© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគខ្មែរធំប្រចាំឆ្នាំ ២០២០ ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រឿង«ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ »ដែលបានអូសបន្លាយសាច់រឿងឆ្លងពីសម័យកាលមួយទៅសម័យកាលមួយទៀត។ ក្នុងនោះ តារាសម្តែងស្រីកញ្ញា សុិន យូប៊ីន នៅតែគ្រងតំណែងជាតួឯកដដែល ប៉ុន្តែវត្តមានតួអង្គស្រី ២ ដួងទៀត ក៏បានចូលខ្លួនមកក្នុងសាច់រឿង ដែលកាន់តែធ្វើឲ្យទស្សនិកជនចង់តាមដានទស្សនាបន្តទៀត នោះគឺ តួអង្គ សុីនួន និង តួអង្គ វីរ៉ា ។
បន្ទាប់ពីសាច់រឿង នៅក្នុងសម័យកាលលង្វែកបានរំលងផុតទៅ តួអង្គ សុភ័ក្រនាថ ដែលសម្តែងដោយ យូ ប៊ីន បានក្លាយជាតួអង្គថ្មីមួយទៀត ដែលក្នុងនោះ បើក្រលេកមើលពីការតុបតែងខ្លួនរបស់តួអង្គនេះ គឺនៅក្នុងសម័យអាណានិគមនិយមបារាំង ទាំងសម្លៀកបំពាក់ និងបែបបទនៃការសម្តែង។ ចំណែក តួអង្គ នាងសុីនួន ដែលត្រូវជាប្អូនស្រីបង្កើតរបស់ បូរិន គឺនាងជាមនុស្សរួសរាយទាក់ និងអ្វីដែលគួរឲ្យស្រឡាញ់នោះ គឺរូបសម្បត្តិដ៏ស្រស់សោភាពតែម្តង។
ផ្ទុយស្រឡះ ពីតួអង្គ វីរ៉ា ដែលសម្តែងដោយតារាសម្តែងស្រីសិចសុី កញ្ញា វ៉ាន់ វល័ក្ខ គឺជាតួអង្គកាចឆ្នាស់ឆ្នើម និងមានចរិតឈ្នានីសអ្នកដែលមានប្រៀបមកលើនាង។ តួអង្គ នាងវីរ៉ា គឺជាតួអង្គប្រជែងស្នេហ៍ជាមួយនឹង នឹងតួអង្គនាង សុភ័ក្រនាថ ។ បើក្រលេកមើលពីការតុបតែងខ្លួន ក៏ដូចជាសម្រស់វិញ យើងឃើញ តួអង្គស្រីទាំងបី បានបង្ហាញនូវភាពស្រស់ស្អាតបែបថ្លែថ្នូរ និងទាក់ទាញគួរឲ្យស្រឡាញ់ពីឈុតក្នុងសម័យកាលមួយនេះយ៉ាងខ្លាំង ។
យ៉ាងណាមិញ សម្រាប់សាច់រឿងនឹងបកស្រាយពីចំណងស្នេហាត្រីកោណ កាច់កុង ឌីដងផ្លែផ្កាបែបណានោះ សូមទស្សនិកជនរង់ចាំទស្សនានៅភាគបន្ទាប់ៗទៀត ដែលមានផ្សាយជូនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
ដោយ៖ សិរីរដ្ឋ