថ្ងៃដែលអូប៉ រៀបមង្គលការជាមួយនឹងហ្លួងឱសថ ក៏ជាថ្ងៃដែលព្រះច័ន្ទបានបញ្ចេញនូវអំណាច ហើយថ្ងៃនោះហើយ គឺជាថ្ងៃដែលនាំអ្នកទាំងពីរមកផ្លាស់ប្តូរគ្នាវិញ ។ អូប៉ ត្រូវបែកពីហ្លួងឱសថ មករស់នៅក្នុងសម័យទំនើបដូចកាលពីមុន ចំណែកឯ មេដួងកែវ ត្រូវមកធ្វើជាកូនលោកចក្រីក្នុងលក្ខណៈជានារីមេផ្ទះ សុភាព ខុសប្លែកពីចរិតជាតួអង្គអូប៉។ ទាំងហ្លួងឱសថ និងពិភព គឺសុទ្ធតែមានការស្រឡាំងកាំង ដោយមិននឹកស្មានថា ពេលវេលា បែរជាមកបំបែកពួកគេបែបនេះសោះ។
តើនៅក្នុងឈុតឆាកនេះ តួអង្គ មេដួងកែវ និងអូប៉ នឹងផ្លាស់ប្តូរវិលទៅរកភពដើមវិញ ដោយជួបនឹងរឿងរ៉ាវអ្វីខ្លះ? ហើយគូស្នេហ៍ទាំងពីរនេះ អាចនឹងបានជួបគ្នាសមបំណងដូចកាលគ្រាដើម ឬយ៉ាងណា? សូមរង់ចាំទស្សនានៅល្ងាចនេះ ក្នុងរឿង« លិខិតដួងច័ន្ទ» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ