© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីថ្ងៃអាទិត្យ ទី ១៣សីហា កន្លងទៅ កម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានអញ្ជើញតួអង្គឯកសំខាន់ ក្នុងរឿង «ហ្លួងព្រះស្តេចកន» ចំនួន ២រូប គឺលោក រស់ សោភ័ណ និង កញ្ញា ឆុំ វត្តី ដើម្បីមកបង្ហាញពីចំណាប់អារម្មណ៍ សម្រាប់ការដើរតួ នៅក្នុងរឿងប្រវត្តិសាស្ត្រខ្នាតធំនេះ។ អ្នកទាំង ២ កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីបានបង្ហាញមុខ នៅក្នុងរឿងដែលដឹកនាំសម្តែងផ្ទាល់ ដោយឯកឧត្តម ម៉ៅ អាយុទ្ធ នេះ។ តារាសម្តែង ដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈទាំង ២ ត្រូវបានមហាជន មើលឃើញថា មានរូបរាង សាកសមជាខ្មែរអង្គរ ហើយមានសមត្ថភាពសម្តែងបានយ៉ាងល្អ។
ក្នុងកិច្ចសម្ភាសន៍ជាមួយពិធីករ កម្មវិធី «ស៊ីអារម្មណ៍» លោក រស់ សោភ័ណ្ឌ បាននិយាយថា លោកមិនដែលគិតថា លោកនឹងអាចក្លាយជាតួសំខាន់ ក្នុងរឿងបែបប្រវត្តិសាស្ត្រ «ហ្លួងព្រះស្តេចកន» នេះទេ។ ប៉ុន្តែនៅពេលដែលលោក បានទទួលដំណឹងថា លោកនឹងបានសម្តែងជាតួហ្លួងព្រះស្តេចកន ពិតជាធ្វើអោយលោកមានមោទនភាព និងរំភើបខ្លាំងមែនទែន។
មិនខុសគ្នាប៉ុន្មាន កញ្ញា ឆុំ វត្តី ដែលដើរតួជានាង ជីឡេង ក៏មានអារម្មណ៍រំភើប និងមិននឹកស្មានដល់ថាអាចក្លាយជាតួឯកសំខាន់ក្នុងរឿង «ហ្លួងព្រះស្តេចកន» ដែរ ដោយសារតែកញ្ញាទើបតែប្រឡូកចូលក្នុងវិស័យសិល្បៈ ហើយអាចសម្តែងជាមួយសិល្បកររៀមច្បង នៅក្នុងរឿង «ហ្លួងព្រះស្តេចកន» ដែលគេប្រសិទ្ធនាមថា ជាភាពយន្តហូលីវូដខ្មែរ។
លោក ហួត ស៊ីថង ជំនួយការទី១ផ្នែកដឹកនាំរឿងរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ បានប្រាប់ពីមូលហេតុ ២យ៉ាង ដែលឯកឧត្តមម៉ៅ អាយុទ្ធ សម្រេចចិត្តជ្រើសរើសយក លោក រស់ សោភ័ណ្ឌ និងកញ្ញា ឆុំ វត្តី សម្តែងជាតួអង្គសំខាន់នៅក្នុងរឿងនេះថា ទី១ ដោយសារលោក រស់ សោភ័ណ្ឌ ធ្លាប់បានសម្តែងជាតួ ព្រះបាទសូរ្យវរ្ម័នទី២ និងធ្លាប់សម្តែងក្នុងរឿងកុនបែបប្រវត្តិសាស្ត្រជាច្រើនទៀត។ ហើយទី២ ដោយសារតែ រូបរាងរបស់លោកសោភ័ណ ដែលមានមាឌធំក្រអាញ សាកសម ជាបុព្វបុរសខ្មែរសម័យបុរាណ។
ដោយឡែក សម្រាប់កញ្ញា ឆុំ វត្តី ដែលត្រូវដើរតួជានាងជីឡេង គឺតម្រូវអោយកញ្ញាកាន់ដាវ ជិះសេះ និងចេះក្បាច់គុន ហើយកញ្ញាធ្វើបានល្អពេលកំពុងហាត់សម ទើបបានជា ឯកឧត្តម ម៉ៅ អាយុទ្ធ សម្រេចចិត្តជ្រើសរើសយកកញ្ញាសម្តែងជាតួឯកតែម្តង។
សូមបញ្ជាក់ថា ភាពយន្តរឿង «ហ្លួងព្រះស្តេចកន» នឹងត្រូវចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី ១៨ខែសីហា នៅតាមបណ្តារោងភាពយន្តទំនើបៗជាច្រើនដូចជា៖ រោងភាពយន្ត Legend, Major Cineplex , Prime Cineplex , Platinum Cineplex និងបារាយណ៍អណ្តែតខេត្តសៀមរាប។
កម្មវិធី «ស៊ីអារម្មណ៍» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១:០០ ដល់ម៉ោង ១១:៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូកិច្ចសម្ភាសន៍ទាំងស្រុងសូមចុច៖
វគ្គ១
វគ្គ២
វគ្គ៣
ដោយ៖