© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មិនយូរទៀតទេ ខ្សែភាពយន្តភាគខ្មែរថ្មីសន្លាងមួយរឿងទៀតហើយ ដែលកំពុងតែត្រៀមខ្លួនចាក់ផ្សាយជូនទស្សនិកជនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នោះគឺរឿង« ព្រហ្មលិខិតលំអៀង »សហការផលិតជាមួយនឹងផលិតកម្ម PR Production។ ក្នុងនោះដែរ ក៏មានការចូលរួមពីតារាសម្តែងល្បីៗជាច្រើនដួង ដែលតួអង្គឯក និងសំខាន់ជាងគេ គឺកញ្ញា សុិន យូប៊ីន។
ទស្សនិកជន ក៏ដូចជាហ្វេនមួយចំនួនធំ ដែលតែងតែគាំទ្រទៅលើការសម្តែងពីតារាស្រីស្អាត រាងតូចច្រឡឹង មុខមានមន្តស្នេហ៍ យូប៊ីន ក៏នឹងទន្ទឹងរង់ចាំទស្សនាសម្រាប់សាច់រឿងថ្មី មានអត្ថន័យ និងល្អមើលខ្លាំងយ៉ាងណា។ ដោយឡែក មុននឹងខ្សែភាពយន្តភាគខ្មែរនេះ មានវត្តមានជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ យើងក៏សូមនាំអារម្មណ៍ទស្សនិកជនទស្សនាបណ្តុំរូបភាពក្រៅឆាក ស្អាតៗពីកញ្ញា យូប៊ីន ។ មិនថាតែនៅក្នុងការសម្តែងប៉ុណ្ណោះទេ យូប៊ីនថែមទាំងជាតារាពោរពេញដោយភាពរួសរាយរាក់ទាក់ ចំពោះក្រុមការងារ ជាមួយនឹងកាយវិការក្រមិចក្រមើម ទន់ភ្លន់គួរឲ្យស្រឡាញ់ទៀតផង។
នៅក្នុងរឿងនេះដែរ យូប៊ីន ដើរតួសម្តែងជាពីរតួ គឺតួអង្គកូនភ្លោះ ឈ្មោះ នុត និងនូ ដែលកើតឡើងមកពីផ្ទៃម្តាយតែមួយ ប៉ុន្តែបែរជាមានវាសនាខុសគ្នាដូចមេឃ និងដី។ យូប៊ីន ត្រូវសម្តែងផ្លាស់ប្តូរសូម្បីតែចរិតលក្ខណៈតួ និងសម្លៀកបំពាក់ នៅក្នុងសាច់រឿងតែមួយ។ ទោះយ៉ាងណាក្តី ពីតួឯកស្រីស្អាត យូប៊ីន នៅតែអាចសម្តែងបានយ៉ាងល្អ ហើយប្តូរចរិតតួទៅតាមអ្នកដឹកនាំណែនាំបានទៀតផង។ ដើម្បីចង់ដឹងថា តើសាច់រឿងដែលនិយាយពីវាសនាកូនភ្លោះស្រីទាំងពីរនេះ នឹងទៅជាយ៉ាងណា? សូមរង់ចាំទស្សនានៅក្នុងរឿង« ព្រហ្មលិខិតលំអៀង» ដែលនឹងមានផ្សាយជូនឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាបណ្តុំរូបភាពក្រៅឆាកពីកញ្ញា យូប៊ីន
ដោយ៖ សិរីរដ្ឋ