© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅពេលដែលយើងជួបបញ្ហាអ្វីនៅចំពោះមុខ ជាពិសេសទាក់ទងនឹងរឿងប្រាក់ នោះយើងនឹងហ៊ានធ្វើគ្រប់យ៉ាង ដូចជាតួអង្គ លីន នៅក្នុងរឿង «កូនប្រុសបេះដូងពេជ្រ»។ ដោយសារតែក្តីស្រឡាញ់ លីនសុខចិត្តលះបង់ផ្លាស់ប្តូរកន្លែងច្រៀង ដើម្បីរកប្រាក់មកលោះពេជ្រចេញពីគុក ។ ទោះត្រឹមតែជាស្រីចម្រៀងធម្មតាម្នាក់ តែលីនមានបេះដូង និងទឹកចិត្តស្មោះស្ម័គ្រចំពោះពេជ្រយ៉ាងខ្លាំង។
ឆ្លៀតពេលនេះ នាងព្រីមដែលកំពុងតែចង់ដណ្តើមយកពេជ្រចេញពីលីនផងនោះ នាងបានប្រើល្បិចឲ្យលីនចូលក្នុងអន្ទាក់របស់នាង។ ដោយដឹងថា លីនកំពុងតែស្វែងរកមេធាវីមកជួយដោះស្រាយរឿងក្តីរបស់ពេជ្រ ហើយអ្វីដែលជាបញ្ហាពិបាកដោះស្រាយនោះ គឺលុយសម្រាប់ឲ្យទៅមេធាវីក្នុងការចាត់ចែង។ ព្រីម បានបញ្ចុះបញ្ចូលឲ្យលីន ទៅណាត់សម្ភាសន៍ការងារជាមួយនៅកន្លែងផ្សេង ដោយយកលេសទៅលើការបានថ្លៃដែលលីនច្រៀង។ គាប់ជួន លីនកំពុងតែត្រូវការលុយបន្ទាន់ផងនោះ នាងក៏បានជឿទៅលើនាងព្រីម ហើយក៏បណ្តោយខ្លួនរហូតធ្លាក់ទៅលើដៃឪពុករបស់ព្រីម។ ព្រីម និងឪពុកជាអ្នកមាន គិតថា ផែនការអាក្រក់របស់ខ្លួននឹងបានសម្រេច ប៉ុន្តែសំណាងល្អរបស់លីន ក្រុមប៉ូលីសក៏មកជួយទាន់ពេលវេលា ធ្វើឲ្យលីនអាចរួចផុតពីកណ្តាប់ដៃព្រាននារីឪពុកព្រីមបាន។
លីន ស្ទើរតែមិនគួរឲ្យជឿថា ព្រីមអាចធ្វើរឿងស្មោគគ្រោកមកលើខ្លួនបែបនេះបាន ប៉ុន្តែនាងព្រឺមដែលជាកូនស្រីអ្នកមានទ្រព្យ ហាក់ដូចជា មិនញញើតនឹងពាក្យស្តីបន្ទោសរបស់លីនសូម្បីបន្តិច។ តើលីន អាចនឹងត្រូវជួបរឿងមិនល្អ ពីគំរោងការរបស់ព្រីម និងឪពុករបស់នាងទៀតឬយ៉ាងណា? ដើម្បីចង់ដឹងសាច់រឿងលម្អិត ល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង «កូនប្រុសបេះដូងពេជ្រ» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
រឿង«កូនប្រុសបេះដូងពេជ្រ»
ដោយ៖ សិរីរដ្ឋ