© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2021
ពណ៌ជីវិត ដែលជាខ្សែភាពយន្តភាគខ្មែរ កំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានបញ្ជូលនូវអារម្មណ៍មនោសញ្ចេតនាយ៉ាងខ្លាំងទៅដល់ទស្សនិកជន ជាពិសេស អ្នកដែលកំពុងតែជួបប្រទះនឹងបញ្ហាក្នុងជីវិតអាពាហ៌ពិពាហ៍។ ក្នុងនោះ តួអង្គ រាជ ដែលត្រូវបានសម្តែងដោយលោក ខាត់ វៃហាំង និងតួអង្គ លីកា សម្តែងដោយ សិទ្ធី នីកា គឺជាអតីតមិត្តរួមសាលា រហូតឈានដល់ចំណងស្វាមីភរិយា ស្របតាមច្បាប់។
អ្វីៗ គឺមិនទៀងទាត់ឡើយ ជាពិសេសស្នេហា ដែលអាចនឹងជួបនឹងឧបសគ្គរារាំងគ្រប់ជំពូក តាំងពីចាប់ផ្តើម រហូតដល់ទីបញ្ចប់ណាមួយ។ តួយ៉ាង ដូចជាជីវិតប្តីប្រពន្ធរបស់លីកា ដែលមកដល់ពេលនេះ នាងបានដើរដល់ផ្លូវមួយដែលមិនចុះសម្រុងនឹងគ្នារវាងស្វាមី និងខ្លួន។ ជាច្រើនឈុតឆាកនៃសាច់រឿងនេះ បានដុតអារម្មណ៍ទស្សនិកជនឲ្យចូលទៅក្នុងសាច់រឿង ប៉ុន្តែឈុតនៃវគ្គមួយដែលហាក់ដូចជាឆ្លុះបញ្ចាំងពិតៗពីបញ្ហានៅក្នុងគ្រួសារ សង្គ្រាមពាក្យសម្តី ផ្លែផ្កានោះ គឺត្រង់ឈុតដែល តួអង្គ រាជ និងលីកា ឈ្លោះទាស់ទែងគ្នា ដោយការមិនយល់ចិត្ត និងវត្តមានអ្នកទីបី ចូលមកដល់។ បើតាមសាច់រឿងនេះ តួអង្គ លីកា គឺជាភរិយាដែលមានចិត្តស្មោះត្រង់ចំពោះស្វាមី ប៉ុន្តែផ្ទុយទៅវិញ រាជបែរជាយល់ច្រឡំ ថាលីកាមានចិត្តផិតក្បត់ខ្លួនទៅវិញ។ ក្នុងឈុតនេះ លីកា នាងមានអារម្មណ៍ឈឺចាប់ នៅពេលដែលលឺពាក្យគ្រោធគ្រាត និងភាពសោះអង្គើយពីរាជ យ៉ាងខ្លាំង។
នៅភាគបន្ទាប់ ទស្សនិកជន នឹងបានទស្សនាសាច់រឿងបន្តទៀត ពីខ្សែជីវិតប្តីប្រពន្ធ លីកា និងរាជ ហើយតើ វត្តមានរបស់តួអង្គ នាង ចេនី ដែលជាអ្នកទីបី ពិតជាអាចបំបែកបំបាក់ចំណងស្នេហារបស់ភរិយាស្វាមី មួយគូនេះបានដែរឬយ៉ាងណា? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង ពណ៌ជីវិត ដែលមានផ្សាយជូនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមចុចត្រង់នេះដើម្បីទស្សនាវីដេអូ
ដោយ៖ សិរីរដ្ឋ