© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទាំងកម្សត់ ទាំងទទួលយកបទពិសោធន៍ក្នុងជីវិត ដូចជា តួអង្គស្រី ក្នុងរឿង« រសជាតិអ្នកមាន» នាងសុីថា ដែលកំពុងតែត្រូវរាជ មនុស្សប្រុសអាត្មានិយមបោកប្រាស់ ធ្លាក់ខ្លួនជាប់ផុងនឹងបញ្ហាដូចជាអំបោះរុំជំពាក់គ្នា រកមុខស្រាយមិនរួច។ ក្រោយពីរឿងរ៉ាវ រវាងរាជ និងរីយ៉ា ( កូនស្រីម្ចាស់ផ្ទះជួល) បានបាត់រសាត់ទៅ សុីថា នាងក៏ដាក់ចិត្ត មិនចាប់កំហុសរបស់រាជ ហើយព្យាយាមលួងចិត្តខ្លួនឯង ដើម្បីសុខភាពនាង និងកូនក្នុងផ្ទៃ។
គ្រប់យ៉ាង ដែលសុីថាគិតថា វានឹងអាចទៅមុខដោយរលូនពីទំនាក់ទំនងរវាងនាង និងរាជ ប៉ុន្តែការពិតគ្រប់បែបយ៉ាងត្រូវបានបង្ហាញឲ្យនាងឃើញកាន់តែច្បាស់ពីចរិត និងចិត្តពិតប្រាកដរបស់រាជ។ ថ្ងៃមួយ ជួនជាចៃដន្យ រាជបាននាំសុីថាទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យមួយកន្លែង។ គាប់ជួនជាពេលនោះ ហេឡែនក៏បានទៅសួរសុខទុក្ខអ្នកបម្រើរបស់ខ្លួនដែលទើបតែសម្រាលកូនរួច។ ពួកគេទាំងបីនាក់ ក៏បានជួបគ្នា ហើយអ្នកដែលត្រូវប្រឈមមុខនឹងស្នេហាត្រីកោណមួយនេះ គឺរាជខ្លួនឯងតែម្តង។
រាជ ស្រឡាំងកាំង មិនដឹងបកស្រាយប្រាប់ហេឡែន ថាសុីថា នាងត្រូវជាអ្វីនឹងខ្លួន ។ ប្អូនស្រីជីដូនមួយ ជាពាក្យដែលលឺចេញពីមាត់រាជ ហើយវាដូចជាកាំបិតដែលចាក់ទម្លុះបេះដូងសុីថាឲ្យបែកជាពីរ ដែលពាក្យនេះ រាជបានប្រាប់ទៅកាន់ហេឡែន ។ វាជាពាក្យដោះសាររបស់មនុស្សប្រុសកំពូលល្បិចដូចជារាជ ដែលគិតថា ខ្លួនមួយចង់ទិះទូកចម្លងដល់ទៅពីរ។
សុីថា ស្ទើរតែសន្លប់ ព្យាយាមទប់ចិត្ត ហាមឃាត់មិនហ៊ានតវ៉ានៅចំពោះមុខហេឡែនឡើយ បានត្រឹមតែឈរអួលដើមក និយាយពាក្យអ្វីិមិនចេញ។ នៅភាគបន្ទាប់ទៀតនេះ រាជ មិនត្រឹមតែមិនដកខ្លួនចេញពីហេឡែនប៉ុណ្ណោះទេ ថែមទាំងសុខចិត្តក្រាបសំពះសុីថា សុំទៅរៀបការជាមួយនឹងហេឡែន ហើយសុំឲ្យសុីថាលាក់រឿងនេះអាថ៌កំបាំង រង់ចាំថ្ងៃណាមួយនឹងមានឳកាសដោះស្រាយវិញ។ តើសុីថា នាងអាចទទួលយកពាក្យសំណើរមួយនេះរបស់រាជបានឬយ៉ាងណា? បើកូនក្នុងផ្ទៃរបស់រាជ ក៏កាន់តែមានអាយុច្រើនខែ ហើយខ្លួនក៏មិនដឹងជាទីពឹងអ្នកណា ក្រៅពីរាជ? ដើម្បីចង់ដឹងពីសាច់រឿងបន្តទៀត សូមរង់ចាំទស្សនាភាគបន្តក្នុងរឿង« រសជាតិអ្នកមាន» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ