© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគខ្មែរ រឿង «ចំណងអាពាហ៍ពិពាហ៍» កំពុងតែដុតអារម្មណ៍ទស្សនិកជន ជាពិសេសស្ត្រីជាភរិយាឲ្យកាន់តែជក់ចិត្តចង់ទស្សនាកាន់តែខ្លាំងឡើងៗ។
តួអង្គ មរកត ដែលជាប្រពន្ធដែលមានប្តីខិលខូចនឹងស្រីញី ប៉ុន្តែនាងនៅតែបំពេញតួនាទីជាប្រពន្ធដ៏ល្អ បើទោះបីជាមានការថ្នាំងថ្នាក់ចិត្តពីគ្រួសារខាងប្តីក៏ពិតមែន។ ឈុត មួយ ដែលប្តីរបស់នាងចេញទៅក្រៅ ហើយឆ្លៀតឱកាសក្នុងពេលនោះ រូបគេបាននៅជាមួយនឹងស្រីស្នេហ៍ ដោយនឹកស្មានថា មរកតមិនបានចាប់អារម្មណ៍ ព្រោះម្នាក់ៗសុទ្ធតែ រវល់ការងាររៀងៗខ្លួន។
ដូចពាក្យគេថា សត្វហើរលើមេឃ គង់មានគេបាញ់ធ្លាក់ដី ស្នេហាលួចលាក់ ក៏គង់គេដឹង គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។ ថ្ងៃនោះ បន្ទាប់ពីមិត្តភក្តិខលប្រាប់
មរកត ពីរូបភាពដែលប្តីរបស់ខ្លួនកំពុងតែទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងស្រី មរកតនាងក៏មិនអាចទប់ចិត្តនៅមួយកន្លែងបានឡើយ។ នៅត្រង់ឈុតនេះដែរ ដោយដឹងថា ប្រពន្ធតាមទាន់ ប្តីរបស់មរកតក៏បានគេចខ្លួនទុកឲ្យស្រីកំណាន់នៅតែម្នាក់ឯង។ មរកតទៅដល់ នាងក៏បានតទល់ជាមួយនឹងស្រីកំណាន់ម្នាក់ ហើយអ្វីដែលធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល គឺមរកត ដូចជាចាញ់ប្រៀបជាងស្រីម្នាក់នោះទៅវិញ។ ស្រីកំណាន់ ហាក់ដូចជាមិនញញើតនឹងមរកតសូម្បីបន្តិច ហើយថែមទៀត បោះសម្តីផ្លែផ្កាឲ្យនាងទៀតផង។ មរកតទប់កំហឹងមិនបាន នាងក៏បង្កជាអំពើហឹង្សារ វាយតប់ជាមួយស្រីកំណាន់ប្តីរបស់ខ្លួន ។ រូបភាពនេះ បងថ្លៃរបស់នាង បែរជាមិនមានចិត្តអាណិតនាង ផ្ទុយទៅវិញ ថែមទាំងមានគំនិតមួយថា មរកតនាងមិនមែនជាមនុស្សថ្លៃថ្នូរ យកខ្លួនទៅជ្រលក់ជាមួយស្រីកំណាន់ប្តី ។ មរកត មិនមានអ្នកគាំទ្រ ក្រៅពីមិត្តភក្តិទាំងបីរបស់នាងឡើយ ហើយប្តីរបស់នាង នៅតែលួចចេញទៅក្រៅមានស្រីញីរហូត។
សាច់រឿងបន្ទាប់ មរកតនឹងសម្រេចចិត្តមួយដែលធ្វើឲ្យខ្លួនមានសេរីភាពផ្លូវចិត្ត ដោយការលះបង់ក្តីស្រឡាញ់ចំពោះប្តីចោលឲ្យអស់។ តើ មរកត នាងនឹងគិតបែបណា ទាំងខ្លួនមានកូនជាមួយប្តីរួចទៅហើយ? ចុះចំណង អាពាហ៍ពិពាហ៍មួយនេះ នឹងមានដំណោះស្រាយបែបណា ទើបធ្វើឲ្យគូស្នេហ៍មួយគូនេះ រស់នៅដោយមានសុភមង្គលនោះ? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ចំណងអាពាហ៍ពិពាហ៍» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
ដោយ៖ សិរីរដ្ឋ